en     km
en     km

លោក សៅ សុខា ក្ដៅស្លឹកត្រចៀកត្បិតបទល្មើសព្រៃឈើកើតមានដោយមន្ត្រីមូលដ្ឋានអសកម្ម

Share

ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ សៅ សុខា បានក្ដៅស្លឹកត្រចៀករឿងបទល្មើសព្រៃឈើ ដោយបានប្រកាសបើកដៃឱ្យកម្លាំងរាជអាវុធហត្ថវាយខ្នោះលើមន្ត្រីដែលហ៊ានចេញមកកាងជនល្មើសព្រៃឈើ។ លោកយល់ថា បើចៅហ្វាយស្រុក មេព្រៃ និងកងកម្លាំងប្រដាប់អាវុធនៅមូលដ្ឋាន មិនសមគំនិតជាមួយជនល្មើសគឺ ច្បាស់ជាគ្មានជនណាហ៊ានចូលកាប់ព្រៃឈើនោះទេ។

លោក គីម ចាន់ចាវ រាយការណ៍

លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានលើកឡើងថា ក្រុមជនល្មើសបានឆ្លៀតឱកាសកាប់បំផ្លាញព្រៃឈើនៅរដូវប្រាំងនេះដោយសារងាយស្រួលចេញចូលទៅក្នុងព្រៃ ខណៈកងកម្លាំងសមត្ថកិច្ចកំពុងមមាញឹកក្នុងការការពារសន្តិសុខសណ្ដាប់ធ្នាប់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម រួមទាំងការបោះឆ្នោតដែលខិតជិតមកដល់នាពេលឆាប់ៗខាងមុខនេះ។

តាមរយៈសារសំឡេងចែកចាយលើបណ្ដាញសង្គមតេឡេក្រាមនៅថ្ងៃទី២៦ ខែមេសា លោកមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសរូបនេះសង្កត់ធ្ងន់ថា រឿងដ៏ធំដែលធ្វើឱ្យបទល្មើសកាប់បំផ្លាញព្រៃឈើនៅតែបន្តកើតឡើង គឺដោយសារមន្ត្រីនៅតាមមូលដ្ឋានអសកម្ម។ លោកបានព្រមានចំៗថា បើមេព្រៃ និងចៅហ្វាយស្រុក ឬកម្លាំងប្រដាប់អាវុធនៅតាមមូលដ្ឋានចេះស្ដាប់បទបញ្ជានាយករដ្ឋមន្ត្រី ហើយចូលរួមក្នុងការទប់ស្កាត់តាមរយៈការអប់រំប្រជាពលរដ្ឋ បូករួមទាំងវិធានការរដ្ឋបាលនានា នោះនឹងគ្មានជនណាហ៊ានចូលទៅប្រព្រឹត្តបទល្មើសនោះទេ។ ប៉ុន្តែលោកថា រឿងបទល្មើសនេះ ដោយសារខ្មោចស្រុក និងខ្មោចព្រៃត្រូវគ្នា។ ងាកទៅមន្ត្រីជំនាញវិញ លោកមេបញ្ជាការបង្ហើបថា គឺផ្ដេកផ្ដួល រមួលផ្សំគ្រេចតែម្ដង។

«វាឆ្លៀតប្រព្រឹត្តអាបទល្មើសហ្នឹង វាគិតថាយើងគ្មានកម្លាំងបង្ក្រាបវាទេ។ ប៉ុន្តែរឿងដែលធំជាងហ្នឹងគឺមន្ត្រីរបស់យើងនៅមូលដ្ឋានដែលអសកម្ម….»។ «សារព័ត៌មានសង្រ្គោះរាស្រ្ត Sangkruas Reas» កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ បានផ្សាយអត្ថបទពាក់ព័ន្ធនឹងបទល្មើសនេះ ក្រោមចំណងជើងថា «គោយន្តកន្ត្រៃប្រមាណជិត២០០គ្រឿងសម្រុកដឹកជញ្ជូនឈើខុសច្បាប់ក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ដឹកចូលក្រុមហ៊ុន ស៊ីង បាយអូថេក ក្នុងភូមិសាស្ត្រឃុំកំពង់ចាម ស្រុកសំបូរទាំងយប់ទាំងថ្ងៃ»។ ក្នុងអត្ថបទនេះ បានផ្សាយតាមសម្តីរបស់ប្រជាពលរដ្ឋថា មានការកាប់ព្រៃឈើក្នុងតំបន់ព្រៃឡង់ ហើយមានគោយន្តកែច្នៃជាច្រើនគ្រឿង បានសម្រុកដឹកជញ្ជូនឈើទាំងនោះចេញទាំងយប់ ចូលទៅក្រុមហ៊ុន(Think-Biotech;Co.ltd)។

លោកនាយឧត្តមសេនីយ៍ សៅ សុខា បានប្រើធម៌ក្តៅដាក់ជនបំផ្លាញព្រៃឈើ ដោយបញ្ជាភ្លាម ដោយឲ្យរៀបចំកម្លាំងកងរាជអាវុធហត្ថ ប្រញាប់ចុះទៅបង្ក្រាបទាំងយប់។ បេសកកម្មនេះរៀបចំកម្លាំង១៥០នាក់ កាំភ្លើងគ្រប់ដៃ និងមធ្យោបាយផ្សេងៗ បើចាំបាច់ចង់ប្រើរថពាសដែកបើចាំបាច់ ដើម្បីសង្គ្រុប បំផ្លាញព្រៃឈើទាំងនោះ។ សារសំឡេងដែលប្រើសម្តីខ្លាំងៗ លក្ខណៈម៉ឹងម៉ាត់ ពីលោកមេបេអឹមរូបនេះ បានបញ្ជាអនុញ្ញាតឲ្យកងកម្លាំងសមត្ថកិច្ច បាញ់សម្លាប់ក្រុមជនល្មើសព្រៃឈើតែម្តង បើពួកគេមានកាំភ្លើង ហើយហ៊ានបាញ់តដៃលើកងកម្លាំងសមត្ថកិច្ចនោះ។

«បើមិននាំគ្នាធ្វើទេ អាណាខ្លះចេញមុខមកការពារអាបទល្មើសហ្នឹង ហើយហៅមន្ត្រីរដ្ឋបាលព្រៃឈើទៅ។ ចាប់ហើយសួរមកមើលអាណាខុសអាណាត្រូវ វាយ៉ាងម៉េច? ឥលូវបើអាស្រុកវាមិនធ្វើអាខេត្តវាមិនធ្វើទេ យើងធ្វើ។ មិនបាច់ហៅអ្នកណាទៅច្រើនទេ អាវុធហត្ថទៅធ្វើទៅ។ ហើយបើមានកាំភ្លើងតដៃ បាញ់ពីនេះទេ បាញ់តែម្ដងទៅមិនបាច់និយាយច្រើនទេ។ យកPKMទៅតែម្ដងទៅ បំពាក់១០ដើមទៅ។ បើថាវាបាញ់ត បាញ់ឱ្យអស់តែម្ដងទៅ បាញ់កម្ទេចក្រវាត់ចោលឲ្យអស់តែម្តង ស្អីក៏វាសម្បើមម្ល៉េះអ្ហា! មកដល់ម៉ោងនេះហើយ នៅបំផ្លិចបំផ្លាញទៀត មិនឮនាយករដ្ឋមន្រ្តីបញ្ជាយ៉ាងម៉េចទេហី។ ហើយអាមន្ត្រីអស់ហ្នឹងគឺដេកងាប់ចោលតែហ្មង»។ បទល្មើសកាប់បំផ្លាញព្រៃឈើនៅតែប្រធានបទក្ដៅ និងមានការចាប់អារម្មណ៍ពីអ្នកការពារ និងស្រឡាញ់ធម្មជាតិ ដោយសារបទល្មើសព្រៃឈើនៅតែបន្តកើតមាន ទោះបីសមត្ថកិច្ចមានចំណាត់ការចុះបង្ក្រាបជាបន្តបន្ទាប់ក៏ដោយ។ កន្លងទៅអង្គការសង្គមស៊ីវិល និងក្រុមសកម្មជនព្រៃឈើ បានអំពាវនាវជារឿយៗដល់រដ្ឋាភិបាល ឱ្យដាក់ចេញវិធានការប្រសិទ្ធភាពក្នុងការបង្ក្រាបចំពោះបទល្មើសកាប់បំផ្លាញព្រៃឈើនេះ៕

Share

ព័ត៌មានទាក់ទង

Image