en     km
en     km

ផ្ទាំងទឹកកក៨០%នៅភ្នំហិម៉ាល័យនឹងរលាយ ប្រសិនបើកំដៅផែនដីនៅតែបន្តកើនឡើង

Share

 

យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលអន្តរជាតិនៅថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០២៣នេះថា ផ្ទាំងទឹកកកនៅជួរភ្នំហិមពាន្តឬភ្នំហិមាល័យ Kush Himalayan កំពុងរលាយក្នុងអត្រាដែលមិនធ្លាប់មានពីមុនមក ជាពិសេសអាចនឹងបាត់បង់ផ្ទាំងទឹកកករហូតដល់ទៅ ៨0% ប្រសិនបើការបំភាយឧស្ម័នផ្ទះកញ្ចក់នៅតែមិនអាចកាត់បន្ថយបាន។

(កញ្ញា កែវ សុជាតា រាយការណ៍)

តាមរបាយការណ៍របស់មជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍តំបន់ភ្នំ ដែលមានមូលដ្ឋាននៅរដ្ឋធានី Kathmandu​ នៃប្រទេសនេប៉ាល់បានព្រមានសកលលោកថា ទឹកជំនន់ និងការបាក់ផ្ទាំងទឹកកកនឹងបន្តកើនឡើងបន្ថែមទៀតនៅប៉ុន្មានឆ្នាំខាងមុខនេះ។ ក្នុងចំណោមការរកឃើញសំខាន់ៗពីរបាយការណ៍ដែលចុះផ្សាយនៅថ្ងៃអង្គារ ទី២០ ខែមិថុនានេះថា ផ្ទាំងទឹកកកនៅភ្នំហិម៉ាល័យបានបាត់ ៦៥% ដែលមានចំនួនច្រើនជាងឆ្នាំៗមុន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Associated Press។

តាមប្រភពសារព័ត៌មានដដែលបានឱ្យដឹងថា បឹងទឹកកកចំនួន ២00 កន្លែងនៅតំបន់ជួរភ្នំទាំងនេះ​ត្រូវបានចាត់ចូលក្នុងតំបន់មានគ្រោះថ្នាក់ ដោយសារការសិក្សាស្រាវជ្រាវឃើញថា តំបន់ទាំងនេះអាចនឹងប្រឈមនឹងទឹកជនលិចពីការរលាយនៃផ្ទាំងទឹកកក។ ក្នុងនោះដែរ មនុស្សជិត២ពាន់លាននាក់កំពុងស្នាក់អាស្រ័យនៅតាមដងទន្លេ ដែលទទួលប្រភពទឹកពីតំបន់ជួរភ្នំ នឹងត្រូវរងផលប៉ះពាល់យ៉ាងខ្លាំង ដូចជាខ្វះទឹកសាបសម្រាប់ប្រើប្រាស់ជាដើម។

ជាការកត់សម្គាល់ ទឹកកក និងព្រិលនៅក្នុងជួរភ្នំហិម៉ាល័យ Kush Himalayan គឺជាប្រភពទឹកដ៏សំខាន់សម្រាប់ទន្លេទាំងនោះ ដ្បិតប្រព័ន្ធធារាសាស្រ្តនេះត្រូវហូរកាត់ប្រទេសចំនួន ១៦ ផ្សេងៗគ្នានៅក្នុងទ្វីបអាស៊ី ជាពិសេសបានផ្គត់ផ្គង់ទឹកសាបដល់មនុស្សចំនួន ២៤0 លាននាក់ដែលកំពុងរស់នៅនៅលើជួរភ្នំ រួមបញ្ចូលទាំងប្រជាពលរដ្ឋ ១.៦៥ ពាន់លាននាក់ដែលរស់នៅតាមបណ្តោយជើងភ្នំ។

ទន្ទឹមគ្នានេះដែរ លោកស្រី Amina Maharjan អ្នកឯកទេសផ្នែកអន្តោប្រវេសន៍ និងជាអ្នកសិក្សាស្រាវជ្រាវទាក់ទិននឹងរបាយការណ៍ខាងលើបាននិយាយថា ប្រជាពលរដ្ឋដែលរស់នៅនៅលើភ្នំទាំងអស់នេះ កំពុងតែប្រឈមនឹងបញ្ហាការកើនឡើងនៃកំដៅផែនដី ដោយសារតែការប្រែប្រួលអាកាសធាតុ។ លោកស្រីបន្តថា ពួកគេកំពុងខិតខំប្រឹងប្រែងសម្របខ្លួន ក៏ប៉ុន្តែបច្ចុប្បន្ននេះជួយអ្វីមិនបានទាំងស្រុងឡើយ ពោលគឺប្រសិនបើមិនមានចំណាត់ការ ជួយការពារ និងគាំទ្រយ៉ាងពេញទំហឹងនោះទេ សហគមន៍ទាំងនេះនឹងមិនអាចដោះស្រាយបញ្ហាទាំងនេះឱ្យបានទាន់ពេលវេលានោះឡើយ។

សូមជម្រាបថា របាយការណ៍មុនៗជាច្រើនបានគូសបញ្ជាក់ឱ្យឃើញថា តំបន់គ្រីអូស្ពែរ (Cryosphere) គឺជាតំបន់នៅលើផែនដីមួយ ដែលគ្របដណ្តប់ពោរពេញទៅដោយព្រិលនិងទឹកកក។ តំបន់នេះស្ថិតនៅក្នុងចំណោមតំបន់មួយ ដែលកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត ដោយសារការប្រែប្រួលអាកាសធាតុ។ ដោយឡែក តាមការស្រាវជ្រាវថ្មីៗនេះបានរកឃើញថា ផ្ទាំងទឹកកករបស់ភ្នំអេវឺរេស បានបាត់បង់ទឹកកកមានអាយុកាល ២,000 ឆ្នាំក្នុងរយៈពេលត្រឹមតែ ៣0 ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ៕

ប្រភព៖ AP ចុះថ្ងៃអង្គារ ទី២០ ខែមិថុនា​ ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image