ការឆក់ចរន្តអគ្គិសនីកើតឡើងនៅពេលដែលចរន្តអគ្គិសនីធ្វើដំណើរឆ្លងកាត់រាងកាយ ពេលប៉ះប្រភពអគ្គិសនីដោយចៃដន្យ ដូចជាពេលខ្សែភ្លើងដាច់ជាដើម។ បន្ថែមពីនេះ មានមូលហេតុផ្សេងទៀតអាចបណ្តាលឲ្យឆ្លងចរន្តអគ្គិសនីបានផងដែរមានដូចជា៖ រន្ទះបាញ់ ដាក់ម្រាមដៃឬវត្ថុចូលទៅក្នុងព្រីភ្លើង និងប៉ះខ្សែភ្លើងដែលដាច់ជាដើម។
ចំពោះសញ្ញានៃការឆក់ខ្សែភ្លើងអាចប្រែប្រួលអាស្រ័យលើប្រភេទនិងបរិមាណវ៉ុលនៃចរន្តអគ្គីសនី។ សញ្ញាមួយចំនួនរួមមាន៖ ស្ពឹកនិងរមួលក្រពើ រលាក ប្រកាច់ កន្ត្រាក់សាច់ដុំ ឈឺក្បាល បាត់បង់ស្មារតី ចង្វាក់បេះដូងមិនប្រក្រតី និងគាំងបេះដូងផងដែរ។
យ៉ាងណាមិញ បើតាមការពន្យល់លើគេហទំព័រសុខភាព verywell របស់សហរដ្ឌអាមេរិចបានបង្ហាញថា នៅពេលដែលជនរងគ្រោះត្រូវឆក់ចរន្តអគ្គីសនី អ្នកមកជួយសង្រ្គោះត្រូវធានាថា ទីតាំងរបស់ខ្លួនគឺមានសុវត្ថិភាពជាមុន មុននឹងទៅជួយជនរងគ្រោះ។
តទៅនេះយើងសូមលើកយកវិធីសាស្រ្តសង្រ្គោះបឋមករណីឆក់ខ្សែភ្លើងមានដូចតទៅ៖
- ជាដំបូង អ្នកជួយសង្រ្គោះ ត្រូវពិនិត្យជនរងគ្រោះ ដោយមិនត្រូវប៉ះពួកគេឡើយ ព្រោះបើពួកគេនៅតែភ្ជាប់នឹងចរន្តអគ្គីសនី នោះរាង្គកាយជនរងគ្រោះអាចបញ្ជូនចរន្តអគ្គិសនីទៅឱ្យអ្នកដែលមកជួយសង្គ្រោះបន្តបាន។
- ជំហានទី២ ត្រូវហៅអ្នកផ្សេងទៀតទូរស័ព្ទទៅលេខ ១១៩ដើម្បីរកជំនួយសង្គ្រោះបន្ទាន់។
- ជំហានទី៣ អ្នកត្រូវរកប្រភពអគ្គីសនី និងបិទវាបើអាចធ្វើទៅបាន ឬប្រើវត្ថុដែលមិនចម្លងចរន្តដូចជាឈើ ឬប្លាស្ទិកប្រើដើម្បីផ្តាច់ចរន្តពីជនរងគ្រោះ។
- ជំហានទី៤ នៅពេលអ្នកប្រាកដថា អ្នកនឹងមានសុវត្ថិភាព អ្នកត្រូវពិនិត្យមើលដង្ហើម និងជីពចររបស់ជនរងគ្រោះ។ ករណីបើបេះដូងពួកគេឈប់ដើរ ឬមានកម្រិតទាបខុសពីធម្មតា អ្នកត្រូវចាប់ផ្តើមធ្វើការ សង្គ្រោះបេះដូង(CPR) ឱ្យបានភ្លាមៗ។
- ជំហានទី៥ ក្នុងករណីជនរងគ្រោះនៅដកដង្ហើម ប៉ុន្តែហាក់ដូចជាសន្លប់ ឬមានសញ្ញាផ្សេងទៀត អ្នកត្រូវផ្តេកឱ្យពួកដេក ដោយលើកជើងពួកគេទាំងពីរឡើយ និងដាក់ផ្នែកក្បាលក្រោមដងខ្លួនបន្តិច។
- និងជំហានចុងក្រោយ កុំព្យាបាលស្នាមរលាកនិងកុំដោះសម្លៀកបំពាក់ពួកគេចេញ ហើយរង់ចាំរហូតដល់មានជំនួយមកដល់។
ផ្អែកតាមគេហទំព័រសុខភាពដដែរ បានបង្ហាញពីវិធីសាស្រ្តការពារខ្លួនពីការឆក់ចរន្តអគ្គិសនី ដែលអាចអនុវត្តបាននៅក្នុងផ្ទះ។ វិធីសាស្រ្តទាំងនោះរួមមាន៖ អ្នកត្រូវគ្របដណ្តប់រន្ធះព្រីភ្លើងឱ្យបានល្អ និងត្រូវប្រាកដថាខ្សែភ្លើងមានអ៊ីសូឡង់គ្របបានត្រឹមត្រូវ។ បន្ថែមពីនេះ ត្រូវទុកខ្សែភ្លើងឱ្យឆ្ងាយពីដៃកុមារតូចៗ និងគ្រប់គ្រងកុមារនៅកន្លែងដែលអាចកើតមានគ្រោះថ្នាក់ដូចជាឧបករណ៍អគ្គិសនីនៅជិតអាងងូតទឹក ឬអាងហែលទឹក ហើយកុំប្រើឧបករណ៍អគ្គិសនីនៅក្នុងបន្ទប់ទឹកជាដើម។
ចំណែកវិធីសាស្រ្តជាការពារការឆ្លងចរន្តអគ្គិសនីនៅខាងក្រៅផ្ទះវិញគឺ៖ អ្នកត្រូវរាយការណ៍ខ្សែភ្លើងដែលរលំ ឬខូចទៅអាជ្ញាធរ និងកុំប៉ះពាល់វាឱ្យសោះ ហើយកុំបើកបរឬដើរកាត់ទឹក ប្រសិនបើខ្សែភ្លើងធ្លាក់ក្នុងទឹក។ ជាពិសេសបិទកុងទ័រអគ្គីសនីឱ្យលឿន(ឧបករណ៍បំលែងសៀគ្វី) ប្រសិនបើមានក្លិនឈ្ងៀម ឬអ្នកអាចមើលឃើញផ្កាភ្លើងចេញពីខ្សែភ្លើងជាដើម៕