ដំណាក់កាលរីករាលដាលនៃជំងឺមហារីកសុដន់(Metastasis) គឺជាដំណាក់កាលមួយកើតឡើងនៅពេលដែលកោសិកាមហារីកក្នុងសុដន់មិនប្រក្រតី និងចាប់ផ្តើមបែកសាយភាយមិនអាចគ្រប់គ្រងបាន។
តើមហារីកសុដន់រីករាលដាលយ៉ាងដូចម្តេច?
ជំងឺមហារីកសុដន់អាចលុកលុយ និងលូតលាស់ទៅគ្រប់ជាលិកាសុដន់ស្រ្តី ហើយសាយភាយទៅកាន់ផ្នែកផ្សេងទៀតនៃរាងកាយ រួចបង្កើតជាដុំសាច់ថ្មីនៅទីនោះ។ ចំពោះល្បឿនការរីករាលដាលនៃជំងឺមហារីកសុដន់ គឺផ្សារភ្ជាប់នឹងប្រភេទមហារីកសុដន់ដែលស្រ្តីកំពុងមាន។
មហារីកសុដន់អាចរីករាលដាលតាមវិធី ៣ យ៉ាងដូចជា៖
វីធីទី១៖ វាអាចរាលដាលពីសុដន់ទៅតំបន់ជុំវិញ ដូចជាអាចមានកូនកណ្តុរនៅក្រោមក្លៀក ឬនៅជិតឆ្អឹងកងជាដើម(collarbone) ។
វិធីទី២៖ កោសិកាមហារីកអាចធ្វើដំណើរតាមចរន្តឈាមទៅកាន់តំបន់ផ្សេងទៀតនៃរាងកាយ ។
និងវិធីទី៣៖ កោសិកាមហារីក ផ្លាស់ទីតាមរយៈប្រព័ន្ធឡាំហ្វាទិច(lymphatic system) ទៅកាន់ផ្នែកផ្សេងទៀតនៃរាងកាយ។
តើមហារីកសុដន់រាលដាលដល់កន្លែងណាខ្លះក្នុងរាងកាយ?
តាមគេហទំព័រគ្លីនិក Cleveland បានបង្ហាញថា ជំងឺមហារីកសុដន់អាចប៉ះពាល់ដល់ផ្នែកផ្សេងទៀតនៃរាងកាយស្រ្តី ដូចជា៖
កូនកណ្តុរ(lymph nodes)៖ កូនកណ្តុរគឺជាសរីរាង្គតូចៗ មានទំហំប៉ុនសណ្តែកដែលមានពាសពេញរាងកាយ រួមទាំងនៅក្លៀក ក និងក្រលៀន។ កន្លែងដំបូងដែលមហារីកសុដន់ងាយនឹងរីករាលដាលដល់គឺកូនកណ្តុរនៅក្រោមក្លៀ្កក។ ប្រសិនបើមហារីកសុដន់បានរាលដាលដល់តំបន់នេះ ស្រ្តីអាចមានការឈឺចាប់ ហើមកូនកណ្តុរ ឬមានដុំពកនៅក្រោមក្លៀក។
មួយវិញទៀតគឺសួត៖ មហារីកសុដន់ដែលបានរាលដាលដល់សួត អាចបណ្តាលឱ្យស្រ្តីពិបាកក្នុងការដកដង្ហើម ដកដង្ហើមខ្លី ឈឺទ្រូង ក្អកជាប់រហូត ឬអាចមានក្អកលាយឈាមផងដែរ។
បន្ថែមពីនេះមហារីកសុដន់អាចរាលដាលដល់ថ្លើម៖ ប្រសិនបើមហារីកបានរីករាលដាលដល់ថ្លើម ស្រ្តីនឹងមានអាការៈឈឺក្រពះ ហើមពោះ និងមានអារម្មណ៍ណែននៅក្នុងពោះ។ ស្រ្តីក៏អាចបាត់បង់ចំណង់អាហារ ក្អួតចង្អោរ និងមានស្បែកលឿងជាដើម។
និងជាពិសេសក៏ប៉ះពាល់ដល់ខួរក្បាលផងដែរ៖ មហារីកសុដន់នឹងអាចរាលដាលដល់ខួរក្បាល នឹងបណ្តាលឱ្យបញ្ហាប្រព័ន្ធប្រសាទ រួមទាំងការឈឺក្បាល វិលមុខ ងងុយគេង និងផ្លូវចិត្តច្របូកច្របល់ជាដើម ។
ចុងក្រោយគឺឆ្អឹង៖ មហារីកសុដន់អាចរាលដាលដល់ឆ្អឹង ធ្វើឱ្យឆ្អឹងរបស់ស្រ្តីចុះខ្សោយ និងឆាប់អស់កម្លាំង។ បន្ថែមពីនេះ ឆ្អឹងងាយនឹងបាក់ ដោយសារតែកោសិកាមហារីកបានបង្កប់នៅក្នុងឆ្អឹង ឬខួរឆ្អឹងខ្នងនោះ។
សូមបញ្ជាក់ថា ទោះបីជាមហារីកសុដន់ រីករាលដាលទៅកន្លែងផ្សេងទៀតនៃរាងកាយ វានៅតែជាមហារីកសុដន់ដដែល។ ប្រសិនបើមហារីកសុដន់រាលដាលដល់សួត មិនមានន័យថាមានជំងឺមហារីកសួតនោះទេ។
តើការរីករាលដាលនៃមហារីកសុដន់អាចព្យាបាលបានដែរឬទេ?
ជំងឺមហារីកសុដន់ដែលរាលដាលមិនងាយស្រួលក្នុងព្យាបាលនោះទេ ព្រោះវាពិបាកក្នុងការកម្ចាត់កោសិកាមហារីកដែលបានរីករាលដាលនោះ ។ ការព្យាបាលការរីករាលដាលនៃមហារីកសុដន់ គឺបំណងដើម្បីបង្រួមដុំសាច់ ពន្យឺតការលូតលាស់របស់វា និងធ្វើឱ្យអាការៈកាន់តែប្រសើរ។
យ៉ាងណាមិញ ការរស់នៅជាមួយការរីករាលដាលនៃមហារីកសុដន់ ជាបញ្ហាប្រឈម។ ប៉ុន្តែស្រ្តីត្រូវទទួលការគាំទ្រទាំងផ្នែករាងកាយ និងផ្លូវចិត្ត។ ហើយស្រ្តីគួរនិយាយប្រាប់គ្រួសារនូវតម្រូវការណាមួយដូចជា៖ ការបរិភោគអាហារដែលមានជីវជាតិ ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ និងកាត់បន្ថយភាពតានតឹង។ បន្ថែមពីនេះ ស្រ្តីត្រូវទទួលបានការគាំទ្រផ្នែកចិត្តពីមិត្តភក្តិ ក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់។ ជាពិសេស ស្រ្តីត្រូវស្វែងរកសេវាសុខភាពផ្លូវចិត្ត និងស្វែងរកការព្យាបាលបន្ថែមទៀត៕