en     km
en     km

សម្តេច ហ៊ុន សែន ទម្លាយរឿងបង្កប់មនុស្សក្បែរខ្លួនយកការណ៍សម្ងាត់ទៅក្រុមអតីតមន្ត្រីបក្សប្រឆាំង

Share

ភ្នំពេញ៖ តាមរយៈលេឡេក្រាមរបស់សម្តេច ហ៊ុន សែន នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេច បានទម្លាយរឿងរ៉ាវបង្កប់មនុស្សឈ្លបយកការណ៍សម្ងាត់របស់នាយករដ្ឋមន្រ្តី និងការឈ្លបយកការណ៍ពីផ្ទៃក្នុងមន្រ្តីអតីតបក្សប្រឆាំង។

(លោក គីម ចាន់ចាវ ជូនសេចក្តីរាយការណ៍)

 

សំណេររបស់សម្តេច ហ៊ុន សែន បានសរសេរក្នុងន័យឌឺដងទៅកាន់មន្រ្តីអតីតបក្សប្រឆាំងដែលសម្តេចមានរាយនាមឈ្មោះដូចជា លោកស្រី ជូ ឡុងសូម៉ូរ៉ា ភរិយាលោក សម រង្ស៊ី លោក អេង ឆៃអ៊ាង លោកស្រី មួរ សុខហួរ លោកឡុង រី និងលោក ហូរ វ៉ាន់ ថា មនុស្សដែលយកព័ត៌មានទៅរាយការណ៍ឱ្យបក្ខពួកក្រុមប្រឆាំងនោះគឺជានាយករដ្ឋមន្រ្តីតែម្តង។

សម្តេចចង់បញ្ជាក់ន័យថា មនុស្សដែលក្រុមបក្សប្រឆាំងដាក់មកឈ្លបការណ៍ឈ្មោះកុសល់នោះគឺជាល្បិចចារកម្មអត់ស្រមោលរបស់សម្តេចតែប៉ុណ្ណោះ។

សម្តេចសរសេរក្នុងសំណេរដើមយ៉ាងដូច្នេះថា៖«ដើម្បីប្រដៅពួកល្ងង់នៅក្រៅស្រុកដែលអះអាងថាមានមនុស្សនៅក្បែរ ហ៊ុន សែន ខ្ញុំគួរតែប្រាប់ថា នោះគឺហ៊ុន សែន តែម្តង ដែលតែងតែផ្តល់ព័ត៌មានឲ្យ ជូ ឡុងសូម៉ូរ៉ាអេង ឆៃអ៊ាង ម៉ួ សុខហួ ឡុង រី ហូ វ៉ាន់និងមេដឹកនាំមួយចំនួនទៀត។»។

សម្តេច ហ៊ុន សែន បន្ថែមទៀតថា៖«អ្នកឲ្យព័ត៌មានច្រើនប្រើឈ្មោះកុសល់មែនទេ?អស់លោកនិងលោកស្រីមានអំនួតខ្លាំងណាស់ដែលថា មានមនុស្សបង្កប់នៅក្បែរ ហ៊ុន សែន តែមិនដឹងថាជាល្បិចចារកម្មអត់ ស្រម៉ោលរបស់ ហ៊ុន សែន នោះឡើយ។ខ្ញុំយកព័ត៌មានពីអស់លោកបានព័ត៌មានពិតតាមរយៈមនុស្សរបស់ខ្ញុំនៅជាមួយអស់លោកដែលមនុស្សខ្លះជេរ ហ៊ុន សែន ឮជាងគេផង។ ចំណែកអស់លោកយកព័ត៌មានពីខ្ញុំគឺជាព័ត៌មានដែលខ្ញុំចង់ឲ្យតែប៉ុណ្ណោះ។ ដោយសារខ្ញុំឃើញអស់លោកល្ងង់ពេក បានខ្ញុំប្រាប់ពីការពិតនៃការចារកម្មឥតស្រម៉ោលមួយនេះដើម្បីឆ្លាតបន្តិច។»។

នាយករដ្ឋមន្រ្តីបានបញ្ចប់សំណេររបស់ខ្លួនដោយបញ្ជាក់ពី ផែនការណ៍ចង់ធ្វើឃាតសម្តេចយ៉ាងដូច្នេះថា៖«នៅមានរឿងមួយដែលមេដឹកនាំម្នាក់យល់ព្រមជាមួយកុសលឲ្យធ្វើឃាត ហ៊ុន សែន ដែលខ្ញុំទុកទូទាត់បញ្ជីនៅពេលក្រោយ។»។

ជាងនេះសម្តេច ហ៊ុន សែន ក៏បានភ្ជាប់ជាមួយឃ្លីបសំឡេងដែលសម្តេចអះអាងបញ្ជាក់ថា ជាសំឡេងលោក ឆាំ ឆានី សកម្មជនលេចមុខរបស់អតីតបក្សប្រឆាំង ដែលក្នុងសារសំឡេងនោះហាក់ដូចជាសំឡេងដែលត្រូវលួចថតក្នុងកិច្ចប្រជុំមួយរបស់មន្រ្តីអតីតបក្សប្រឆាំង។ ឃ្លីបសំឡេងដែលសម្តេចបញ្ជាក់ថា ជាសំឡេងលោក ឆាំ ឆានី នោះបានរៀបរាប់ថា ខាងបក្សកាន់អំណាចក៏មានការបង្កប់មនុស្សពីខាងបក្សប្រឆាំង ហើយខាងបក្សប្រឆាំងក៏មានមនុស្សបង្កប់ខ្លួនឈ្លបយកការណ៍ដូចគ្នា។

 

ជាការកត់សម្គាល់នៅរយៈពេលចុងក្រោយនេះ ពោលគឺនៅគ្រាដែលការបោះឆ្នោតជាតិកាន់តែខិតជិតចូលមកដល់គេសង្កេតឃើញមានចលនាចុះចូលជាមួយបក្សកាន់អំណាចពីសំណាក់សកម្មជននយោបាយ សកម្មជនបរិស្ថាន សកម្មជនសិទ្ធិមនុស្ស ពិសេសគឺមន្រ្តីអតីតបក្សប្រឆាំងផងដែរ។

ជាក់ស្តែងលោក ហ៊ុន កុសល និងលោក យឹម ស៊ីណន មនុស្សចំណិតរបស់លោក កឹម សុខា បានចុះចូលជាមួយបក្សកាន់អំណាច។ ហើយកាលពីម្សិលមិញ លោក អ៊ូ ច័ន្ទឫទ្ធិ អតីតមន្ត្រីជាន់ខ្ពស់ក្រុមប្រឆាំងដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ក៏បានប្រកាសផ្ដាច់ខ្លួនឈប់ធ្វើសកម្មភាពនយោបាយនៅក្រៅប្រទេសជាមួយ លោក សម រង្ស៊ី និងបានស្នើសុំដល់ សម្ដេច ហ៊ុន សែន ឱ្យជួយអន្តរាគមន៍លើកលែងទោសផងដែរ។

ប្រការនេះស្តែងឱ្យឃើញពីកម្លាំងតស៊ូរបស់អតីតបក្សប្រឆាំងកាន់តែខ្សោយ ខណៈគណបក្សភ្លើងទៀនក៏កំពុងរងវិបត្តិធ្ងន់ ព្រោះមិនទាន់អាចរកកិច្ចអន្តរាគមន៍ណាមួយធ្វើឱ្យបក្សអាចចូលរួមការប្រកួតប្រជែងការបោះឆ្នោតជាតិខាងមុខនេះបាន៕

Share

ព័ត៌មានទាក់ទង

Image