en     km
en     km

អត្ថបទស្រាវជ្រាវ៖ របាយការណ៍សេរីភាពក្នុងពិភពលោកបង្ហាញថាកម្ពុជាមិនទាន់មានសេរីភាពសារព័ត៌មាននិងការបញ្ចេញមតិ

Share

របាយការណ៍សេរីភាពក្នុងពិភពលោក ឆ្នាំ២០២២ ចេញផ្សាយដោយអង្គការផ្ទះសេរីភាព(Freedom House) គូសបញ្ជាក់ថា សេរីភាពសារព័ត៌មាន និងសេរីភាពបញ្ចេញមតិនៅកម្ពុជាកំពុងទទួលរងការគំរាមគំហែងកាន់តែខ្លាំង ខណៈប្រជាជនកម្ពុជាហាក់ពុំហ៊ានបញ្ចេញទស្សនៈ។ បន្ថែមពីនេះរបាយការណ៍បង្ហាញទៀតថា រាជរដ្ឋាភិបាលប្រើប្រាស់ច្បាប់មួយចំនួន និងបង្កើតច្បាប់ថ្មីដើម្បីបង្កើនការជ្រៀតជ្រែកក្នុងសេរីភាពអ៊ីនធឺណេត។
ដើម្បីជ្រាបកាន់តែច្បាស់ថារបាយការណ៍បង្ហាញយ៉ាងដូចម្តេចខ្លះទៀតស្តីពីការរឹតត្បិតលើប្រព័ន្ធអ៊ីនធឺណេត រួមបញ្ចូលទាំងសេរីភាពបញ្ចេញមតិតាម្រព័ន្ធអនឡាញនៅកម្ពុជាឆ្នាំ២០២២? តទៅនេះសូមនាង កញ្ញា លោក លោកស្រីអញ្ជើញស្តាប់អត្ថបទស្រាវជ្រាវដែលរៀបរៀងដោយកញ្ញា គុជ ស៊ីកុល ដូចតទៅ៖

របាយការណ៍ថ្មីមួយរបស់អង្គការផ្ទះសេរីភាព(Freedom House) ស្តីពីការពិនិត្យនៃដំណើរការរឹតត្បិតលើប្រព័ន្ធអ៊ីនធឺណេតសម្រាប់កម្ពុជាឆ្នាំ២០២២ បានលាតត្រដាងឱ្យដឹងថា កម្ពុជានៅមិនទាន់មានសេរីភាពគ្រប់គ្រាន់ក្នុងការផ្តល់វេទិកាដល់ប្រជាជនដើម្បីបញ្ចេញទស្សនៈផ្ទាល់ខ្លួនតាមរយៈប្រព័ន្ធអនឡាញពាក់ព័ន្ធនឹងការរិះគន់រាជរដ្ឋាភិបាលនៅឡើយ។
តឹកតាងជាច្រើនដែលមានសរសេរក្នុងរបាយការណ៍ ក្នុងនោះគេឃើញថា គេហទំព័រព័ត៌មាន និងវេបសាយមួយចំនួនផ្សេងទៀត ត្រូវបានបិទតាមកាលកំណត់នៅក្នុងប្រទេសកម្ពុជា ជាពិសេសគេហទំព័រដែលផ្សព្វផ្សាយព័ត៌មាន ដែលគេយល់ឃើញថា ជាការគំរាមកំហែងដល់រដ្ឋាភិបាលកំពុងកាន់អំណាច។
របាយការណ៍បង្ហាញថានៅក្នុងខែកក្កដា ឆ្នាំ២០១៨ រដ្ឋាភិបាលបានបញ្ជាឱ្យអ្នកផ្តល់សេវាអ៊ិនធឺណិត (ISP) បិទវេបសាយព័ត៌មានយ៉ាងតិច១៥ ក្នុងអំឡុងពេលបោះឆ្នោតនៅក្នុងប្រទេស។ បន្ថែមពីនេះមានការបិទនូវវេបសាយនានាទាក់ទងនឹងការលេងល្បែងស៊ីសង។
Freedom House បង្ហាញទៀតថា អ្នកសារព័ត៌មាន សកម្មជន និងអ្នកប្រើប្រាស់អ៊ីនធឺណិតផ្សេងទៀត ប្រឈមមុខនឹងការរុកកួនផ្លូវកាយ និងតាមអនឡាញកាន់តែខ្លាំង ចំពោះការបង្ហោះតាមអនឡាញរបស់ពួកគេ។ តួយ៉ាងអ្នកសារព័ត៌មានខ្មែរ លោក កូវ ពិសិដ្ឋ ត្រូវបានគេចាប់ខ្លួននូវថ្ងៃទី ២៤ កក្កដា ២០២១ បន្ទាប់ពីលោកបានបង្ហោះការរិះគន់នៅលើហ្វេសប៊ុក អំពីការសម្រេចចិត្តរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការប្រើប្រាស់ថ្នាំបង្ការស៊ីណូហ្វាម និងស៊ីណូវ៉ាក់របស់ប្រទេសចិន។ លោក អូន ជីវ ត្រូវបានគេចាប់ខ្លួន កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១២ បន្ទាប់ពី រាយការណ៍ អំពី ជម្លោះ ដីធ្លី ដែលពាក់ព័ន្ធ នឹងមន្ត្រីជាន់ខ្ពស់នៅឧទ្យានជាតិ បុទមសាគរ ខេត្តកោះកុង។
ផ្ទុយទៅវិញរាជរដ្ឋាភិបាលមើលឃើញថា ឧក្រិដ្ឋកម្មតាមប្រព័ន្ធអិនធឺណេតបានបង្កបញ្ហាប្រឈម និងការគំរាមកំហែង យ៉ាងខ្លាំងដល់សុវត្ថិភាព និងសន្តិសុខជាតិ។ ដូចនេះដើម្បីការពារសុវត្ថិភាព និងសន្តិសុខជាតិ រដ្ឋាភិបាល បានសម្រេចខិតខំតាក់តែង ដាក់ឱ្យអនុវត្តច្បាប់ និងបទដ្ឋានគតិយុត្តិទាក់ទងនឹងប្រព័ន្ធផ្សព្វផ្សាយ និងអ៊ិនធឺណិត ហើយច្បាប់ និងបទដ្ឋានគតិយុត្តិទាំងនេះ ត្រូវបានគេរិះគន់ថា ជាឧបករណ៍ ដើម្បីបង្កើនការឃ្លាំមើល ឬស៊ើបការណ៍ការងាររបស់អង្គការសង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ និង សកម្មជនដែលហ៊ានរិះគន់រដ្ឋាភិបាល និងគណបក្សកាន់អំណាច។

របាយការណ៍លើកឡើងទៀតថា រដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់ច្បាប់ និងលិខិតគតិយុត្តិជាធរមាន ហើយបានបង្កើតច្បាប់ថ្មី ដើម្បីបង្កើនការជ្រៀតជ្រែក។ ការចាប់ពិរុទ្ធបានកើនឡើងយ៉ាង គំហុកនៅកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងទម្រង់ផ្សេងៗគ្នា។ ការដាក់ចេញដោយបង្ខំនូវវិធានការផ្លូវច្បាប់ និងមិនមែនផ្លូវច្បាប់ដោយរដ្ឋាភិបាលកម្ពុជាប្រឆាំងនឹងក្រុម ឬបុគ្គលដែលបានកំណត់ជាគោលដៅ បានរឹតត្បិតជាអវិជ្ជមានលើការអនុវត្តសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពអ៊ិនធឺណិត។

ទិន្នន័យរបស់ OONI បានបញ្ជាក់អះអាងពីវេបសាយចំនួន ៤៣ ដែលត្រូវបានបិទខ្ទប់យ៉ាងតឹងរឹង។ ក្នុងចំណោមគេហទំព័រទាំងនេះ មានគេហទំព័រអន្តររដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយ និងចែករំលែកសំណុំឯកសារ បានទទួលរងការវាយប្រហារ។ កត្តានេះ បន្តបង្កការព្រួយបារម្ភ និងការព្រមានកាន់តែខ្លាំងអំពីសេរីភាពសារព័ត៌មាន សេរីភាពអ៊ិនធឺណិត និងការចាប់ពិរុទ្ធនៅកម្ពុជា។
ផ្អែកលើការវិភាគ និងលទ្ធផលរកឃើញនៅក្នុងរបាយការណ៍នេះ បានបញ្ជាក់លើការថ្កោលទោស ដែលធ្វើឡើងដោយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា។
របាយការណ៍បានផ្តល់ជាអនុសាសន៍ ដោយស្នើឱ្យរដ្ឋពិនិត្យ និងកែសម្រួលច្បាប់បច្ចុប្បន្ន និងនីតិកម្មដែលមិនទាន់បញ្ចប់ រួមទាំងអនុក្រឹត្យស្ដីពីច្រកទ្វារអ៊ិនធឺណិតជាតិ និងវិសោធនកម្មច្បាប់ស្តីពីរបបសារព័ត៌មាន និងសេចក្តីព្រាង ច្បាប់ស្ដីពីឧក្រិដ្ឋកម្មតាមអ៊ិនធឺណិត និងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន ដើម្បីបញ្ចៀសការប្រើប្រាស់ពាក្យពេចន៍មិនច្បាស់លាស់ និងការរឹតត្បិតដែលទូលំទូលាយពេក។

គណៈកម្មាធិការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានផ្ដល់អនុសាសន៍បន្ថែមទៀត ដោយឱ្យរដ្ឋធានាថា នៅក្នុងការតាក់តែង និងការអនុវត្តច្បាប់ របស់ខ្លួន រួមទាំងអនុក្រឹត្យរបស់នាយករដ្ឋមន្ត្រី ការរឹតត្បិតលើការអនុវត្តសេរីភាពនៃការបញ្ចេញមតិ និងការ បង្កើតអង្គការ ឬសមាគម ដោយអនុលោមតាមការតម្រូវដ៏តឹងរឹង នៃកតិកាសញ្ញាស្តី ពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ៕

Share

ព័ត៌មានទាក់ទង

Image