en     km
en     km

ស្វែងយល់ពីជំងឺស្រុតស្បូននិងវិធីព្យាបាល!

Share

ជំងឺស្រុតស្បូន ជាជំងឺមួយដែលជួបញឹកញាប់ជាងគេ និងមានស្ត្រីប្រមាណ ៣០% បានកើតជំងឺនេះ។ ជាពិសេសស្ត្រី វ័យចំណាស់ និងស្រ្តីដែលអស់រដូវ។ ជំងឺនេះបង្កឲ្យមានផលវិបាកធ្ងន់ធ្ងរដល់សុខភាព និងមានផលរំខានដល់ប្រព័ន្ធបង្ហូរទឹកនោមខាងក្រោម សុខភាពផ្លូវភេទ និងការបន្ទោរបង់លាមក។

តើអ្វីទៅជាជំងឺស្រុតស្បូន?
តាមគេហទំព័រសុខភាពហេឡូគ្រូពេទ្យ បានលើកឡើងថា ជំងឺស្រុតស្បូន គឺសំដៅលើសរីរាង្គមួយ ឬច្រើនក្នុងចំណោមសរីរាង្គជាប់រចនាសម្ព័ន្ធនឹងគ្នា ដូចជា ស្បូន ចុងពោះវៀនធំ ប្លោកនោម និងបំពង់បង្ហួរនោម ដែលសរីរាង្គទាំងនោះចុះខ្សោយ ឬខូច ធ្វើឲ្យសុ្រតខុសទីតាំងដើម។ ហើយបើគ្មានការព្យាបាលត្រឹមត្រូវទេ សរីរាង្គទាំងនេះ នឹងបន្តស្រុតចុះរហូត លៀនចេញមកក្រៅទ្វារមាសតែម្តង។

រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត

 

បន្ថែមពីនេះ បើតាមទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត បានបង្ហាញពីមូលហេតុមួយចំនួនដែលស្រ្តីអាចប្រឈមនឹងជំងឺស្រុតស្បូនដូចតទៅ៖
ស្រ្តីមានភាពចុះខ្សោយប្រព័ន្ធទម្រអាងត្រគាក (Défaillance du système d’amarrage) ឆ្អឹងអាងត្រគាកពីកំណើតមានភាពមិនប្រក្រតី (anomalie osseuse) និងសាច់ដុំអាងត្រគាកមានភាពចុះខ្សោយ ស្វិត និងយារ។ បន្ថែមពីនេះ មូលហេតុផ្សេងទៀត អាចមកពីស្រ្តីមានជំងឺទល់លាមក ស្រ្តីដែលធ្វើការធ្ងន់ ឬលើករបស់របរធ្ងន់ៗ និងស្ត្រីឆាប់អស់រដូវ។ មួយវិញទៀត គឺស្ត្រីដែលធ្លាប់សម្រាលកូនច្រើន និងស្ត្រីធ្លាប់មានការវះកាត់ជំងឺស្បូនណាមួយ។

យ៉ាងណាមិញ ជំងឺជំងឺស្រុតស្បូនមានរោគសញ្ញាដូចជា៖ ស្រ្តីអាចមានផលរំខានលើមុខងារបង្ហូរទឹកនោម ដូចជាជ្រាបទឹកនោមនៅពេលប្រឹងក្អក សើច ឬលើករបស់ធ្ងន់ និងអាចមានជ្រាបលាមក ឬលេចផោម ដោយឯកឯងជាដើម។ រោគសញ្ញាផ្សេងទៀត ស្រ្តីអាចមានអារម្មណ៍ថាមានដុំតឹងណែនដែលរំខាននៅក្នុងទ្វារមាស និងមានផលរំខានក្នុងការបន្ទោរបង់លាមកផងដែរ។ បន្ថែមពីនេះ ស្រ្តីអាចធ្លាក់ស រលាកទ្វារមាស ឈឺនៅអាងត្រគាក និងមានផលរំខានក្នុងការរួមភេទ។ ហើយក្នុងករណីធ្ងន់ធ្ងរ អ្នកជំងឺមានលៀនចេញនូវសរីរាង្គមួយចំនួនដូចជា ផ្លោកនោម ស្បូន ទ្វារលាមក តាមទ្វារមាសចេញមកក្រៅទៀតផង។

 

រូបភាពនេះមានប្រភពពីគេហទំព័រគ្លីនិក Cleveland នៃសហរដ្ធអាមេរិក

 

ដោយឡែកបើតាមមន្ទីរពេទ្យកាល់ម៉ែតដដែរ បានបង្ហាញពីវិធីសាស្រ្តព្យាបាលចំនួន ៣ ប្រភេទ ក្នុងការព្យាបាលជំងឺស្រុតស្បូននេះដូចតទៅ៖
វិធីសាស្រ្តទី១ ការព្យាបាលដោយប្រើថ្នាំ៖ ស្ត្រីអាចប្រើថ្នាំអរម៉ូនមួយចំនួន ដើម្បីជួយកុំឲ្យឆាប់អស់រដូវ និងធ្វើឲ្យប្រព័ន្ធទម្រសាច់ដុំអាងត្រគាករឹងមាំ។
វិធីទី២ គឺការហាត់ប្រាណ៖ ស្រ្តីគួរអនុវត្ត លំហាត់ប្រាណ Kegel ព្រោះលំហាត់ប្រាណនេះ អាចជួយពង្រឹងសាច់ដុំអាងត្រគាក និងសាច់ដុំពោះឱ្យរឹងមាំ។ ប៉ុន្តែលំហាត់ប្រាណនេះ អាចព្យាបាលជំងឺស្រុតស្បូនតែក្នុងករណីស្រាលតែប៉ុណ្ណោះ។
និងវិធីសាស្រ្តទី៣ គឺការវះកាត់៖ ចំពោះការវះកាត់នេះចែកចេញជា ២ របៀបដូចជាៈ
ការវះកាត់អាចធ្វើឡើងតាមទ្វារមាសខាងក្រោម ដោយវះកាត់យកស្បូនចេញ និងជួសជុលមុខងារបង្ហូរទឹកនោម ផ្លោកនោម ទ្វារលាមក និងសុខភាពផ្លូវភេទ។
ចំណែកឯម៉្យាងទៀតគឺការវះកាត់ដោយប្រើឧបករណ៍ចោះ ដោយចងស្បូនទប់នឹងឆ្អឹងអាងត្រគាកផ្នែកខាងក្រោយ។ វិធីនេះមានសារៈសំខាន់ណាស់សម្រាប់ស្ត្រី ជាពិសេសស្ត្រីដែលនៅវ័យក្មេង ព្រោះវិធីនេះអាចរក្សាទុកស្បូន ដើម្បីអាចមានបុត្រទៅថ្ងៃក្រោយ។

 

រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត

 

ជាចុងបញ្ជប់នៃអត្ថបទនេះផងដែរ បើតាមគេហទំព័រគ្លីនិច Cleveland របស់សហរដ្ធអាមេរិកបានបង្ហាញពីវិធីបង្ការហានិភ័យជំងឺស្រុតស្បូនដូចតទៅ៖
ស្រ្តីគួរធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ និងរក្សាទម្ងន់រាងកាយឱ្យមានសុខភាពល្អ ជាពិសេសស្រ្តីគួរធ្វើលំហាត់ Kegel ដើម្បីពង្រឹងសាច់ដុំអាងត្រគាករបស់ស្រ្តី។ ម្យ៉ាងទៀត ស្រ្តីត្រូវឈប់ជក់បារី ដើម្បីកាត់បន្ថយហានិភ័យការក្អករ៉ាំរ៉ៃ ព្រោះការក្អកនេះអាចដាក់សម្ពាធលើសាច់ដុំអាងត្រគាករបស់ស្រ្តី។ បន្ថែមពីនេះ ស្រ្តីគួរជៀសវាងលើកវត្ថុធ្ងន់ៗ និងជៀសវាងការទល់លាមកជាដើម៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង