en     km
en     km

នាយករដ្ឋមន្រ្តីបញ្ជាចាត់វិធានតឹងរឹងលើអ្នកទន្ទ្រានព្រៃឈើនិងកាន់កាប់ដីរដ្ឋទោះរវល់បោះឆ្នោតជាតិក្តី

Share

ភ្នំពេញ៖ បន្ថែមពីលើសារជាសំឡេងតាមរយៈតេឡេក្រាមកាលពីយប់មិញ គឺនៅព្រឹកថ្ងៃទី០៦ខែមិថុនាឆ្នាំ២០២៣នេះ ក្នុងពិធីសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មីនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និង ពិធីប្រគល់សញ្ញាបត្រជូនដល់សិស្សនិស្សិតបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាសរុបជិតពីរពាន់នាក់ ស្ថិតក្នុងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ សម្តេច ហ៊ុន សែន បានចេញបញ្ជាដល់អាជ្ញាធរតាមបណ្តាខេត្តត្រូវចាត់វិធានការតឹងរឹងចំពោះអ្នករំលោភបំពានព្រៃឈើនិងកាន់កាប់ដីព្រៃរដ្ឋខុសច្បាប់។

លោក កែវ សុខា​ ជូនសេចក្តីរាយការណ៍

ការចេញបទបញ្ជានេះ ខណៈដែលសម្តេចនាយករដ្ឋមន្រ្តីបានទទួលព័ត៌មានពីការចូលទន្ទ្រានដីព្រៃនៅតាមខេត្តមួយចំនួន ព្រោះជនខិលខូចបានឆ្មក់យកឱកាសដែលអាជ្ញាធរកំពុងជាប់ដៃរវល់ក្នុងការឃោសនាបោះឆ្នោតជាតិ។

សម្តេច ហ៊ុន សែន៖«ឱ្យតែរដូវបោះឆ្នោតមកដល់ គឺការទន្ទ្រានដីរដ្ឋការចាប់ដីតែកើតមាន ឥឡូវកាប់ច្រើននៅខេត្តពោធិ៍ ចៅហ្វាយខេត្តបានប្រាប់ពីរឿងនេះ។យប់មិញចៅហ្វាយខេត្តបានជូនព័ត៌មានមក ឥឡូវមានអាក្រុមកាប់យកដីតែម្តង ហើយបើយើងធ្វើសកម្មភាពអន្តរាគមន៍គឺគេនឹងថតយកទៅបំផ្លាញយើងពេលឃោសនាបោះឆ្នោត»។

សម្តេច ហ៊ុន សែន នាយករដ្ឋកម្ពុជា។

 

សម្តេច ហ៊ុន សែន បញ្ជាក់ថាសម្តេចនឹងមិនលើកលែងឡើយចំពោះជនដែលចូលទន្ទ្រានដីព្រៃរដ្ឋធ្វើជាដីកម្មសិទ្ធិផ្ទាល់ខ្លួន ព្រោះសម្តេចកត់សម្គាល់ឃើញថា កន្លងមកអ្នកចូលកាន់កាប់ដីរដ្ឋទោះបីជាជនក្រីក្រក៏ដោយ តែពួកគេធ្វើសកម្មភាពតាមការញុះញង់និងបញ្ជាពីក្រុមអ្នកមានលុយនិងមានអំណាចមួយចំនួន ។

សម្តេច ហ៊ុន សែន៖«អ្នកណាក៏ដោយទោះបី មាន ក្រ ក៏ដោយនេះជាដីរបស់រដ្ឋ នេះជាព្រៃឈើរបស់ជាតិ ។កាលពីមុនមួយយប់ធ្វើផ្ទះបាន៥០០ខ្នង ហើយបើយើងទៅរុះគេថតយកទៅថាគណបក្សប្រជាជនបំពានច្បាប់រុះរើផ្ទះអ្នកក្រ។ប៉ុន្តែពេលខ្លះអ្នកមានលុយ អ្នកមានអំណាចមួយចំនួនក៏ជួលមនុស្សទៅកាប់ដែរ រួចហើយឱ្យលុយថ្ងៃក្រោយយកឈ្មោះប្រជាជនទៅពាំង»។

រូបភាពដើមឈើត្រូវកាប់បំផ្លាញក្នុងព្រៃ។រូបភាពពីហ្វេសប៊ុកលោក សាន់ ម៉ាឡា អ្នកការពារសិទ្ធិមនុស្សនិងបរិស្ថាន។

 

ទាក់ទងបទបញ្ជានាយករដ្ឋមន្រ្តីនេះ លោក សាន់ ម៉ាឡា អ្នកការពារសិទ្ធិមនុស្សនិងបរិស្ថានយល់ថា ដើម្បីឱ្យកិច្ចការពារបរិស្ថាននិងធនធានធម្មជាតិមានប្រសិទ្ធិភាព ការពង្រឹងការល្បាតការពារព្រៃឈើជារឿងសំខាន់ តែអ្វីវិបត្តិពិតប្រាកដក្នុងរឿងទប់ស្កាត់បទល្មើសនិងការទន្ទ្រានព្រៃឈើនេះ គឺត្រូវចាប់មេខ្លោងនៅពីក្រោយខ្នងមកផ្តន្ទាទោសឱ្យបាន។

លោក សាន់ ម៉ាឡា៖«ខ្ញុំគិតថា ដ៏រាបណាមេខ្លោងមានអំណាចបំផុត មេខ្លោងដែលល្បីក្នុងការកាប់បំផ្លាញព្រៃឈើហើយប្រជាពលរដ្ឋខ្មែរស្គាល់ជាទូទៅ ព្រោះមិនមានមនុស្សច្រើននាក់ទេបើសិនជាពួកគាត់មិនត្រូវគេចាប់ខ្លួនមកទទួលខុសត្រូវចំពោះមុខច្បាប់ទេ យើងជាក់ថារដ្ឋាភិបាលនៅតែមិនទាន់មានឆន្ទៈពិតប្រាដកក្នុងការទប់ស្កាត់បទល្មើសព្រៃឈើ ព្រោះបទល្មើសព្រៃឈើនេះមិនមែនមនុស្សតូចតាចអាចឃុបឃិតគ្នាប្រព្រឹត្តិបានទេលុះត្រាតែមនុស្សមានអំណាច»។

លោក សាន់ ម៉ាឡា អ្នកការពារសិទ្ធិមនុស្សនិងបរិស្ថាន។រូបភាពពីហ្វេសប៊ុកលោក ម៉ាឡា។

 

ជាមួយគ្នានេះអ្នកការពារសិទ្ធិមនុស្សនិងបរិស្ថាន​រូបនេះក៏ស្នើឱ្យអាជ្ញាធរនិងរដ្ឋាភិបាលគួរស្តាប់ក្តីកង្វល់របស់ក្រុមអ្នកនៅក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបញ្ហាបរិស្ថានខ្លះផង ព្រោះក្រុមសកម្មជនបរិស្ថាននិងអ្នកអង្គការក្រៅរដ្ឋាភិបាលមួយចំនួនពិតជាបានរកឃើញភាពអសកម្មរបស់មន្រ្តីមួយចំនួនដែលបើកដៃដល់ជនខិលខូចមែន។

លោក សាន់ ម៉ាឡា៖«ទោះបីយើងដាក់ញាត្តិដាក់របាយការណ៍ជូនទៅមន្ត្រីរដ្ឋាភិបាលក៏ដោយ យើងឃើញថាពួកគាត់មិនដែលយកទិន្នន័យឬទទួលស្តាប់ក្តីកង្វល់របស់ពួកយើង ហើយតែងច្រានចោលនិងបានថាជាព័តឥមានមិនពិត។ដើម្បីកសាងជំនឿចិត្តរបស់សាធារណជនឡើងវិញ រដ្ឋាភិបាលត្រូវតែទទួលស្តាប់ក្តីកង្វល់បញ្ហាដែលក្រុមអ្នកការពារបរិស្ថានបានលើកឡើង ហើយត្រូវចាត់វិធានការឱ្យបានតឹងរឹងចំពោះជនប្រព្រឹត្តិជាពិសេសអ្នកដែលបណ្តែតបណ្តាយឬមានចេតនាបើកដៃឱ្យពួកឈ្មួញដែលបំផ្លិចបំផ្លាញធនធានធម្មជាតិក្នុងសង្គម»។

 

ក្នុងកិច្ចការងារការពារធនធានធម្មជាតិនេះ រដ្ឋាភិបាលកាលពីខែវិច្ឆិកាឆ្នាំ២០២១ បានបញ្ជាឱ្យក្រុមការងារអន្តរក្រសួង ពិនិត្យនិងដកហូតផ្ទៃដីការទន្ទ្រានដីរដ្ឋពីជនខិលខូចនិងប្រជាពលរដ្ឋតាមបណ្តាខេត្តជាប់បឹងទន្លេសាប។ ក្នុងនោះមានខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តបាត់ដំបង ខេត្តពោធិ៍មាន ខេត្តបន្ទាយមានជ័យមាន និងខេត្តសៀមរាប ត្រូវបានរកឃើញរងការទន្ទ្រានលើផ្ទៃដីរាប់ម៉ឺនហិតតា។ ក្នុងយុទ្ធនាការនោះដែលជនខិលខូចដែលជាឈ្មួញធំៗក៏ត្រូវចាត់វិធានការតាមផ្លូវច្បាប់មួយចំនួនផងដែរ៕

Share

ព័ត៌មានទាក់ទង

Image