en     km
en     km

មនុស្សជិត១០០នាក់បានស្លាប់ ដោយសាររលកកំដៅនៅប្រទេសឥណ្ឌា

Share

LUCKNOW ប្រទេសឥណ្ឌា៖ ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃអាទិត្យទី១៨ ខែមិថុនា ឆ្នាំ២០២៣ថាយ៉ាងហោចណាស់មនុស្ស ៩៦ នាក់បានស្លាប់នៅក្នុងរដ្ឋចំនួនពីរ ដែលមានប្រជាជនច្រើនជាងគេក្នុងប្រទេសឥណ្ឌាក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។

ចំនួនមនុស្សស្លាប់បានកើនឡើងនៅភាគខាងជើងរដ្ឋ Uttar Pradesh និងភាគខាងកើតនៃរដ្ឋBihar ជាកន្លែងដែលអាជ្ញាធរបានប្រាប់ប្រជាជនដែលមានអាយុលើសពី៦០ឆ្នាំ និងអ្នកមានជំងឺផ្សេងៗឱ្យស្នាក់នៅក្នុងផ្ទះកុំចេញក្រៅ។គ្រាន់តែរដ្ឋ Uttar Pradeshមួយមានអ្នកស្លាប់ដោយសាររលកកំដៅសរុប៥៤ នាក់ ភាគច្រើននៅស្រុក Ballia ចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុង Lucknow។អាជ្ញាធរ​បានឱ្យដឹងថាអ្នកស្លាប់ភាគច្រើនមានអាយុលើសពី៦០ឆ្នាំ និងអ្នកមានសុខភាពទន់ខ្សោយ។

លោក​ S. K. Yadav មន្ត្រីសុខាភិបាលនៅស្រុក Ballia បាននិយាយថា ក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ អ្នកជំងឺប្រហែល ៣០០ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យស្រុក ដោយសារអ្នកជំងឺមានសភាពកាន់តែធ្ងន់ធ្ងរដែលបណ្ដាលមកពីរលកកំដៅ។

ដោយសារស្ថានការណ៍កាន់តែធ្ងន់ធ្ងរ អាជ្ញាធហាមបុគ្គលិកពេទ្យនៅស្រុក Ballia សុំឈប់សម្រាកនិងបានបន្ថែមគ្រែពេទ្យសម្រាប់បន្ទប់សង្គ្រោះបន្ទាន់ ដើម្បីតម្រូវតាមកំណើននៃអ្នកជំងឺ។ក្រុមមន្ត្រីបាននិយាយថា ភាគច្រើននៃអ្នកជំងឺគឺមានអាយុចាប់ពី៦០ឆ្នាំឡើងមានរោគសញ្ញាដូចជា គ្រុនក្តៅខ្លាំង ក្អួត រាគ ពិបាកដកដង្ហើម និងបញ្ហាទាក់ទងនឹងបេះដូង។

លោក R.S. Pathak អ្នកស្រុក Ballia ដែលបានបាត់បង់ឪពុកកាលពីថ្ងៃសៅរ៍បាននិយាយថាលោកបានឃើញចំនួនអ្នកជំងឺកើនឡើងនៅបន្ទប់សង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យ។“រឿងបែបនេះមិនធ្លាប់កើតមាននៅ Ballia ទេ។​ ខ្ញុំ​មិន​ដែល​ឃើញ​មនុស្ស​ស្លាប់​ដោយសារ​កម្តៅ​​ច្រើន​បែប​នេះ​ទេ»។ “មនុស្សមានការភ័យខ្លាច នៅតាម​​ផ្លូវ និង​ផ្សារ​ភាគច្រើន​ស្ងាត់អត់មានមនុស្ស​»​។ស្រុក Ballia រួម​ទាំង​រដ្ឋ Uttar Pradesh ភាគ

​កណ្តាល និង​ភាគ​ខាង​កើត​កំពុង​តែ​ប្រឈម​នឹងរលក​កម្ដៅខ្លាំង។

 កាល​ពី​ថ្ងៃ​អាទិត្យស្រុក​Ballia មាន​សីតុណ្ហភាព​អតិបរិមា​៤៣​អង្សា​សេ ដែល​លើស​ពី​កម្រិត​ធម្មតា​៥​អង្សា​។ លោក Atul Kumar Singh អ្នកវិទ្យាសាស្ត្រមកពីនាយកដ្ឋានឧតុនិយមឥណ្ឌា ឬ IMD បាននិយាយថា បច្ចុប្បន្នសីតុណ្ហភាពនៅទូទាំងរដ្ឋ Uttar Pradesh គឺខ្ពស់ជាងធម្មតា។ លោក​បាន​បន្ថែម​ថា “​គេ​រំពឹងថាគ្មាន​ការថយចុះទេ​ក្នុង​រយៈពេល ២៤ម៉ោង​បន្ទាប់​”។ IMD បាន​​ប្រកាស​អាសន្ន​ដោយ​និយាយ​ថា​​រលក​កម្ដៅ​នឹង​មាន​រហូត​ដល់​ថ្ងៃ​ទី ១៩ ខែ​មិថុនា នៅ​ផ្នែក​ខ្លះ​នៃ​រដ្ឋ Uttar Pradesh។រដ្ឋមន្ត្រីសុខាភិបាលរបស់រដ្ឋ Uttar Pradesh លោក Brijesh Pathak បាននិយាយថា ពួកគេបើកការស៊ើបអង្កេតពីមូលហេតុនៃការស្លាប់ “មនុស្សជាច្រើន” នៅស្រុក Ballia ។ នៅភាគខាងកើតនៃរដ្ឋ Bihar កំពុងទទួលរងនូវរលកកំដៅខ្លាំងដែរ ដែលនាំឱ្យមានមនុស្សស្លាប់៤២នាក់ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ។ ក្នុងចំណោមអ្នកស្លាប់មាន៣៥នាក់នៅមន្ទីរពេទ្យចំនួនពីរក្នុងក្រុងប៉ាតាណា ដែលមានអ្នកជំងឺជាង ២០០នាក់ មានជំងឺរាគរូស និងក្អួតកំពុងទទួលការព្យាបាល។ទីក្រុងប៉ាតាណាកាលពីថ្ងៃអាទិត្យទី១៨ មិថុនា ឆ្នាំ២០២៣ សីតុណ្ហភាពកើនដល់៤៤.៧ អង្សាសេ។ សូមរំឭកផងដែរថា កាលពីខែមេសា រលកកំដៅបានបណ្តាលឱ្យមនុស្ស ១៣ នាក់ស្លាប់នៅក្នុងរដ្ឋធានីហិរញ្ញវត្ថុរបស់ឥណ្ឌគឺ​ទីក្រុងបុមបៃ ហើយបានធ្វើឱ្យរដ្ឋមួយចំនួនបង្ខំចិត្តបិទទ្វារសាលារៀនទាំងអស់ក្នុង​រយៈពេលមួយសប្តាហ៍៕

ប្រភព៖ C N A ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៣

Share

ព័ត៌មានទាក់ទង

Image