en     km
en     km

អាហារទាំង ៦ ប្រភេទដែលជួយកាត់បន្ថយការឡើងសម្ពាធឈាម

Share

ការរក្សាសម្ពាធឈាមឱ្យនៅថេរគឺផ្តល់មានសារៈសំខាន់ណាស់ចំពោះសុខភាព។ បើសម្ពាធឈាមកាន់តែខ្ពស់នឹងបណ្តាលឱ្យមានស្ថានភាពធ្ងន់ធ្ងរដូចជា ជំងឺដាច់សសៃឈាមខួរក្បាលឬ Stroke និងជំងឺបេះដូងជាដើម។

រូបភាពនេះមានប្រភពពីគេហទំព័រគ្លីនិច Cleveland នៃសហរដ្ធអាមេរិក

 

មានប្រភេទថ្នាំមួយចំនួនអាចជួយកាត់បន្ថយសម្ពាធឈាម ប៉ុន្តែតើអ្នកដឹងថាមានអាហារនិងសារធាតុចិញ្ចឹមមួយចំនួនអាចជួយកាត់បន្ថយសម្ពាធឈាមនេះបានដែរឬទេ?

តាមគេហទំព័រគ្លីនិច Cleveland របស់សហរដ្ធអាមេរិក បានបង្ហាញនៅប្រភេទអាហារទាំង ៦ ប្រភេទដែលអាចជួយកាត់បន្ថយសម្ពាធឈាមដូចតទៅ៖

 

រូបភាពនេះមានប្រភពពីគេហទំព័របរទេស

 

១. អាហារសម្បូរវីតាមីន C ៖ អាហារសម្បូរវីតាមីន C អាចជួយប្រឆាំងអុកស៊ីតកម្ម និងធ្វើឱ្យមុខងាររបស់សរសៃឈាមកាន់តែល្អប្រសើរ។ អាហារដែលសម្បូរដោយវីតាមីន C មាននៅក្នុងបន្លែ ផ្លែឈើមួយចំនួនរួមមាន ម្ទេស ផ្កាខាត់ណា ស្ពៃក្តោប មើមដំឡូង ផ្លែគីវី ផ្លែស្ត្របឺរី និងពពួកក្រូចដូចជាក្រូចពោធិ៍សាត់ ក្រូចថ្លុង និងក្រូចឆ្មាជាដើម។

 

រូបភាពនេះមានប្រភពពីគេហទំព័របរទេស

 

២. អាហារសម្បូរវីតាមីន E ៖  វីតាមីន E ជាវីតាមីនរំលាយជាតិខ្លាញ់ និងដើរតួនាទីជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដើម្បីជួយការពារកោសិកាពីការបំផ្លាញរបស់រ៉ាឌីកាល់សេរី។ អាហារសម្បូរវីតាមីន E មានដូចជា ផ្លែបឺរ គ្រាប់ផ្កាឈូករ័ត្ន គ្រាប់អាល់ម៉ុន សណ្តែកដី និងមានក្នុងត្រីសាម៉ុងផងដែរ។

 

រូបភាពនេះមានប្រភពពីគេហទំព័របរទេស

 

៣. អាហារសម្បូរប៉ូតាស្យូម៖ សារជាតិប៉ូតាស្យូមជួយកាត់បន្ថយសម្ពាធឈាម ដោយការសម្រួលជញ្ជាំងសរសៃឈាម និងជួយដកសារធាតុសូដ្យូមដែលលើសចេញពីរាងកាយ ព្រោះសារធាតុសូស្យូមលើសកម្រិតនឹងធ្វើឱ្យសម្ពាធឈាមកាន់តែខ្ពស់។ ដូចច្នេះ អ្នកគួរបរិភោគអាហារដែលសម្បូរសារធាតុប៉ូតាស្យូម ដែលរួមមាន: ផ្លែចេក ផ្លែបឺរ ដំឡូង ប៉េងប៉ោះ ការ៉ុត ក្រូចថ្លុង ស្ពៃខ្មៅ និងមានក្នុងពពួកគ្រាប់ធញ្ញជាតិមួយចំនួនផងដែរ។

 

រូបភាពនេះមានប្រភពពីគេហទំព័របរទេស

 

៤. អាហារសម្បូរសារជាតិសេលេញ៉ូម៖ សេលេញ៉ូមគឺជាសារធាតុប្រឆាំងអុកស៊ីតកម្មនិងជួយការពាររាងកាយរបស់អ្នក។ ចំពោះអាហារដែលមានសេលេញ៉ូមមានដូចជា៖ សាច់មាន់ និងអាហារសមុទ្រដូចជា ត្រីធូណា ឬបង្គា ជាដើម។

 

រូបភាពនេះមានប្រភពពីគេហទំព័របរទេស

 

៥. អាហារសម្បូរសារធាតុ L-arginine៖ L-arginine គឺជាអាស៊ីតអាមីណូដែលជួយបង្កើតប្រូតេអ៊ីនសម្រាប់រាងកាយ និងសម្រួលដល់កោសិកាសាច់ដុំ។ បន្ថែមពីនេះ សារធាតុនេះបំប្លែងទៅជាសមាសធាតុនីទ្រីកអុកស៊ីដ ដែលអាចជួយបញ្ចុះសម្ពាធឈាម និងជួយបើកសរសៃឈាមផងដែរ។ ហើយអាហារទាំងនេះមានដូចជា៖ ត្រី សាច់ក្រហម សាច់មាន់ ទឹកដោះគោ ឈីស គ្រាប់ល្ពៅ  គ្រាប់ធញ្ញជាតិ និងពពួកសណ្តែកគ្រប់ប្រភេទ។

 

រូបភាពនេះមានប្រភពពីគេហទំព័របរទេស

 

និងទី៦ចុងក្រោយគឺអាហារសម្បូរជាតិកាល់ស្យូម៖ តាមការសិក្សាបានបង្ហាញថា ការទទួលទានរបបអាហារដែលមានរួមបញ្ចូលជាតិកាល់ស្យូមប្រមាណ ១,000 ដល់ ១,៥00 មីលីក្រាមក្នុងមួយថ្ងៃ អាចធ្វើឱ្យសម្ពាធឈាមប្រសើរឡើង។ ហើយអាហារដែលសម្បូរជាតិកាល់ស្យូមរួមមាន៖ ឈីស តៅហ៊ូ សណ្តែក គ្រាប់អាល់ម៉ុន បន្លែស្លឹកបៃតងចាស់ និងផ្កាខាត់ណាខៀវ។ មួយវិញទៀតក៏មាន ទឹកដោះគោ ទឹកដោះគោជូរ ទឹកក្រូច និងប្រភេទដែលស្រដៀងទឹកដោះគោ ដែលមានដូចជាទឹកអាល់ម៉ុន ទឹកសណ្តែក និងមានទឹកដូងផងដែរ។

 

រូបភាពនេះមានប្រភពពីគេហទំព័របរទេស

 

មួយវិញទៀតក៏មានប្រភេទអាហារផ្សេងទៀត ដូចជាខ្ទឹមសក៏ជួយកាត់បន្ថយសម្ពាធឈាម ហើមថែមទាំងជួយកាត់បន្ថយបញ្ហារលាកបានទៀតផង។

បន្ថែមលើសពីនេះ ការទទួលទានសារធាតុអាល់កុលក្នុងកម្រិតមួយដែលល្មម អាចជួយកាត់បន្ថយសម្ពាធឈាម ប៉ុន្តែបើទទួលទានជាតិអាល់កុលក្នុងបរិមាណច្រើន នោះនឹងបណ្តាលឱ្យសម្ពាធឈាមកាន់តែកើនឡើង។

 

រូបភាពនេះមានប្រភពពីគេហទំព័របរទេស

 

ដោយឡែកក្រៅពីការទទួលទានរបបអាហារ ការផ្លាស់ប្តូររបៀបរស់នៅក៏អាចជួយបន្ថយសម្ពាធឈាមផងដែរ ដូចជាការការធ្វើលំហាត់ប្រាណ ការកាត់បន្ថយភាពតានតឹង ទទួលទានអាហារដែលមានជាតិប្រៃតិច និងការរក្សាទម្ងន់ឱ្យបានល្អ ក៏ផ្តល់ផលវិជ្ជមានដល់សម្ពាធឈាមផងដែរ៕

Share

ព័ត៌មានទាក់ទង

Image