en     km
en     km

គណបក្សភ្លើងទៀនគ្រោងបន្តប្ដឹងឱ្យក្រសួងមហាផ្ទៃផ្ដល់ឯកសារចុះបញ្ជីគណបក្សឈានទៅធ្វើនីត្យានុកូលកម្មចូលរួមបោះឆ្នោត

Share

ភ្នំពេញ៖ គណបក្សភ្លើងទៀន សម្រេចតតាំងតាមផ្លូវច្បាប់បន្ត ដើម្បីឱ្យក្រសួងមហាផ្ទៃផ្ដល់នីត្យានុកូលកម្មលើលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ។ គណបក្សប្រឆាំងដែលត្រូវបានបដិសេដមិនឱ្យចូលរួមការបោះឆ្នោតមួយនេះ អះអាងថា លិខិតចុះបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃអាចជាឯកសារចម្បងដែលឱ្យគណបក្សរបស់ខ្លួនចូលរួមប្រកួតប្រជែងការបោះឆ្នោតថ្នាក់ជាតិខាងមុខបាន។ លោក គីម ចាន់ចាវ រាយការណ៍

 

លោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀនប្រាប់វិទ្យុស្ត្រីនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះថា ក្នុងកិច្ចប្រជុំគណៈកម្មាធិការនាយកគណបក្សភ្លើងទៀន នៅរសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញ ថ្នាក់ដឹកនាំបក្សសម្រចផ្ដល់សិទ្ធិឱ្យមេធាវីតតាំងតាមផ្លូវច្បាប់បន្ត ដើម្បីឱ្យក្រសួងមហាផ្ទៃផ្ដល់នីត្យានុកូលកម្មលើលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ។ អ្នកនាំពាក្យគណបក្សប្រឆាំងដដែលនេះជឿជាក់ថា លិខិតចុះបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃ ជាឯកសារចម្បងដែលអាចឱ្យគណបក្សរបស់ខ្លួនចូលរួមប្រកួតប្រជែងការបោះឆ្នោតថ្នាក់ជាតិខាងមុខបាន។ លោកថា ក្រសួងមហាផ្ទៃគ្រាន់តែធ្វើទុតិយតា ឬនីត្យានុកូលកម្មលិខិតនោះមួយច្បាប់ គឺអាចឱ្យគណបក្សរបស់លោក យកមកឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានហើយ។

 

«លិខិតហ្នឹងមានមួយច្បាប់តម្កល់នៅក្រសួងមហាផ្ទៃ លិខិតដើមហ្នឹង។ ប្រាកដជាមាន! ចុះហេតុអីបានក្រសួងមហាផ្ទៃមិនអាចចេញឱ្យ។ ទី២លិខិតហ្នឹងអាចចម្លងទៅសាលាក្រុងរាជធានី ឬខេត្ត។ អញ្ចឹងបើថានេះទេ អាចធ្វើនីត្យានុកូលកម្មពីកន្លែងហ្នឹងមក កូពីហើយធ្វើនីត្យានុកូលកម្មឱ្យហើយ ព្រោះអីដោយថាគេថាយើងមានចេតនាមិនចង់ចូលរួមលាក់ហា៎ ហេតុអីមិនចេញអាហ្នឹង?…»

 

 

កាលពីថ្ងៃទី២៦ ខែឧសភា សម្តេច ហ៊ុន សែន ដែលជាមេដឹកនាំបក្សកាន់អំណាចចាត់ទុកថា ការខ្វះឯកសាររបស់គណបក្សភ្លើងទៀនគឺជាឧបាយកល និងជាគោលដៅរបស់គណបក្សប្រឆាំង ដែលមិនចង់ចូលរួមការបោះឆ្នោត។ សម្តេច ហ៊ុន សែន អះអាងថា មេដឹកនាំណាម្នាក់របស់គណបក្សភ្លើងទៀន បានព្យាយាមយកលិខិតការចុះបញ្ជីគណបក្សនយោបាយ ដែល គ.ជ.ប ទាមទារ ទៅលាក់ទុក ដោយសារមិនចង់ចូលរួមបោះឆ្នោត ហើយទម្លាក់កំហុសឱ្យបរទេសមានបញ្ហាជាមួយកម្ពុជា។

 ក៏ប៉ុន្តែករណីនេះ ត្រូវបានគណបក្សភ្លើងទៀនអះអាងម្ដងជាពីរដងថា លិខិតចុះបញ្ជីគណបក្សនយោបាយោបាយច្បាប់ដើម បានបាត់ចាប់តាំងពីក្រោយពេលដែលតុលាការសម្រេចរំលាយគណបក្សសង្គ្រោះជាតិមកម្លេះ គឺអំឡុងពេលដែលអាជ្ញាធរកាន់កាប់ទីស្នាក់ការគណបក្សបក្សសង្គ្រោះជាតិ នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ៕

Share

ព័ត៌មានទាក់ទង

Image