en     km
en     km

តើការទទួលទានអាហារអាចព្យាបាលបញ្ហាដុំសាច់ក្នុងស្បូនបានដែរឬទេ?

Share

ស្រ្តីដែលមានដុំសាច់ក្នុងស្បូន អាចមានការឈឺចាប់ខ្លាំង និងមានហូរឈាមធ្ងន់ធ្ងរ។ ស្រ្តីប្រមាណ ៨០% អាចមានការវិវត្តដុំសាច់នេះ មុនពេលដែលស្រ្តីឈានដល់វ័យអស់រដូវ។
តាមការស្រាវជ្រាវមួយចំនួនបង្ហាញថា មានប្រភេទអាហារមួយចំនួនអាចកាត់បន្ថយហានិភ័យនៃការកើតដុំសាច់ និងជួយកាត់បន្ថយការឈឺចុកចាប់ និងការហូរឈាមជាដើម។ បន្ថែមពីនេះ ការផ្លាស់ប្តូររបបអាហារអាចបង្រួមដុំសាច់បានផងដែរ ព្រោះអាហារអាចកាត់បន្ថយបរិមាណអ័រម៉ូនដែលបង្កដុំសាច់នេះ។
ប្រសិនបើស្រ្តីមានបំណងបំបាត់ដុំសាច់ក្នុងស្បូន ឬ ចង់ធ្វើឱ្យរោគសញ្ញាប្រសើរជាងមុន ស្រ្តីគួរបរិភោគអាហារដែលមានឥទ្ធិពលប្រឆាំងនឹងដុំសាច់នេះ។

 

រូបភាពនេះមានប្រភពពីគេហទំព័រគ្លីនិច Cleveland នៃសហរដ្ធអាមេរិក

 

តាមគេហទំព័រគ្លីនិច Cleveland នៃសហរដ្ធអាមេរិកបានបង្ហាញពី អាហារដែលមានឥទ្ធិពលប្រឆាំងនឹងដុំសាច់ក្នុងស្បូនដូចតទៅ៖
១. បន្លែនិងផ្លែឈើ៖ ការទទួលទានបន្លែផ្លែឈើកាន់តែច្រើន អាចកាត់បន្ថយហានិភ័យនៃបញ្ហាសុខភាពជាច្រើន រួមមាន ជំងឺបេះដូង និងប្រភេទជំងឺមហារីកមួយចំនួន។ លើសពីនេះ ការទទួលទានបន្លែផ្លែឈើក៏អាចកាត់បន្ថយហានិភ័យនៃការកើតដុំសាច់ក្នុងស្បូនផងដែរ។
តាមការស្រាវជ្រាវមួយចំនួនបានបង្ហាញថាបន្លែផ្លែឈើអាចជួយបង្ការបញ្ហាដុំសាច់នេះ ដោយសារមានមូលហេតុមួយចំនួនដូចជា៖ ផ្លែឈើបន្លែមានជាតិសរសៃខ្ពស់ ដែលជួយឱ្យរាងកាយកម្ចាត់អរម៉ូនអ៊ឹស្ត្រូសែនដែលលើសទៅតាមរយៈលាមក ព្រោះអរម៉ូនអ៊ឹស្ត្រូសែនមាននាទីចិញ្ចឹមដុំសាច់ទាំងនោះ។ ម្យ៉ាងវិញទៀត បន្លែផ្លែឈើមានកាឡូរីទាប ដែលធ្វើឱ្យ BMI មានកម្រិតទាប ដែលមិនអាចបង្កើនកម្រិតអរម៉ូនអ៊ឹស្ត្រូសែននេះផងដែរ។ ចំណែកមូលហេតុផ្សេងទៀតគឺ បន្លែ ផ្លែឈើសម្បូរសារធាតុចិញ្ចឹមដូចជា វីតាមីន សារធាតុរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចរារាំងការលូតលាស់នៃដុំសាច់នេះ។
ដោយឡែក បន្លែ ផ្លែឈើ ទាំងអស់សុទ្ធតែមានអត្ថប្រយោជន៍សម្រាប់សុខភាព ប៉ុន្តែប្រភេទបន្លែ ផ្លែឈើដែលមានឥទ្ធិពលប្រយុទ្ធប្រឆាំងនឹងដុំសាច់មានដូចជា៖ ផ្លែប៉ោម ផ្កាខាត់ណា ស្ពៃក្តោប ប៉េងប៉ោះ និងពពួកផ្លែក្រូចដូចជា ក្រូចពោធិ៍សាត់ ក្រូចឆ្មា និងក្រូចថ្លុងជាដើម។

២. ផលិតផលទឹកដោះគោមានជាតិខ្លាញ់ទាប៖ ការស្រាវជ្រាវមួយចំនួនបានបង្ហាញថា ផលិតផលទឹកដោះគោដែលសម្បូរជាតិកាល់ស្យូមអាចកាត់បន្ថយហានិភ័យបញ្ហាដុំសាច់។ ដូចច្នេះ ស្រ្តីគួរទទួលទានទឹកដោះគោដែលមានជាតិខ្លាញ់ទាប ឬគ្មានជាតិខ្លាញ់ ក្នុងមួយថ្ងៃឱ្យបាន ៣ ដង។ ជាពិសេស ស្រ្តីគួរជ្រើសទឹកដោះគោយ៉ាអួដែលមាន probiotics ដែលមានបាក់តេរីមានប្រយោជន៍ដែលធ្វើឱ្យពោះវៀនមានសុខភាពល្អ។

និងចុងក្រោយគឺ អាហារដែលមានវីតាមីន D ៖ ស្រ្តីដែលមានដុំសាច់ក្នុងស្បូន ត្រូវបានគេសង្កេតឃើញថាភាគច្រើនមាន កង្វះវីតាមីន D។ ដូច្នេះវីតាមីន D មានសារៈសំខាន់ណាស់ក្រៅពីសុខភាពឆ្អឹង ប្រព័ន្ធភាពស៊ាំ និងសរសៃប្រសាទ វីតាមីន D ក៏មានសារៈសំខាន់ក្នុងករណីបញ្ហាដុំសាច់នេះផងដែរ។ ការស្រាវជ្រាវមួយចំនួនបានបង្ហាញថា ការទទួលបានវីតាមីន D គ្រប់គ្រាន់អាចកាត់បន្ថយហានិភ័យនៃដុំសាច់បាន។

ដោយឡែកប្រភពអាហារនៃវីតាមីន D រួមមាន៖ ត្រីធូណា ត្រីសាម៉ុង ទឹកដោះគោ ទឹកដោះគោជូរ ទឹកសណ្តែក ទឹកអាល់ម៉ុន ឬទឹកដូង។
ជាចុងបញ្ចប់នៃអត្ថបទនេះ តាមគេហទំព័រគ្លីនិច Clevelandក៏បានលើកឡើងផងដែរថា ស្រ្តីដែលមានជំងឺដុំសាច់ក្នុងស្បូនមិនត្រូវប្រើថ្នាំបំប៉នឬទទួលយកដំបូន្មានរបស់នរណាម្នាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីព្យាបាល ឬបង្រួមដុំសាច់នោះទេ ព្រោះមិនមានភ័ស្តុតាងអ្វីដែលអាចបង្ហាញថាអាហារបំប៉នអាចព្យាបាល ឬអាចបង្រួមដុំសាច់នោះ។

ម៉្យាងវិញទៀត ស្រ្តីដែលមានជំងឺដុំសាច់ក្នុងស្បូនក្រៅពីទទួលទានអាហារឥទ្ធិពលប្រឆាំងនឹងដុំសាច់ ស្រ្តីក៏ត្រូវធ្វើលំហាត់ប្រាណ ឬធ្វើចលនារាងកាយឱ្យបានច្រើន។ ស្រ្តីអាចចាប់ផ្តើមចលនាប្រចាំថ្ងៃដូចជាការដើរដោយបូកផ្សំនឹងការផ្លាស់ប្តូររបបអាហារ នោះនឹងអាចអាចកាត់បន្ថយរោគសញ្ញានៃបញ្ហាដុំសាច់ក្នុងស្បូននេះ។
លើសពីនេះការធ្វើលំហាត់ប្រាណបានទៀងទាត់អាចបង្កើនអរម៉ូន endorphins ដែលជាថ្នាំបំបាត់ការឈឺចាប់ពីធម្មជាតិ ហើយផ្តល់អត្ថប្រយោជន៍ដល់សុខភាពផ្លូវចិត្តបានទៀតផង៕

Share

ព័ត៌មានទាក់ទង

Image