en     km
en     km

ស្ត្រី​ប៉ាគីស្ថានម្នាក់ត្រូវដុតទាំងរស់

Share

មន្ត្រីប៉ាគីស្ថានបានរាយការណ៍​ថា ស្រ្តីម្នាក់ត្រូវក្រុមគ្រួសារដុតសម្លាប់ នៅក្នុងលំនៅដ្ឋានរបស់ខ្លួនក្នុងខេត្ត Punjab នៃប្រទេសប៉ាគីស្ថាន។ ខណៈអ្នកប្រព្រឹត្តទាំងនោះ មិនមានកូនចិត្តស្តាយក្រោយនូវទង្វើដ៏ឃោរឃៅរបស់ខ្លួននោះទេ។

 

បើយោងតាមសារព័ត៌មាន The Indian Express ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី២៩ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ស្រ្តីរងគ្រោះមានអាយុ​ ២០ ឆ្នាំ រស់នៅជាមួយក្រុមគ្រួសារនៅក្នុងស្រុក Garh Maharaja ឃុំ Jhang ខេត្ត Punjab នៃប្រទេសប៉ាគីស្ថាន។

មន្រ្តីប៉ូលីសប៉ាគីស្ថាន លោក Muhammad Azam បានប្រាប់សារព័ត៌មាន PTI កាលពីថ្ងៃអាទិត្យ ទី២៨ ខែឧសភានេះថា ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០២៣ ដោយជនសង្ស័យជាឳពុកមានឈ្មោះថា Rajab Ali, បងប្រុសពីរនាក់ ម្នាក់ឈ្មោះថា Jabbar និងម្នាក់ទៀតមានឈ្មោះ Aamir រួមទាំងសមាជិកគ្រួសារដទៃទៀត បានចាប់ស្រ្តីរងគ្រោះចងដៃជើងនៅក្នុងផ្ទះ រួចធ្វើទារុណកម្មយ៉ាងព្រៃផ្សៃមកលើរូបនាង។

មន្រ្តីប៉ូលីសរូបនេះបានបន្តថា នៅក្នុងថ្ងៃដដែល ជនសង្ស័យទាំងនេះបានដុតផ្ទះរបស់ពួកគេចោល ដែលបណ្តាលស្រ្តីរងគ្រោះកំពុងនៅក្នុងផ្ទះបានឆាបឆេះរោលរាលពេញរាងកាយ។ យ៉ាងណាមិញ ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​ក្នុងមន្ទីរពេទ្យភ្លាមៗ​ ក៏ប៉ុន្តែជាអកុសល គ្រូពេទ្យជំនាញពុំមានលទ្ធភាពជួយជនរងគ្រោះបានទាន់ពេលវេលានោះទេ។ នៅមុនពេលជនរងគ្រោះស្លាប់ ជនរងគ្រោះបានប្រាប់ប៉ូលីសពីអត្តសញ្ញាណនៃជនបង្កទាំងអស់ ដែលមានដូចជាឳពុក បងប្រុស២នាក់ និងបងស្រីម្នាក់របស់នាង។

ដោយឡែក លោក Muhammad Azam ជាមន្ត្រី​ប៉ូលិសស៊ើបអង្កេតក្នុងករណីនេះផ្ទាល់​បាន​និយាយ​ថា មូលហេតុដែលឈានដល់ការសម្លាប់ស្រ្តីរងគ្រោះនេះ គឺដោយសារតែស្រ្តីរងគ្រោះចង់រៀបការជាមួយបុរស ម្នាក់ដែលជនរងគ្រោះជ្រើសរើសដោយខ្លួនឯង។ លោកបានបន្តថា នៅមុនថ្ងៃកើតហេតុមួយថ្ងៃ ក្រុមគ្រួសាររបស់ជនរងគ្រោះបានឱ្យដឹងថា អ្នកទាំងពីរបានទៅដើរលេង និងចំណាយពេលវេលាតែពីរនាក់ជាមួយគ្នានៅមុនពេលត្រឡប់មកផ្ទះវិញ។

ជាមួយគ្នានោះដែរ សមាជិកក្រុមគ្រួសារដែលបានសម្លាប់នាង​មិនបានសម្តែងការសោកស្តាយនូវទង្វើរបស់ពួកគេ ដែលបានធ្វើទៅលើស្រ្តីរងគ្រោះដែល​ត្រូវជាកូនស្រី ឬប្អូនស្រីរបស់ខ្លួននោះទេ។ ផ្ទុយទៅវិញ ពួកគេ​បាន​និយាយ​ថា ​ស្រ្តីរងគ្រោះ​​បាន​បំផ្លាញ​កិត្តិយស​ក្រុម​គ្រួសារ និង​សម​នឹង​ទទួល​បានលទ្ធផលបែបនេះ។

សូមជម្រាបថា ស្ត្រីប៉ាគីស្ថានរាប់រយនាក់ត្រូវបានសម្លាប់ជារៀងរាល់ឆ្នាំនៅតំបន់ផ្សេងៗនៃប្រទេសប៉ាគីស្ថាន ក្រោមមូលហេតុស្រ្តីបានបំផ្លាញកិត្តិយសគ្រួសារ។ គណៈកម្មាធិការសិទ្ធិមនុស្សនៃប្រទេសប៉ាគីស្ថាន (HRCP) បានរាយការណ៍ថា ជាមធ្យម ស្រ្តីរងគ្រោះក្នុងបទចោទថាបានបំផ្លាញកេរ្តិ៍ឈ្មោះគ្រួសារ ហើយត្រូវបានគេសម្លាប់យ៉ាងឃោរឃៅមានចំនួន ៦៥០នាក់ ក្នុងមួយឆ្នាំ បើគិតត្រឹមមួយទសវត្សរ៍ចុងក្រោយនេះ។ ក៏ប៉ុន្តែ ចំនួននេះទំនងជាមានច្រើនជាងនេះទៅទៀត ដោយសារភាគច្រើនករណីខ្លះពុំបានរាយការណ៍ដល់សមត្ថកិច្ចឱ្យដឹងនោះទេ៕

ប្រភព៖ The Indian Express ចុះថ្ងៃច័ន្ទ ទី២៩ ខែឧសភា ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image