វដ្តរដូវ គឺជារយៈពេលនៃការមករដូវថ្ងៃដំបូង រហូតដល់ថ្ងៃទី១ នៃការមករដូវបន្ទាប់។ ជាមធ្យមវដ្តរដូវមានរយៈពេល ២៨ថ្ងៃ។ ប៉ុន្តែ ក្នុងមួយវដ្តរដូវក៏អាចមានរយៈពេលប្រហែលពី ២១ ថ្ងៃ ទៅ ៣៥ ថ្ងៃផងដែរ។ ដោយឡែក បើវដ្តរដូវរបស់អ្នកមានរយៈពេលច្រើនជាង ៣៥ ថ្ងៃ នោះគេចាត់ទុកថា ជាការមករដូវយឺត ឬ ជាការមករដូវមិនទៀងទាត់។
តើមានមូលហេតុអ្វីខ្លះ ដែលធ្វើឱ្យមានផលប៉ះពាល់ដល់ការមករដូវ?
ជាធម្មតាការខកខានក្នុងការមករដូវអាចជាសញ្ញានៃការមានផ្ទៃពោះ។ ប៉ុន្តែក៏មានមូលហេតុផ្សេងទៀតដែលធ្វើឱ្យរដូវមកមិនទៀងទាត់ផងដែរ។
យោងទៅតាមគេហទំព័រគ្លីនិក Cleveland នៃសហរដ្ធអាមេរិកបាន បង្ហាញពីមូលហេតុទាំង ៦ យ៉ាងដែលធ្វើឱ្យរដូវមកមិនទៀងទាត់ដូចតទៅ៖
១. ការមានផ្ទៃពោះ៖ នៅពេលដែលស្រ្តីមិនទាន់មានផ្ទៃពោះ រាងកាយរបស់ស្រ្តីនឹងមានធ្លាក់ឈាមរដូវរៀងរាល់ខែ ដោយសារការដាច់ស្រទាប់ភ្នាសខាងក្នុងស្បូនរបស់ស្រ្តី។ ប៉ុន្តែនៅពេលដែលស្រ្តីមានផ្ទៃពោះរាងកាយស្ត្រីបន្តបង្កើតស្រទាប់នោះដើម្បីទ្រទ្រង់ និងចិញ្ចឹមទារកដែលកំពុងលូតលាស់។
២. ការរៀបចំរបបអាហារ និងការហាត់ប្រាណហួសប្រមាណ៖ ការរៀបចំរបបអាហារឡើងវិញ និងការហាត់ប្រាណជាប្រចាំមានប្រយោជន៍ជាច្រើនសម្រាប់សុខភាព។ ប៉ុន្តែ បើសិនជាស្រ្តីអនុវត្តច្រើនហួសកម្រិត រាងកាយនឹងអាចផ្អាកការមករដូវជាបណ្តោះអាសន្ន។
៣. រោគសញ្ញា ovary polycystic (PCOS)៖ រោគសញ្ញានេះគឺបណ្តាលមកពីអតុល្យភាពអ័រម៉ូនដែលរំខានដល់សមត្ថភាពរាងកាយ ការបញ្ចេញអូវុល ។ មានន័យថា នៅពេលដែលមិនមានការបញ្ចេញពងអូវុលទេ នោះនឹងធ្វើឱ្យមានផលប៉ះពាល់ដល់ការមករដូវរបស់ស្រ្តី។ ម្យ៉ាងទៀត ក្រៅពីការមិនមករដូវរោគសញ្ញា ovary polycystic មានរោគសញ្ញាផ្សេងទៀតរួមមាន បញ្ហាមុន មានជ្រុះសក់ និងមានការឡើងទម្ងន់ ឬមានបញ្ហាស្រកទម្ងន់ជាដើម។
៤. ភាពតានតឹង(Stress) ៖ ការតានតឹងខ្លាំង មិនគ្រាន់តែជាការបង្អាក់ដល់សុខុមាលភាពផ្លូវចិត្តនោះទេ។ បញ្ហានេះក៏អាចបណ្តាលឱ្យមានផលប៉ះពាល់ដល់រាងកាយ ដូចជាការពន្យារ ឬមិនមានការមករដូវជាដើម។ ភាពតាងតឹងមួយចំនួនអាចបណ្តាលមកពី មនុស្សជាទីស្រឡាញ់បានស្លាប់ ការប្រឡង ភាពតានតឹងក្នុងការងារ ឬការបាត់បង់ការងារជាដើម។
៥. ការពន្យារកំណើតដោយអរម៉ូន៖ ការប្រើថ្នាំពន្យារកំណើតតាមអ័រម៉ូន ដោយមានការរួមបញ្ចូលគ្នានៃប្រូសេស្តេរ៉ូន និងអេស្ត្រូជេន ដែលជាអរម៉ូនពីរប្រភេទដែលជាការការពារការមានផ្ទៃពោះ។ ត្រង់ចំណុចនេះ ការពន្យារកំណើតដោយអរម៉ូនមួយចំនួននឹងមិនបណ្តាលឱ្យមានរដូវនោះទេ។ បើទោះបីជាការប្រើថ្នាំពន្យារកំណើតដោយអរម៉ូនមិនប្រទះបញ្ហាអ្វីចំពោះការការមករដូវនោះទេ តែយល់ល្អស្ត្រីក៏គួរតែពិភាក្សាជាមួយវេជ្ជបណ្ឌិតជាមុនសិនផងដែរ។
និងចំណុចទី៦ ស្ថានភាពនៃក្រពេញទីរ៉ូអ៊ីត៖ ចំនុចនេះ គឺក្រពេញទីរ៉ូអ៊ីត ដែលជាក្រពេញរាងដូចមេអំបៅដែលស្ថិតនៅជិតបំពង់ក ហើយវាក៏មាននាទីផលិតអរម៉ូនមួយដែរក្នុងចំណោមសរីរាង្គផ្សេងទៀត ដែលមានឥទ្ធិផលលើវដ្តរដូវរបស់ស្រ្តី។ បញ្ហាក្រពេញទីរ៉ូអ៊ីតប៉ះពាល់ដល់វដ្តរដូវស្រ្តីប្រមាណ ១0% ដែលបណ្តាលឱ្យស្រ្តីមករដូវមិនទៀងទាត់ ឬបាត់រដូវជាដើម។
តើការមករដូវមិនទៀងទាត់មានបញ្ហាឬទេ?
ការមករដូវមិនទៀងទាត់ ប្រមាណខុសគ្នា ២ ទៅ ៣ ថ្ងៃមិនមែនជារឿងធំដុំនោះទេ ព្រោះបញ្ហានេះតែងកើតឡើងចំពោះស្រ្តីស្ទើរតែគ្រប់ៗគ្នា។ ប៉ុន្តែពេលខ្លះ ការមករដូវមិនទៀងអាចបង្ហាញពីបញ្ហាសុខភាពផងដែរ។ ការតាមដានវដ្តរដូវមានសារៈសំខាន់ណាស់ ព្រោះអាចបង្ហាញពីបញ្ហាអ្វីមួយឱ្យអ្នកដឹងភ្លាមៗ។ ហើយអ្នកគួររក្សាកំណត់ហេតុប្រចាំថ្ងៃនៅក្នុងប្រតិទិនរបស់អ្នក ឬប្រើកម្មវិធីទូរស័ទ្ទណាមួយសម្រាប់រក្សាទុកកំណត់ត្រាព័ត៌មានទាំងនេះ។
ដូច្នេះបើអ្នកឧស្សាហ៍មករដូវយឺត ឬមកមិនទៀងទាត់អ្នកគួរតែទទួលការពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិត ដើម្បីស្វែងរកបញ្ហាណាមួយឱ្យបានទាន់ពេលវេលា៕