en     km
en     km

វិធីសាស្រ្តសង្គ្រោះបឋមក្រោយជួបឧប្បត្តិហេតុភ្លាមៗ

Share

ជារៀងរាល់ឆ្នាំនៅចក្រភព មានមនុស្សរាប់ពាន់នាក់បានស្លាប់ និងរងរបួសធ្ងន់ក្នុងឧប្បត្តិហេតុផ្សេងគ្នា។ ក្នុងន័យនេះប្រសិនបើមានការសង្រ្គោះបឋមបានផ្តល់មុនពេលសេវាសង្គ្រោះបន្ទាន់មកដល់ នោះអត្រាមរណៈជាច្រើននឹងត្រូវកាត់បន្ថយ ។ នេះបើគេហទំព័រហ សេវាសុខភាពជាតិ នៃចក្រភពអង់គ្លេស (NHS UK)។
តើអ្វីជាការសង្គ្រោះបឋម?
ការសង្គ្រោះបឋម គឺជាមធ្យោបាយមួយ ជួយការពារជនរងគ្រោះ កុំឱ្យធ្លាក់ក្នុងស្ថានភាពកាន់តែអាក្រក់ទៅៗ ឬជាការសង្រ្គោះជីវិតជនរងគ្រោះឱ្យបន្តមានជីវិតទល់ពេលគ្រូពេទ្យមកដល់ ឬត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីទទួលការសង្គ្រោះបន្ទាន់។
ចំពោះវិធីសាស្រ្តសង្រ្គោះបឋមវិញ NHS UK បានចែកចេញជាបីដំណាក់កាល។ ទី១ គឺការសង្កេតពិនិត្យមើលស្ថានភាពឬអាការៈជនរងគ្រោះក្រោយពេលជួបឧប្បត្តិហេតុ (After an incident)។ ទី២ ដំណាក់កាលសង្រ្គោះជនរងគ្រោះឱ្យមាន ស្ថានភាពសុវត្ថិភាពឡើងវិញ (recovery position)។ និងចុងក្រោយគឺ ការសង្រ្គោះបេះដូង ដែលគេនិយមហៅថា ការធ្វើ CPR (cardiopulmonary resuscitation)។

 

រូបភាពនេះមានប្រភពពីគេហទំព័របរទេស

ដោយឡែកក្នុងអត្ថបទវិធីសាស្រ្តសង្គ្រោះបឋមនៅថ្ងៃនេះ យើងនឹងលើកយកដំណាក់កាលទី១នៃការសង្គ្រោះបឋមមកចែកជូននាង កញ្ញា លោក លោកស្រី បានស្វែងយល់។
នៅដំណាក់កាលដំបូងនេះ ប្រសិនបើអ្នកប្រទះឃើញនរណាម្នាក់រងរបួស ក្នុងឧបទ្ទវហេតុណាមួយ ដំបូងត្រូវពិនិត្យមើលជាមុនសិនថា អ្នកនិងអ្នករងរបួសកំពុងស្ថិតនៅទីកន្លែងណា ដោយត្រូវប្រាដកចិត្តថាទីតាំងនោះមានសុវត្ថិភាព មិនបណ្តាលឱ្យមានគ្រោះថ្នាក់អ្វីមួយផ្សេងទៀតកើតឡើង។ ជំហានបន្ទាប់ អ្នកត្រូវវាយតម្លៃលើអ្នករបួស ប្រសិនបើចាំបាច់ សូមទូរស័ព្ទទៅកាន់ ១១៩ ដើម្បីហៅរថយន្តសង្គ្រោះបន្ទាន់។ បន្ទាប់អ្នកត្រូវអនុវត្តការសង្រ្គោះបឋម។
តើការវាយតម្លៃអ្នករងរបួសអាចធ្វើបានយ៉ាងដូចម្តេច?
មានចំណុចអាទិភាពចំនួន ៣ ដែលជាគោលការណ៍មូលដ្ឋានក្នុងការវាយតម្លៃជនរងគ្រោះ ដោយជាទូទៅគេសំដៅលើគោលការណ៍ ABC ដែលតំណាងឱ្យ៖

រូបភាពនេះមានប្រភពពីគេហទំព័របរទេស

A-airway:មានន័យថា ផ្លូវដង្ហើម៖ ចំណុចនេះប្រសិនបើជនរងគ្រោះហាក់ដូចជាមិនឆ្លើយតប អ្នកត្រូវសួរពួកគេឱ្យខ្លាំងៗថា តើពួកគេកើតអីឬអត់ និងបង្គប់ឱ្យពួកគេបើកភ្នែកដើម្បីដឹងថា ជនរងគ្រោះមានស្មារតីកម្រិតណា។
ប្រសិនបើជនរងគ្រោះឆ្លើយតបនឹងសំនួររបស់អ្នក អ្នកអាចទុកពួកគេនៅទីតាំងដែលពួកគេស្ថិតនៅរហូតដល់មានជំនួយមកដល់។ ហើយអំឡុងពេលរង់ចាំ អ្នកត្រូវបន្តពិនិត្យមើល ដកដង្ហើម ជីពចរ និងបន្តការសួរសំនួរដើម្បីប្រាកដចិត្តថាជនរងគ្រោះនៅមានស្មារតី។ ករណីនេះបើសនជាជនរងគ្រោះមិនមានការឆ្លើយតប ឬ សន្លប់ អ្នកត្រូវទុកពួកគេនៅទីតាំងដែលកំពុងនៅ ហើយប្រើវិធីសាស្រ្តបើកផ្លូវដង្ហើមរបស់ពួកគេ។
វិធីសាស្រ្តបើកផ្លូវដង្ហើម គឺត្រូវដាក់ដៃម្ខាងរបស់អ្នក លើថ្ងាសរបស់ពួកគេ ហើយផ្អៀងក្បាលរបស់ពួកគេទៅក្រោយថ្នមៗ និងលើកចុងចង្កាឡើងលើដោយប្រើម្រាមដៃ ២។ ការធ្វើបែបនេះគឺ ដើម្បីផ្លាស់ទីអណ្តាតរបស់ពួកគេ ឱ្យឆ្ងាយពីបំពង់ក។
ហើយអ្នកត្រូវប្រយ័ត្នកុំអណ្តាតរុញឡើងលើ ព្រោះវានឹងធ្វើឱ្យស្ទះផ្លូវដង្ហើម។
បន្ថែមពីនេះ អ្នកត្រូវប្រុងប្រយ័ត្នក្នុងការធ្វើចលនានៅផ្នែកក្បាលនិងករបស់ពួកគេ ដើម្បីការពារគ្រោះថ្នាក់ ប្រសិនបើពួកគេមានរបួសឆ្អឹងនៅផ្នែកណាមួយ។

 

រូបភាពនេះមានប្រភពពីគេហទំព័របរទេស

 

B-breathing: ការដកដង្ហើម៖ គឺពិនិត្យមើលថា តើជនរងគ្រោះនៅដកដង្ហើមឬអត់៖ ដោយត្រូវមើលថា តើទ្រូងរបស់ពួកគេឡើងចុះដែរឬទេ? និងត្រូវស្តាប់សំឡេងដកដង្ហើមរបស់ពួកគេតាមមាត់ និងច្រមុះ ដោយត្រូវប្រាដកចិត្តថាដង្ហើមរបស់ពួកគេបះនឹងថ្ពាល់របស់អ្នករយៈពេល 10 វិនាទី។
ប្រសិនបើពួកគេដកដង្ហើមធម្មតា អ្នកត្រូវដាក់ពួកគេក្នុងស្ថានភាពដែលមានសុវត្ថិភាព ដើម្បីឱ្យផ្លូវដង្ហើមរបស់ពួកគេនៅតែគ្មានការស្ទះ។ ហើយអ្នកត្រូវបន្តតាមដានការដកដង្ហើមធម្មតារបស់ពួកគេ។
សូមបញ្ជាក់ថា ការថប់ដង្ហើម ឬដកដង្ហើមមិនទៀងទាត់ មិនមែនជាការដកដង្ហើមធម្មតានោះទេ។ ប្រសិនបើជនរងគ្រោះមិនដកដង្ហើម ឬដកដង្ហើមមិនធម្មតា សូមទូរស័ព្ទទៅលេខ ១១៩ ដើម្បីហៅរថយន្តសង្គ្រោះ ហើយបន្ទាប់មកចាប់ផ្តើមធ្វើ CPR ។

 

រូបភាពនេះមានប្រភពពីគេហទំព័របរទេស

 

និងចុងក្រោយ C-circulation: ចលនាឈាមរត់៖ ប្រសិនបើជនរងគ្រោះមិនដកដង្ហើមតាមធម្មតាទេ អ្នកត្រូវចាប់ផ្តើមសង្កត់ដើមទ្រូងភ្លាមៗ ដើម្បីឱ្យឈាមដំណើរការបានល្អ។
បន្ថែមពីនេះ ជាធម្មតានៅក្នុងប៉ុន្មាននាទីដំបូងបន្ទាប់ពីការគាំងបេះដូងភ្លាមៗ(នៅពេលដែលបេះដូងឈប់លោត) គឺនឹងមានការដកចង្កាមាន់ (Agonal)។ ដូចច្នេះ អ្នកត្រូវធ្វើ CPR ឱ្យបានភ្លាមៗ នៅពេលដែលជនរងគ្រោះនោះមានការដកចង្កាមាន់នេះ។
សូមបញ្ជាក់ផងដែរថា ប្រសិនបើជនរងគ្រោះមិនដកដង្ហើម សូមទូរស័ព្ទទៅលេខ ១១៩ ដើម្បីហៅរថយន្តសង្គ្រោះ ហើយបន្ទាប់មកចាប់ផ្តើមធ្វើ CPR ៕

Share

ព័ត៌មានទាក់ទង

Image