en     km
en     km

វីធីសង្រ្គោះបឋមពេលពុលអាហារ

Share

អាហារគឺជាប្រភពថាមពល និងផ្តល់កម្លាំងដល់រាង្គកាយសម្រាប់ការងារប្រចាំថ្ងៃ។ លើសពីនេះ សុខភាពដែលល្អគឺអាស្រ័យលើវិធីនិងរបៀបបរិភោគ។ នេះជាមូលហេតុចាំបាច់ក្នុងការរៀបចំ និងទុកដាក់អាហារឱ្យបានត្រឹមត្រូវ។ បើអ្នកមិនប្រុងប្រយ័ត្នទេ នោះអ្នកនឺងប្រឈមការពុលអាហារ។ ក្នុងករណីបែបនេះ វីធីសង្រ្គោះបន្ទាន់ការពុលអាហារពិតជាសំខាន់ណាស់ ដើម្បីបញ្ចៀសហានិភ័យដល់សុខភាព។

តើអ្វីជាមូលហេតុនៃការពុលអាហារ?

ការពុលអាហារគឺជាជំងឺដែលបណ្តាលមកពីការបរិភោគអាហារមានមេរោគឆ្លងដែលរួមមានប៉ារ៉ាស៊ីត មេរោគ និងបាក់តេរី។ ហើយអាហារមានមេរោគឆ្លងគឺអាចបណ្តាលមកពីការរៀបចំនិងការរក្សាទុកអាហារមិនត្រឹមត្រូវ ផលិតផលគ្រឿងផ្សំនានា និងអនាម័យក្នុងការចម្អិនអាហារមិនបានស្អាត។ ម្យ៉ាងទៀត ការចម្លងមេរោគក៏អាចកើតមានឡើង ដោយសារអាហារមិនទាន់ឆ្អិន ឬតាមរយៈសម្ភារប្រើប្រាស់ផងដែរ។

 

រូបភាពនេះមានប្រភពពីគេហទំព័របរទេស

 

ដោយឡែកចំពោះរោគសញ្ញានៃការពុលអាហារអាចវិវត្តក្នុងរយៈពេលពី ៥ ទៅ ៧២ ម៉ោងបន្ទាប់ពីការឆ្លងមេរោគ។ទោះបីជារោគសញ្ញាអាចប្រែប្រួល អាស្រ័យលើប្រភពមេរោគក៏ដោយ រោគសញ្ញាទូទៅបំផុតនៃការពុលអាហារស្តែងជារូបភាពដូចជា៖ ក្អួត ចង្អោរ ឈឺឬរមួលពោះ គ្រុនក្តៅដែលសីតុណ្ហភាព ៣៧.៨ និងខ្ពស់ជាងនេះ ហើយមានរាគជាទឹក ឬហូរឈាមជាដើម។

បន្ថែមពីនេះ ចំពោះអ្នកជំងឺមានរោគសញ្ញាទាំងនេះគឺប្រឈមនឹងការខ្សោះជាតិទឹក។ វិធីដែលអាចគ្រប់គ្រងរោគសញ្ញានៃការពុលអាហារនេះ គឺត្រូវផ្តល់ការសង្រ្គោះបឋម និងការព្យាបាលបានត្រឹមត្រូវ។

 

រូបភាពនេះមានប្រភពពីគេហទំព័របរទេស

 

នាងកញ្ញា លោក លោកស្រី តទៅនេះយើងនឹងលើកយកវិធីសាស្រ្តមួយចំនួនដើម្បីធ្វើការសង្គ្រោះបឋមការពុលអាហារដូចតទៅ៖

តាមគេហទំព័រ hellodoctor នៃសហរដ្ធអាមេរិច បានបង្ហាញរោគសញ្ញាមួយចំនួននៃការពុលអាហារដែលអាចអនុវត្តបាននៅផ្ទះដូចជា៖

ទី១ នៅពេលដែលអ្នកជំងឺមានចង្អោរ និងរមួលក្រពះខ្លាំង អ្នកត្រូវឱ្យអ្នកជំងឺសម្រាក ដើម្បីទុកឱ្យក្រពះពួកគេនៅស្ងៀម។

ទី២ បើអ្នកជំងឺក្អួត អ្នកត្រូវលើកទឹកចិត្តពួកគេឱ្យ ផឹកទឹក ដើម្បីការពារការខ្សោះជាតិទឹក។

រីឯទី៣ ប្រសិនការក្អួតធូរស្រាល ហើយអ្នកជំងឺមានអារម្មណ៍ឃ្លានម្តងទៀត អ្នកត្រូវឱ្យពួកគេ ញ៉ាំអាហារដែលងាយរំលាយដូចជាចេក ឬនំបុ័ងបន្ទះ ហើយត្រូវចៀសវាងពីជាតិកាហ្វេអ៊ីន ជាតិអាល់កុល ឬភេសជ្ជៈមានជាតិហ្គេស។ លើសពីនេះទៀត ជៀសវាងផលិតផលទឹកដោះគោ និងអាហារមានជាតិខ្លាញ់ ព្រោះទាំងនេះបណ្តាលឱ្យហើមពោះ និងរាគផងដែរ។

និងចុងក្រោយគឺ អ្នកត្រូវសង្កេតមើលអ្នកជំងឺ ដើម្បីជៀសវាងអ្នកជំងឺស្ថិតក្នុងករណីដែលរោគសញ្ញាកាន់តែអាក្រក់ទៅៗ។

ការរៀបរាប់ខាងលើនេះ ជាការពុលអាហារកម្រិតស្រាលដែលអ្នកអាចព្យាបាល និងគ្រប់គ្រងបាននៅផ្ទះ។ ប៉ុន្តែអ្នកត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់ បើឃើញមានសញ្ញាទាំងនេះ៖

សញ្ញាទី១ គឺអ្នកជំងឺមានចង្អោរ និងក្អួតមានរយៈពេលជាង ២៤ ម៉ោង។

ទី២ អ្នកជំងឺកាន់តែខ្សោយ រួមជាមួយនឹងក្អួតចង្អោរធ្ងន់ធ្ងរ ។

ចំណែកឯទី៣ អ្នកជំងឺគ្រុនក្តៅខ្លាំង ដោយលើសពី ៣៨ អង្សាសេ (102 អង្សាហ្វារិនហៃ)។

និងចុងក្រោយគឺ គាត់កំពុងរាគធ្ងន់ធ្ងរ ឬមានលាយឈាម។

បន្ថែមពីនេះ បើអ្នកសង្ស័យថាការពុលអាហារបានកើតឡើងចំពោះកុមារ ស្ត្រីមានផ្ទៃពោះ មនុស្សចាស់ ឬនរណាម្នាក់ដែលមានប្រព័ន្ធការពាររាងកាយចុះខ្សោយ អ្នកត្រូវបញ្ចូនពួកគេទៅមន្ទីរពេទ្យជាបន្ទាន់ ដោយកុំរង់ចាំឱ្យដល់រយៈពេល ២៤ ម៉ោង។

 

រូបភាពនេះមានប្រភពពីគេហទំព័របរទេស

 

ការពុលអាហារអាចជាបទពិសោធន៍មិនល្អ និងមានពាក់ព័ន្ធហានិភ័យសុខភាពមួយចំនួន ។ សម្រាប់មនុស្សភាគច្រើន ប្រសិនបានទទួលការសង្រ្គោះបឋម និងការព្យាបាលត្រឹមត្រូវ នោះជំងឺនឹងធូរស្រាលបន្ទាប់ពីមួយថ្ងៃ ឬពីរថ្ងៃ។ ប៉ុន្តែសម្រាប់មនុស្សឯទៀត អាចមានគ្រោះថ្នាក់ ឬអាចស្លាប់បាន ប្រសិនមិនបានព្យាបាលត្រឹមត្រូវ។

ដើម្បីជៀសវាងការពុលអាហារ អ្នកត្រូវបង្កើតទម្លាប់ពិនិត្យមើលអាហារម្តងហើយម្តងទៀត និងត្រូវមានការប្រុងប្រយ័ត្នបន្ថែមនៅពេលផ្តល់អាហារដល់កុមារ មនុស្សចាស់ ឬស្រ្តីមានផ្ទៃពោះ។ ហើយត្រូវប្រកាន់ខ្ជាប់អនាម័យត្រឹមត្រូវ និងត្រូវប្រាកដថាអ្នក និងក្រុមគ្រួសារទទួលបានអាហារមានសុវត្ថិភាពជានិច្ច៕

 

Share

ព័ត៌មានទាក់ទង

Image