ភ្នំពេញ៖ នារយៈពេលថ្មីៗនេះ មានជនខិលខូចបានប្រើល្បិចបោកបញ្ឆោតថ្មីមួយ ដោយប្រើសារទូរស័ព្ទ SMS ផ្ញើទៅកាន់អតិថិជនរបស់ធនាគារ ABA ដើម្បីជំរុញឱ្យអ្នកប្រើប្រាស់បើកតំណ លីង ក្លែងបន្លំ និងបំពេញព័ត៌មានគណនី ដោយកុហកថាគណនីនឹងត្រូវបានបង្កក។
នេះជាការបំភ្លឺពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ និង ធនាគារ ABA នៅលើទំព័រហ្វេសប៊ុក។
ការចេញមុខបំភ្លឺបែបនេះ ក៏ព្រោះថា ជនឆបោកបានផ្ញើសារតាមសារទូរស័ព្ទដៃជាភាសាអង់គ្លេសដែលមានន័យជាខេមរៈភាសាថា៖«លក្ខខណ្ឌប្រើប្រាស់របស់ ABA ត្រូវបានធ្វើបច្ចុប្បន្នភាពនាពេលថ្មីៗនេះ។ សូមលោកអ្នកមេត្តាផ្ទៀងផ្ទាត់ព័ត៌មានលម្អិតនៃគណនីរបស់លោកអ្នកភ្លាមៗតាមតំណភ្ជាប់ ឬបើមិនដូច្នោះទេទឹកប្រាក់របស់លោកអ្នកនឹងត្រូវបង្កក។»។
ទំព័រហ្វេសប៊ុករបស់ធនាគារ ABA បានចេញមុខច្រានចោលករណីនេះដោយបញ្ជាក់ថា ខាងធនាគារពុំបានផ្ញើសារដល់អតិថិជនធ្វើបច្ចុប្បន្នភាព ដូចអ្វីដែលជនរងខិលខូចកំពុងប្រើល្បិចនោះទេ។
ភ្ជាប់ជាមួយករណីនេះ ខាងធនាគារណែនាំទៅដល់អតិថិជនដែលទទួលសារបែបនេះ សូមកុំបើក ឬចុចលើ លីង ក្នុងសារនោះឲ្យសោះ។ ជាងនេះកុំប្រាប់ ឬផ្ដល់ព័ត៌មានសម្ងាត់ ទិន្នន័យផ្ទាល់ខ្លួន ឬពាក្យសម្ងាត់ដល់នរណាម្នាក់ជាដាច់ខាត់។
ក្នុងករណីដែលអ្នកប្រើប្រាស់សេវាធនាគារ ABA ច្រលំបានចុចបើក ឬចុចលើ លីង នោះ និងបានបញ្ចូលព័ត៌មានតាមការឆបោកនោះរួចហើយ សូមធ្វើការផ្លាស់ប្តូរពាក្យសម្ងាត់ Secret Words ហើយប្តូរលេខ PIN 4 ខ្ទង់ នៃ ABA Mobile ឲ្យឆាប់ជាទីបំផុត។
តាមរយៈសេចក្តីជូនដំណឹងរបស់ខ្លួនធនាគារ ABA បញ្ជាក់ថា ខាងធនាគារ ដាច់ខាតនឹងមិនស្នើសុំព័ត៌ មានសម្ងាត់ទាំងនោះពីអតិថិជន ដើម្បីផ្ទៀតផ្ទាត់ណាមួយឡើយ ទោះតាមមធ្យបាយណាក៏ដោយ ក្នុងនោះមានលីងតាមសារ SMS ផងដែរ។
ជាងនេះទៀតធនគារបញ្ជាក់ថា ធនាគារមិនដែលហៅទូរស័ព្ទ ឬផ្ញើសារទៅកាន់អតិថិជន ដើម្បីស្នើសុំ ព័ត៌មានលម្អិតអំពីការចូលគណនី ABA Mobile ឬលេខកូដ OTP ពាក្យសម្ងាត់ ឬព័ត៌មានលម្អិត iBanking ឡើយ។