តាមរយៈសារព័ត៌មាន CNN បានបង្ហាញពីការសិក្សាស្រាវជ្រាវមួយថា អ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ ដែលធ្វើឱ្យរាងកាយមានភាពសកម្មនៅពេលថ្ងៃ គឺអាចជួយដល់ពួកគេក្នុងការគ្រប់គ្រងជាតិស្ករបានយ៉ាងល្អ។ ជាទូទៅ យើងដឹងហើយថា ការធ្វើលំហាត់ប្រាណ ឬធ្វើសកម្មភាពរាងកាយមាន គុណប្រយោជន៍ជាច្រើន ប៉ុន្តែចំណុចដែលសិក្សាស្រាវជ្រាវមួយនេះបានបន្ថែមនោះគឺ ការយល់ដឹងថ្មីមួយអំពីសារៈសំខាន់នៃពេលវេលាក្នុងការធ្វើលំហាត់ប្រាណ។
ក្រុមអ្នកស្រាវជ្រាវមកពីមជ្ឈមណ្ឌលជំងឺទឹកនោមផ្អែម Brigham និង Joslin បានសិក្សាទិន្នន័យពីមនុស្សជាង ២៤០០ នាក់ដែលលើសទម្ងន់ និងមានជំងឺទឹកនោមផ្អែមប្រភេទទី២ រកឃើញថា ក្នុងការសិក្សានៅឆ្នាំទី១ អ្នកជំងឺដែលធ្វើសកម្មភាពរាងកាយចាប់ពីកម្រិតមធ្យមទៅខ្លាំងនៅពេលថ្ងៃ កម្រិតជាតិស្ករក្នុងឈាមរបស់ពួកគេមានការថយចុះយ៉ាងខ្លាំង។
បើក្រឡេកមើលទិន្នន័យឆ្នាំទី ៤ នៃការសិក្សាស្រាវជ្រាវដដែល បានរកឃើញថា អ្នកជំងឺដែលបានហាត់ប្រាណនៅពេលថ្ងៃ បានថយចុះកម្រិតជាតិស្ករក្នុងឈាម ហើយជាពិសេសពួកគេអាចមានឱកាសខ្ពស់ ក្នុងការឈប់ប្រើថ្នាំបញ្ចុះជាតិស្ករថែមទៀតផង។
បន្ថែមពីនេះ យោងទៅតាមសាលាសុខភាពសាធារណៈរបស់ហាវ៉ាដ(Harvard) បានលើកឡើងនៅសកម្មភាពនានា ដែលស្ថិតនៅកម្រិតមធ្យម ដោយអ្នកជំងឺទឹកនោមផ្អែមអាចអនុវត្តនោះរួមមាន ការដើរ ការកាត់ស្មៅ និងលេងកីឡាវាយសីជាដើម។ ចំណែកឯសកម្មភាពដែលមានកម្រិតខ្លាំងនោះរួមមាន ការឡើងភ្នំ រត់ ទាត់បាល់ លេងបាល់ទះ ឬជិះកង់ប្រហែលពី ២២ ទៅ ២៥ គីឡូម៉ែត្រក្នុងមួយម៉ោង។
បើយោងតាមការឱ្យដឹងពីអង្គការសុខភាពពិភពលោកថា ជំងឺទឹកនោមផ្អែមប្រភេទទី ២ ជាប្រភេទជំងឺទឹកនោមផ្អែមទូទៅបំផុត ដែលកើតឡើងនៅពេលដែលរាងកាយមានភាពធន់នឹងអាំងស៊ុយលីន ឬពេលដែលរាងកាយមិនផលិតអាំងស៊ុយលីនបានគ្រប់គ្រាន់។
ហើយភាគច្រើនជំងឺនេះរកឃើញនៅក្នុងមនុស្សពេញវ័យ ដែលផ្សារភ្ជាប់នឹងអាយុ ភាពធាត់ ប្រវត្តិគ្រួសារ អសកម្មរាងកាយ និងជាតិសាសន៍។
បន្ថែមពីនេះ អ្នកជំងឺទឹកនោមផ្អែមអាចជួបផលវិបាក មួយចំនួនរួមមាន ការខូចសរសៃប្រសាទ មានបញ្ហាការមើល និងការស្តាប់ ជំងឺតម្រងនោម ជំងឺបេះដូង និងការស្លាប់មុនអាយុជាដើម។
សូមបញ្ជាក់ផងដែរថា ការស្រាវជ្រាវថ្មីនេះបានរកឃើញថា អ្នកជំងឺទឹកនោមផ្អែមប្រភេទទី ២ ដែលធ្វើសកម្មភាពរាងកាយជាប្រចាំ មិនថាពេលព្រឹក ថ្ងៃត្រង់ រសៀល ឬពេលល្ងាចនោះទេ គឺសុទ្ធតែទាក់ទងនឹងការថយចុះកម្រិតជាតិស្ករក្នុងឈាម។ ប៉ុន្តែការធ្វើលំហាត់ប្រាណពេលថ្ងៃ អាចបានទទួលបានអត្ថប្រយោជន៍ច្រើនជាង។
យ៉ាងណាមិញប្រសិនបើអ្នកកំពុងរស់នៅជាមួយជំងឺទឹកនោមផ្អែមប្រភេទទី ២ អ្វីដែលសំខាន់បំផុតនោះ អ្នកត្រូវស្វែងរកលំហាត់ប្រាណណាមួយដែលចូលចិត្ត និងអាចបញ្ជូលក្នុងទម្លាប់ប្រចាំថ្ងៃរបស់អ្នក មិនថាមុនពេលធ្វើការ សម្រាកអាហារថ្ងៃត្រង់ ឬពេលល្ងាចក៏ដោយ៕