ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលគឺជាមូលហេតុចម្បងទីមួយនៃពិការភាពនៅទូទាំងសកលលោក ជាពិសេសលើមនុស្សដែលមានអាយុលើសពី ៦៥ឆ្នាំឡើងទៅ។ ក្នុងរវាងកន្លះសតវត្សចុងក្រោយនេះ អត្រានៃជំងឺនេះមានការថយចុះប្រហែល ៤០ ភាគរយនៅប្រទេសអភិវឌ្ឍន៍ ប៉ុន្តែមានការកើនឡើង ១០០ ភាគរយ នៅបណ្តាលប្រទេសដែលមានចំនូលទាប និង មធ្យម។ នេះបើតាមការបង្ហាញក្នុងទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យកាល់ម៉ែត។
ភាគច្រើនជំងឺនេះអាចមានសភាពធ្ងន់ធ្ងរបណ្តាលឲ្យស្លាប់ ឬបន្សល់នូវភាពពិការជាច្រើន ទោះបីបច្ចុប្បន្ននេះមានការព្យាបាលដោយបច្ចេកវិទ្យាទំនើបៗក៏ដោយ។ ដូច្នេះទើបមានការសិក្សាស្រាវជ្រាវជាច្រើន ដើម្បីស្វែងរកវិធីបង្ការកុំឲ្យកើតមានជំងឺនេះ។
បន្ថែមពីនេះ កត្តាដែលអាចបង្កាជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលឬជំងឺស្រ្តូក ដែលមនុស្សគ្រប់គ្នាអាចអនុវត្តន៍បាននោះគឺការផ្លាស់ប្តូរទម្លាប់មួយចំនួនក្នុងជិវិតរស់នៅប្រចាំថ្ងៃ(Lifestyle change)។
ក្នុងនោះតាមទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យកាល់ម៉ែតបានលើកឡើងនូវវិធីសាស្រ្តចំនួន ៣ សម្រាប់ការរស់នៅប្រចាំថ្ងៃដែលអាចបង្ការជំងឺនេះបានផងដែរ។
វីធីសាស្រ្តទី១គឺ របបអាហារទទួលទានប្រចាំថ្ងៃ៖ អ្នកត្រូវបរិភោគអាហារដែលមានជាតិអំបិលឱ្យបានតិចបំផុត។ បរិភោគបន្លែ និងផ្លែឈើឲ្យបានច្រើនមុខ ជាពិសេសអ្នកត្រូវបញ្ចូលគ្រាប់ធញ្ញជាតិទៅក្នុងរបបអាហារប្រចាំថ្ងៃផងដែរ។ ការទទួលទានអាហារដែលល្អសម្រាប់សុខភាព(Healthy diet) មានសារៈសំខាន់ណាស់ក្នុងការកាត់បន្ថយហានិភ័យជំងឺ Stroke នេះ ព្រោះការទទួលទានរបបអាហារបានត្រឹមត្រូវ អាចកាត់បន្ថយការកើតជំងឺមួយចំនួនដែលជាមូលហេតុបង្កឱ្យមានជំងឺស្រ្តូកនេះ ដែលក្នុងនោះមានដូចជា ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម លើសជាតិខ្លាញ់ ជំងឺធាត់ ជំងឺគេងស្រម៉ុក និងជំងឺសរសៃឈាមបេះដូងជាដើម។
ចំណែកឯវិធីសាស្រ្តទី២ គឺការធ្វើលំហាត់ប្រាណ៖ តើត្រូវធ្វើលំហាត់ប្រាណបែបណា ទើបត្រឹមត្រូវ?
ការធ្វើលំហាត់ប្រាណ គឺអាចកាត់បន្ថយជំងឺលើសឈាម និងមូលហេតុបង្កផ្សេងៗទៀត នៃជំងឺសរសៃឈាម។ អ្នកត្រូវធ្វើលំហាត់ប្រាណឲ្យបានយ៉ាងតិច ៣ ទៅ ៤ដងក្នុងមួយសប្តាហ៍ និងយ៉ាងតិចឱ្យបាន ៣០ នាទីក្នុងការធ្វើលំហាត់ប្រាណម្តងៗ។
រីឯវិធីសាស្រ្តចុងក្រោយគឺ កត្តាផ្សេងៗដែលត្រូវយកចិត្តទុកដាក់មានដូចជា៖ ការរក្សាលំនឹងទម្ងន់ឲ្យបានសមស្រប។ ចំពោះនារីត្រូវរក្សា រង្វង់ចង្កេះកុំឲ្យលើសពី ៨០ សង់ទីម៉ែត។ ចំណែកឯបុរសត្រូវរក្សារង្វង់ចង្កេះកុំឲ្យលើសពី ៩០ សង់ទីម៉ែត។ ហើយចំពោះ សន្ទស្សន៍ម៉ាសរាងកាយ (BMI): សូមឱ្យតិចជាង ២៣ គីឡូក្នុងមួយម៉ែតការ៉េ (< 23 Kg/m2)។
សូមបញ្ចាក់ថា BMI (Body Mass Index) ជាសន្ទស្សន៍ស្ដង់ដារកំណត់សុខភាពដែលពាក់ព័ន្ធនឹងទម្ងន់ ថាតើយើងមានគីឡូធម្មតា មិនគ្រប់គីឡូ លើសគីឡូ ឬធាត់។ រង្វាស់សុខភាពនេះ គឺប្រាប់ពីតម្រុយសុខភាពថា រាងកាយយើងកំពុងស្ថិតក្នុងស្ថានភាពល្អ ឬមិនល្អ។ នេះតាមការបង្ហាញរបស់គេហទំព័រ ហេឡូគ្រូពេទ្យ។
បន្ថែមពីនេះតាមគេហទំព័រនេះដដែរ បានបង្ហាញពីការគណនាសន្ទស្សន៍ស្ដង់ដារសម្រាប់មនុស្សពេញវ័យ ដោយត្រូវយកទម្ងន់(គីឡូក្រាម) គុណនឹងកម្ពស់លើកជាការ៉េ។ ក្នុងករណី BMI៖
- ក្រោម ១៨.៥ បញ្ជាក់ថាមិនគ្រប់គីឡូ
- ចាប់ពី ១៨.៥ – ២២.៩ គឺគ្រប់គីឡូល្អ
- ចាប់ពី ២៣ – ២៤.៩ គឺលើសគីឡូ
- ចាប់ពី ២៥ – ២៩.៩ គឺធាត់ក្នុងកម្រិត១
- និង BMI ចាប់ពី ៣០ ឡើងទៅ គឺធាត់ក្នុងកម្រិត២។
ដោយឡែកកត្តាដែលត្រូវយកចិត្តទុកដាក់មួយទៀតនោះគឺ អ្នកត្រូវអញ្ជើញពិនិត្យ និងព្យាបាល ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម លើសជាតិខ្លាញ់ ជំងឺបេះដូងនិងសរសៃឈាមឲ្យបានត្រឹមត្រូវ។
សរុបសេចក្តីមក ដើម្បីជៀសវាងពីជំងឺដ៏កាចសាហាវនេះ សូមសាធារណជនគប្បីថែរក្សាសុខភាពឲ្យបានល្អ និងត្រូវធ្វើការពិនិត្យសុខភាពឲ្យបានទៀងទាត់៕
“សូមចូលរួមទាំងអស់គ្នាដើម្បីកាត់បន្ថយជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល ពីព្រោះពិការភាពនាំឲ្យខាតបង់ធំធេងណាស់ ចំពោះជីវិត គ្រួសារ និងសង្គមជាតិយើង។”