en     km
en     km

លោក អ៊ូ ច័ន្ទឫទ្ធិ ប្រកាសផ្ដាច់ខ្លួនពីលោក សម រង្ស៊ី ដោយភ្ជាប់លក្ខខណ្ឌសុំលើកលែងទោសពីនាយករដ្ឋមន្រ្តី

Share

លោក អ៊ូ ច័ន្ទឫទ្ធិ អតីតមន្ត្រីជាន់ខ្ពស់ក្រុមប្រឆាំង ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានប្រកាសផ្ដាច់ខ្លួន ឈប់ធ្វើសកម្មភាពនយោបាយនៅក្រៅប្រទេសជាមួយ លោក សម រង្ស៊ី និងបានស្នើសុំដល់ សម្ដេច ហ៊ុន សែន ឱ្យជួយអន្តរាគមន៍ ដើម្បីឱ្យមានការលើកលែងទោស។

បើតាមលិខិតផ្ញើរទៅកាន់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ សមាជិកក្រុមប្រឆាំងនៅក្រៅប្រទេសរូបនេះបន្តថា ការសម្រេចចិត្តផ្តាច់ខ្លួន និងឈប់ធ្វើសកម្មភាពនយោបាយនៅខាងក្រៅប្រទេសជាមួយលោក សម រង្ស៊ី និងក្រុមអតីតគណបក្សសង្គ្រោះជាតិនេះ ដោយសារអស់ជំនឿទៅលើគោលនយោបាយបរទេសនិយម ដែលមិនអាចឈានទៅរកការបង្រួបបង្រួម និងផ្សះផ្សារជាតិបាន។
ទន្ទឹមនឹងការរិះគន់ ពីក្រុមរបស់ខ្លួនលោក អ៊ូ ច័ន្ទឫទ្ធិ បានស្នើសុំនាយករដ្ឋមន្ត្រី ជួយអន្តរាគមន៍ឱ្យមានការលើកលែងទោស ក្រោយពេលកន្លងមកសាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសពាក់ព័ន្ធនឹងបទចោទប្រកាន់មួយចំនួន។

តុលាការសាលាឧទ្ធរណ៍ បានសម្រេចតម្កល់សាលក្រមរបស់ សាលាដំបូងរាជធានីភ្នំពេញ ជុំវិញការកាត់ទោស លោក អ៊ូ ច័ន្ទឫទ្ធិ និងអតីតមន្ត្រីបក្សប្រឆាំងនៅក្រៅប្រទេសមួយចំនួនទៀតរួមមាន លោក ហូរ វ៉ាន់ លោក គង់ សុភា និងលោក សេង ម៉េងប៉ុនរ៉ុង ឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ និងពិន័យប្រាក់ម្នាក់ៗ៤លានរៀល ក្នុងសំណុំរឿងញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្ដិសុខ ជុំវិញការរៀបចំបាតុកម្មទាមទារឲ្យដោះលែងលោក រ៉ុង ឈុន ពាក់ព័ន្ធនឹងករណីញុះញង់នៅព្រំដែន។
សម្ដេច ហ៊ុន សែន មេបក្សកាន់អំណាចដែលជាអ្នកផ្ដួចផ្ដើមការប្ដឹងផ្ដល់កន្លងមក ជារឿយៗ តែអំពាវនាវក្រុមប្រឆាំងទាំងនោះវិលចូលស្រុកវិញ ដោយសម្ដេចលើកលែងទោសឲ្យថែមទៀត តែមេបក្សកាន់អំណាចរូបនេះ បានណែនាំ កុំជឿតាមការញុះញង់របស់ក្រុមជ្រុលនិយម ។ ក្រុមជ្រុលនិយមនេះ គឺមេបក្សកាន់អំណាចចង់សំដៅទៅលើក្រុមបក្សប្រឆាំង ដឹកនាំដោយលោក សម រង្ស៊ី អតីតប្រធាន អតីតគណបក្សសង្គ្រោះជាតិ ដែលភាគច្រើនកំពុងនិរទេសខ្លួននៅក្រៅប្រទេស៕

Share

ព័ត៌មានទាក់ទង

Image