en     km
en     km

តើយុវជនមានសម្ពាធផ្លូវចិត្តយ៉ាងណាអំឡុងផ្ទុះជំងឺកូវីដ១៩?

Share

 

អ្នកស្រាវជ្រាវអាមេរិកបានគូសបង្ហាញពីរបាយការណ៍ស្រាវជ្រាវស្តីពីផ្លូវចិត្តរបស់យុវជនក្នុងយុគសម័យជំងឺរាតត្បាតកូវីដ១៩ ថា នៅអំឡុងពេលផ្ទុះជំងឺរាតត្បាតកូវីដ១៩ ប្រជាពលរដ្ឋទូទាំងសកលលោកជួបបញ្ហាហិរញ្ញវត្តុ ភាពអត់ឃ្លាន កង្វះថ្នាំសង្កូវ ជាពិសេសប៉ះពាល់ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តថែមទៀតផង។ តើយុវជនមានសម្ពាធផ្លូវចិត្តយ៉ាងដូចម្តេច អំឡុងពេលកើតមានជំងឺនេះ? សូមនាងកញ្ញា លោកលោកស្រី អញ្ជើញស្តាប់ការអធិប្បាយរបស់នាងខ្ញុំដូចតទៅ៖

បើយោងតាមអង្គការសុខភាពពិភពលោក (WHO) បានរាយការណ៍ថា ជំងឺកូវីដ១៩ គឺជាជំងឺឆ្លងផ្លូវដង្ហើម ដែលធ្វើឱ្យប៉ះពាល់ដល់សួតធ្ងន់ធ្ងរ ហើយត្រូវបានរកឃើញដំបូងនៅទីក្រុងវូហាន ខេត្តហ៊ុយបេ នៃសាធារណៈរដ្ឋប្រជាមានិតចិន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។ ជំងឺនេះបានរាតត្បាតទូទាំងសកលលោក ចាប់ពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។
នៅក្នុងនោះដែរ ប្រជាពលរដ្ឋទូទាំងសកលលោកជាង ៧ រយលាននាក់បានឆ្លងជំងឺកូវីដ១៩ រីឯអ្នកស្លាប់ដោយជំងឺនេះមានចំនួនជិត ៧លាននាក់។ នេះបើតាមរបាយការណ៍ទិន្នន័យរបស់អង្គការសុខភាពពិភពលោករាយការណ៍គិតត្រឹមម៉ោង៣:២០នាទីរសៀលនៅថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០២៣។
ក្រៅពីការស្លាប់ដោយសារការឆ្លងជំងឺកូវីដ១៩ ប្រជាពលរដ្ឋមួយផ្នែកទៀតមានបញ្ហាផ្លូវចិត្តជាទម្ងន់ ខណៈពួកគេមានសម្ពាធទាក់ទងនឹងការងារ ប្រាក់ចំណូល ស្បៀងអាហារ ថ្នាំសង្កូវ និងការបាត់បង់មនុស្សជាទីស្រឡាញ់នៅអំឡុងពេលផ្ទុះការរាតត្បាតជាដើម។


តាមរបាយការណ៍របស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិកបានសង្កេតឃើញថា នៅអំឡុងពេលផ្ទុះការរាតត្បាត ប្រជាពលរដ្ឋអាមេរិកមួយចំនួនបានសម្រេចចិត្តធ្វើអត្តឃាត និងហ៊ានចេញធ្វើសកម្មភាពសម្លាប់មនុស្ស ឆក់ប្លន់ ដើម្បីតែបានប្រាក់កាកជួយទំនុកបម្រុង និងចិញ្ចឹមក្រពះរបស់ខ្លួន និងក្រុមគ្រួសារ។
ទន្ទឹមគ្នានេះដែរ លោកវេជ្ជបណ្ឌិត Steven Woolf ជាអ្នកសិក្សាស្រាវជ្រាវពីនិន្នាការការស្លាប់នៅក្នុងសហរដ្ឋអាមេរិកនៅសាលាសាកលវិទ្យាល័យ Virginia Commonwealth បាននិយាយថា អត្រានៃអ្នកស្លាប់ដោយសារការធ្វើអត្តឃាត ជាក្តីព្រួយបារម្ភមួយ ដែលស្តែងឡើងពីកត្តាសុខភាពផ្លូវចិត្តរបស់ប្រជាពលរដ្ឋ ជាពិសេសនៅក្នុងស្រទាប់យុវវ័យ។ អ្នកជំនាញដដែលបានលើកឡើងថា កត្តាដែលជំរុញពួកគេពិតនោះ អាចជាកម្សោយនៃការផ្តល់សេវាសុខភាពផ្លូវចិត្ត ពោលគឺជនរងគ្រោះពុំអាចទទួលបានការប្រឹក្សាឱ្យបានត្រឹមត្រូវជាទីគាប់ចិត្តរបស់ពួកគេនោះទេ។
ភ្ជាប់នឹងសេចក្តីខាងលើ លោកវេជ្ជបណ្ឌិត Madhukar Trivedi ជាគ្រូពេទ្យវិកលចរិតនៅសាកលវិទ្យាល័យ Texas Southwestern Medical Center បានគូសបញ្ជាក់ថា ហេតុផលអាចពិបាកនឹងបញ្ជាក់ ក៏ប៉ុន្តែភាពឯកោនៅអំឡុងពេលផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩ គួបផ្សំនឹងការបិទខ្ទប់ និងធ្វើចត្តាឡីស័ក អាចជាមូលហេតុចម្បងនៃការធ្វើអត្តឃាត។


លោកបន្ថែមទៀតថា មនុស្សជាច្រើនយល់ច្រឡំថាប្រសិនបើនរណាបាននិយាយជាមួយមនុស្សកំពុងមានជំងឺធ្លាក់ទឹកចិត្ត អ្នកជំងឺទាំងនេះនៅបន្តធ្លាក់ទឹកចិត្ដបន្ថែមទៀត។ ក៏ប៉ុន្តែ លោកវេជ្ជបណ្ឌិតបានបដិសេធ និងបន្តថា កាលណាយើងអាចកំណត់អត្តសញ្ញាណអ្នកជំងឺ ឬអាចកំណត់អត្តសញ្ញាណអ្នកត្រូវការជំនួយបាន ពួកគេមានឱកាសកាន់តែច្រើនក្នុងការសង្គ្រោះជីវិតរបស់អ្នកប៉ុនប៉ងធ្វើអត្តឃាតទាំងនេះ។
ដោយឡែក បើតាមរបាយការណ៍ទិន្នន័យរបស់នាយកដ្ឋានប្រយុទ្ធប្រឆាំងជម្ងឺឆ្លងរបស់សហរដ្ឋអាមេរិក CDC បានឱ្យដឹងថា នៅក្នុងឆ្នាំ២០១៩ អត្រាអ្នកស្លាប់នៅក្នុងចំណោមមនុស្សពីអាយុ ២0-២៤ ឆ្នាំ បានកើនឡើង ៣៤% បើធៀបទៅនឹងឆ្នាំ២0២0។ ចំណែកឆ្នាំ២០២១ ក្មេងជំទង់ពី១០-១៩ឆ្នាំបានស្លាប់ដោយសារការធ្វើអត្តឃាតមានចំនួន ២៩០០នាក់, វ័យពី២០-២៤ឆ្នាំមានចំនួន៤២០០នាក់។
បើតាមរបាយការណ៍ទិន្នន័យរបស់ CDC ដដែលបានបញ្ជាក់ថា ចំពោះជនជាតិស្បែកខ្មៅ និងជនជាតិអេស្ប៉ាញ ដែលរស់នៅក្នុងសហរដ្ឋអាមេរិកវិញ ពុំមានអត្រាកើនឡើងនៃអ្នកស្លាប់ដោយសារធ្វើអត្តឃាតសោះឡើយ៕

ប្រភព៖ AP ចុះថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image