en     km
en     km

ឥណ្ឌាបញ្ជា​ទិញ​យន្តហោះដឹកអ្នកដំណើរ​ច្រើនបំផុត

Share

ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា IndiGo បានបញ្ជាទិញយន្តហោះ Airbus A320 ចំនួន៥០០គ្រឿង ដែលជាកិច្ចព្រមព្រៀងទិញដ៏ធំបំផុតក្នុងប្រវត្តិសាស្រ្តអាកាសចរណ៍។កិច្ចព្រមព្រៀងនេះបានធ្វើឡើងនៅថ្ងៃដំបូងនៃកម្មវិធី Paris Airshow ដែលមានតម្លៃប្រហែល៥៥ពាន់លានដុល្លារសហរដ្ឋអាមេរិក​កាលពីថ្ងៃចន្ទទី១៩ មិថុនា ឆ្នាំ២០២៣។

ពេលនេះក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា IndiGo បានកក់ប្រាក់និងបញ្ជាទិញយន្តហោះសរុបចំនួន ១.៣៣០គ្រឿងពីក្រុមហ៊ុន Airbus តែមួយ។គេរំពឹងថានឹងអាចផលិតរួចរាល់នៅចន្លោះឆ្នាំ ២០៣០ និង ២០៣៥។ក្រុមហ៊ុនដឹកជញ្ជូនIndiGo បាននិយាយថាការទិញយន្តហោះថ្មីជួយឱ្យក្រុមហ៊ុនអាចកាត់បន្ថយការចំណាយប្រតិបត្តិការរបស់ខ្លួន។

ឥណ្ឌាគឺជាទីផ្សារអាកាសចរណ៍ដែលកំពុងមានការរីកចម្រើន ដោយអ្នកវិភាគមួយចំនួននិយាយថា ឥណ្ឌាកំពុងជំនួសប្រទេសចិនបន្ទាប់ពីឧស្សាហកម្មអវកាស។ប្រទេសនេះត្រូវបានគេរំពឹងថានឹងក្លាយជាប្រទេស G20 ដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។

យោងតាមអ្នកវិភាគ​ប្រជាជនឥណ្ឌាជាង១៤០០លាននាក់ មានប្រហែល៥% ដែលធ្លាប់ជិះយន្តហោះ។ទោះយ៉ាងណាចរាចរណ៍ផ្លូវអាកាសនៅក្នុងប្រទេសឥណ្ឌាបាននិងកំពុងកើនឡើងយ៉ាងខ្លាំងនៅពេលដែលប្រាក់ចំណូលប្រជាជនមានការកើនឡើងដែរ។

កាលពីខែកុម្ភៈ ក្រុមហ៊ុនអាកាសចរណ៍ Air India ដែលជាគូប្រជែងរបស់ IndiGo បានបញ្ជាទិញយន្តហោះចំនួន ៤៧០គ្រឿងដែរពីក្រុមហ៊ុនAirbus និង Boeing ។ការបញ្ជាទិញយន្តហោះទាំងនេះបង្ហាញពីទំនុកចិត្តលើឧស្សាហកម្មអាកាសចរណ៍ បន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ-១៩។

ថ្មីៗនេះ ក្រុមហ៊ុន Ryanair និង Saudi start-up Riyadh Air ក៏បានបញ្ជាទិញយន្តហោះខ្នាតធំផងដែរ។ ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍ពេលនេះហាក់ដូចជាចង់វិនិយោគទិញយន្តហោះថ្មីៗបន្ថែមទៀត។ជាមួយគ្នានេះក្រុមហ៊ុនផលិតយន្តហោះកំពុងព្យាយាមផលិតឱ្យបានលឿនទាន់ពេលវេលា ពីព្រោះខ្សែសង្វាក់ផ្គត់ផ្គង់នៅតែរំខានដោយជំងឺកូវីដនៅឡើយ។

ព្រឹត្តិការណ៍នេះអាចថាជាការបញ្ជាទិញដ៏គួរឱ្យភ្ញាក់ផ្អើលបំផុត ហើយអាចមានការបញ្ជាទិញថ្មីៗបន្ថែមទៀត។ទីផ្សារក្រុមហ៊ុនអាកាសចរណ៍ត្រូវបានផ្អាកក្នុងអំឡុងពេលនៃការរាត​ត្បាតនៃជំងឺកូវីដ ប៉ុន្តែឥឡូវនេះក្រុមហ៊ុនដឹកជញ្ជូនតាមអាកាសកំពុងមមាញឹកឡើងវិញ៕

ប្រភព៖ BBC ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image