បញ្ហាបាក់ឆ្អឹងកើតឡើងនៅពេលដែលឆ្អឹងប្រេះ ឬបែកជាបំណែកមួយឬច្រើន។ បញ្ហានេះបណ្តាលមកពីគ្រោះថ្នាក់អំឡុងពេលលេងកីឡា គ្រោះថ្នាក់ដោយចៃដន្យ ឬរបួសពីអំពើហិង្សាណាមួយ។ បញ្ហាបាក់ឆ្អឹងមិនគំរាមកំហែងដល់អាយុជីវិតនោះទេ ប៉ុន្តែបញ្ហានេះទាមទារការព្យាបាលជាបន្ទាន់។
តើបញ្ហាបាក់ឆ្អឹងមានរោគសញ្ញាអ្វីខ្លះ?
បញ្ហាបាក់ឆ្អឹងបណ្តាលឱ្យមានសញ្ញាដូចជា៖ កន្លែងដែលរបួសកាន់តែឈឺខ្លាំងនៅពេលដែលអ្នកផ្លាស់ទី ស្ពឹកនៅតំបន់របួស និងមានពណ៍ខៀវ ហើម ឬខូចទ្រង់ទ្រាយក្នុងតំបន់ដែលបាក់ឆ្អឹងនោះ។ បន្ថែមពីនេះ ឆ្អឹងនឹងអាចលេចចេញតាមស្បែក និងអាចមានហូរឈាមខ្លាំងនៅកន្លែងរងរបួសផងដែរ។
តើមានវិធីសាស្រ្តអ្វីខ្លះក្នុងការសង្រ្គោះបឋមបញ្ហាបាក់ឆ្អឹងនេះ?
បើតាមទំព័រសុខភាព healthline នៃសហរដ្ឌអាមេរិចបានពន្យល់ថា៖ ករណីមាននរណាម្នាក់បាក់ឆ្អឹង អ្នកត្រូវផ្តល់ការសង្គ្រោះបឋម និងជួយថែទាំពួកគេប្រកបដោយវិជ្ជាជីវៈតាមវិធីខាងក្រោមនេះ៖
ទី១៖ បញ្ឈប់ការហូរឈាម៖ បើអ្នករងរបួសមានហូរឈាម អ្នកត្រូវធ្វើការរុំមុខរបួសដោយប្រើបង់រុំ ក្រណាត់ ឬសម្លៀកបំពាក់ស្អាតៗ។
ទី២៖ បញ្ឈប់ចលនា៖ បើអ្នកសង្ស័យថាពួកគេបាក់ឆ្អឹងនៅកន្លែងណាមួយ អ្នកត្រូវឱ្យពួកគេនៅឱ្យស្ងៀមតាមដែលអាចធ្វើបាន និងដាក់ឱ្យអវយវៈដែលបាក់នោះនៅនឹងថ្កល់ដោយប្រើក្រមា ក្រណាត់ ឬវត្ថុអ្វីមួយអមកន្លែងដែលបានបាក់នោះ។
ទី៣៖ ស្អំទឹកកកលើរបួស៖ អ្នកត្រូវយកដុំទឹកកករុំក្នុងថង់ ឬក្រណាត់ ហើយស្អំពីលើកន្លែងដែលបាក់ឆ្អឹងនោះ ឱ្យបានពេល១០នាទីម្តងៗ។
ទី៤៖ បន្ថយភាពតក់ស្លុតដល់ជនរងគ្រោះ៖ ចំណុចនេះ អ្នកត្រូវឱ្យជនរងគ្រោះនៅទីតាំងដែលមានផាសុកភាព លើកទឹកចិត្តពួកគេឱ្យសម្រាក និងគ្របភួយឬសម្លៀកបំពាក់ដើម្បីរក្សាភាពកក់ក្តៅដល់ពួកគេ។
និងចុងក្រោយគឺ សុំជំនួយពីអ្នកជំនាញ៖ អ្នកត្រូវទូរស័ព្ទទៅលេខ ១៩៩ ដើម្បីសុំជំនួយផ្នែកវិជ្ជសាស្រ្តណាមួយ ហើយអ្នកត្រូវជួយជូនពួកគេទៅកាន់មន្ទីរពេទ្យផងដែរ។
ដោយឡែកប្រសិនជនរងគ្រោះហាក់ដូចជាមិនដកដង្ហើមនិងសន្លប់ អ្នកត្រូវទូរស័ព្ទទៅលេខ ១៩៩ ដើម្បីសុំជំនួយផ្នែកវិជ្ជសាស្រ្តនិងហៅរថយន្តសង្រ្គោះបន្ទាន់ ហើយអ្នកត្រូវចាប់ផ្តើមធ្វើការសង្រ្គោះបេះដូង(CPR) ផងដែរ។
ក្រៅពីនេះ ប្រសិនបើអ្នកសង្ស័យថា ពួកគេបានបាក់ឆ្អឹងនៅក្បាល ក ខ្នង ឬឆ្អឹងលេចចេញតាមស្បែក និងមានហូរឈាមខ្លាំង អ្នកក៏គួរទូរស័ព្ទទៅលេខ ១១៩ ផងដែរ។ បើមិនដូច្នោះទេ អ្នកអាចជួយពួកគេទៅកាន់ផ្នែកសង្គ្រោះបន្ទាន់ដោយរថយន្ត ឬមធ្យោបាយផ្សេងទៀត ដើម្បីឲ្យគ្រូពេទ្យអាចធ្វើរោគវិនិច្ឆ័យស្ថានភាពរបស់ពួកគេ និងព្យាបាលបានត្រឹមត្រូវ៕