en     km
en     km

យ៉ាងហោចណាស់មនុស្សពីរនាក់បានស្លាប់ដោយសារព្យុះស៊ីក្លូននៅប្រទេសឥណ្ឌា

Share

អាជ្ញាធរឥណ្ឌាបានរាយការណ៍ថា យ៉ាងហោចណាស់មនុស្សពីរនាក់បានស្លាប់ និង​មនុស្សចំនួន ២២ នាក់ទៀតបានរងរបួសធ្ងន់ស្រាល បន្ទាប់ពីព្យុះស៊ីក្លូន Biparjoy បានបោកបក់មកលើភាគខាងលិចនៃប្រទេសឥណ្ឌា។

(កញ្ញា កែវ សុជាតា រាយការណ៍)

បើយោងតាមសារព័ត៌មាន BBC បានឱ្យដឹងថា កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៣ ព្យុះស៊ីក្លូន Biparjoy បានបោកបក់មកលើឆ្នេរសមុទ្ររដ្ឋ Gujarat ជ ដែលបណ្តាលឱ្យមានខ្យល់ និងភ្លៀងធា្លក់យ៉ាងខ្លាំង។ នៅក្នុងនោះដែរ ​​ដើមឈើជាច្រើនដើមបានដួលរលំ​បង្គោល​ដាច់ខ្សែភ្លើងជាច្រើនកន្លែង និង​ផ្លូវថ្នល់នៅក្នុងតំបន់រដ្ឋ Gujarat មួយចំនួនត្រូវបាន​បំផ្លាញស្ទើរតែទាំងស្រុង។

យ៉ាងណាមិញ មន្រ្តីសមត្ថកិច្ចឥណ្ឌា​បាន​បញ្ជាក់​ថា មកទល់នឹងពេលនេះ លោកពុំទាន់បានដឹងច្បាស់ពីទំហំ​នៃ​ការ​ខូច​ខាត​ទាំង​ស្រុង​​នៅ​ឡើយ​ទេ។ ក៏ប៉ុន្តែ ជាអកុសល មនុស្ស២នាក់បានស្លាប់នៅក្នុងព្យុះស៊ីក្លូន Biparjoy នេះ និងមនុស្ស ២២ នាក់ផ្សេងទៀត បានរងរបួសធ្ងន់ស្រាល ដែលបច្ចុប្បន្ន ពួកគេកំពុងសម្រាកនៅក្នុងមន្ទីរពេទ្យ ដើម្បីតាមដានសុខភាព។

ទន្ទឹមគ្នានេះដែរ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយបានរាយការណ៍ថា កសិដ្ឋានចិញ្ចឹមគោចំនួនពីរទីតាំងនៅក្នុងទីក្រុង Bhavnagar ប្រទេសឥណ្ឌា បានបាត់គោភ្លាមៗ បន្ទាប់ពីព្យុះបានបង្កជាទឹកជំនន់ជនលិចទីតាំងកើតហេតុ។

ដោយឡែក នៅប្រទេសប៉ាគីស្ថានវិញ មិនទាន់មានទិន្នន័យជាក់លាក់ពីអ្នកស្លាប់ក្នុងគ្រោះព្យុះស៊ីក្លូននេះនៅឡើយទេ ក៏ប៉ុន្តែមនុស្សជាង ៨0,000 នាក់បានជម្លៀសផ្លាស់ទីលំនៅចាកចេញពីផ្ទះសម្បែងដែលនៅបណ្តោយឆ្នេរសមុទ្រក្នុងទីក្រុង Sindh ប្រទេសប៉ាគីស្ថាន។

សូមជម្រាបថា នៅមុនថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៣ នេះ អាជ្ញាធរនៅប្រទេសទាំងពីរបានជម្លៀសប្រជាពលរដ្ឋជាង ១៧0,000 នាក់ចេញពីតំបន់ទំនាប ដើម្បីរកទីកន្លែងសុវត្ថិភាពស្នាក់អាស្រ័យ។

សូមរំលឹកថា នាយកដ្ឋានឧតុនិយមឥណ្ឌាបានរាយការណ៍កាលពីចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣ថា ព្យុះស៊ីក្លូន Biparjoy នេះនឹងបោកបក់មកកាន់ឆ្នេរ Mandvi ក្នុងរដ្ឋ Gujarat នៃប្រទេសឥណ្ឌា រួចបន្តបោកបក់ទៅកាន់ទីក្រុង Karachi របស់ប្រទេសប៉ាគីស្ថាន នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៣។ព្យុះនេះមានល្បឿនខ្យល់អតិបរមាពី ១២៥ ដល់ ១៣៥ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយអាចបង្កើនល្បឿនរហូតដល់ ១៥០ គីឡូម៉ែត្រក្នុងមួយម៉ោង។ កាលពីឆ្នាំ១៩៩៨ ព្យុះស៊ីក្លូនបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤,000 នាក់ និងបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលធ្វើឱ្យប្រទេសឥណ្ឌាត្រូវខាតបង់ថវិការាប់រយលានដុល្លារអាមេរិក៕

ប្រភព៖ BBC ចុះថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image