en     km
en     km

របៀបពិនិត្យរកមហារីកសុដន់ដោយខ្លួនឯង

Share

ស្ត្រីគួរពិនិត្យសុដន់ដោយខ្លួនឯងជារៀងរាល់ខែ ដើម្បីស្វែងរកការផ្លាស់ប្តូរណាមួយនៃសុដន់។ ការពិនិត្យសុដន់ជាទៀងទាត់ អាចជួយដល់ស្រ្តីស្វែងរកដុំពកឬភាពមិនប្រក្រតីណាមួយ និងរកឃើញជំងឺមហារីកទាន់ពេល ដើម្បីងាយស្រួលព្យាបាល និងងាយជាសះស្បើយ។ ស្រ្តីដែលឆាប់បានរកឃើញជំងឺមហារីកសុដន់នៅដំណាក់កាលដំបូង អាចមានឱកាសរស់រានមានជីវិតកាន់តែល្អប្រសើរ។ ការពិនិត្យសុដន់ដោយខ្លួនឯង មានសារៈសំខាន់សម្រាប់សុខភាពសុដន់ ប៉ុន្តែស្រ្តីក៏ត្រូវពិនិត្យតាមការថតឆ្លុះនៅឯមន្ទីរពេទ្យឱ្យបានទៀងទាត់ផងដែរ។

 

រូបភាពនេះមានប្រភពពីគេហទំព័របរទេស

 

តើនៅពេលណាដែលស្រ្តីគួរធ្វើការពិនិត្យសុដន់ដោយខ្លួនឯង?
ស្ត្រីគួរតែធ្វើការពិនិត្យសុដន់ខ្លួនឯង ម្តងក្នុងមួយខែក្រោយពេលមករដូវ។ ចំពោះស្រ្តីដែលឈប់មករដូវឬរដូវមកមិនទៀងទាត់ ស្រ្តីអាចជ្រើសរើសថ្ងៃណាមួយក៏បានដែលងាយស្រួលចងចាំ ដូចជាថ្ងៃដំបូងនៃខែ ថ្ងៃចុងក្រោយនៃខែ ឬលេខដែលចូលចិត្ត។
ការពិនិត្យសុដន់ដោយខ្លួនឯងចំណាយពេលតែប៉ុន្មាននាទីប៉ុណ្ណោះ ហើយស្រ្តីធ្វើការពិនិត្យសុដន់អាចនៅពេលថ្ងៃ ឬពេលយប់ ពេលគេងលើគ្រែ និងពេលងូតទឹក។

 

 

                                                                                    ​  រូបភាពនេះមានប្រភពពីគេហទំព័របរទេស

 

 

 

 

 

តើការពិនិត្យសុដន់ដោយខ្លួនឯងមានជំហានអ្វីខ្លះ?
បើតាមការបង្ហាញរបស់គេហទំព័រគ្លីនិក Cleveland បានបង្ហាញនូវវិធីសាស្រ្តក្នុងពិនិត្យសុដន់ដោយខ្លួនឯង ដែលក្នុងនោះមាន ៣ ជំហាន៖
ទី១. ការត្រួតពិនិត្យមើល៖ ស្រ្តីត្រូវឈរនៅមុខកញ្ចក់ ដោយដាក់ដៃស្របនឹងដងខ្លួន បន្ទាប់មកស្រ្តីលើកដៃឱ្យខ្ពស់ពីក្បាល និងចុងក្រោយ ដាក់ដៃនៅលើត្រគាក។ ស្រ្តីត្រូវរកមើលការផ្លាស់ប្តូរណាមួយ ដូចជារូបរាងសុដន់ ការហើម ភាពជ្រួញនៅលើស្បែក ឬការផ្លាស់ប្តូរក្បាលសុដន់។ ស្រ្តីត្រូវប្រាកដថាបានពិនិត្យមើលសុដន់ទាំងសងខាង។
ទី២. ការពិនិត្យដោយដៃនៅពេលឈរ៖ ស្រ្តីត្រូវប្រើដៃស្តាំ ដើម្បីពិនិត្យមើលសុដន់ខាងឆ្វេង បន្ទាប់មកធ្វើបែបនេះច្រាសមកវិញ។ ត្រូវប្រើម្រាមដៃបី ចុចលើគ្រប់ផ្នែកសុដន់និងជារាងរង្វង់ ដោយប្រើកម្លាំងស្រាល បន្ទាប់មកមធ្យម និងបន្ទាប់ដោយកម្លាំងខ្លាំង។ ស្រ្តីត្រូវស្វែងរក ដុំពក ស្បែកមានសភាពក្រាស់ ឬការផ្លាស់ប្តូរផ្សេងទៀត។ ហើយបន្ទាប់មកស្រ្តីត្រូវសង្កត់លើចុងសុដន់ ដើម្បីពិនិត្យមានការហូរទឹករងៃ ឬមានឈាមដែររឺទេ។
និងជំហានចុងក្រោយគឺ. ការពិនិត្យដោយដៃពេលកំពុងគេង៖ ស្រ្តីត្រូវគេង ដោយដាក់ខ្នើយមួយនៅក្រោមស្មាស្តាំ និងដាក់ដៃស្តាំរបស់អ្នកនៅពីក្រោយក្បាល។ បន្ទាប់មកស្រ្តីត្រូវប្រើដៃឆ្វេង អនុវត្តបច្ចេកទេសដូចគ្នានឹងជំហានទី ២។ ចុងក្រោយ ប្តូរខ្នើយទៅម្ខាងទៀត ហើយពិនិត្យមើលសុដន់ និងក្លៀកផងដែរ។

រូបភាពនេះមានប្រភពពីគេហទំព័របរទេស

 

តើមានចំណុចអ្វីខ្លះ ដែលស្រ្តីត្រូវជួបវេជ្ជបណ្ឌិតអំពីអ្វីដែលរកឃើញក្នុងការពិនិត្យសុដន់ដោយខ្លួនឯង?
ការរកឃើញដុំពក ឬការផ្លាស់ប្តូរណាមួយដោយខ្លួនឯង វាមិនប្រាកដថាជាសញ្ញានៃជំងឺមហារីកសុដន់ទេ។ ប៉ុន្តែស្រ្តីត្រួវទៅមន្ទីរពេទ្យជួបជាមួយវេជ្ជបណ្ឌិតជំនាញ ប្រសិនបើស្រ្តីសម្គាល់ឃើញមានសញ្ញាមួយចំនួនដូចជា៖ មានការផ្លាស់ប្តូររូបរាង ទំហំ សុដន់និងចុងសុដន់ ឬស្បែកសុដន់មានសភាពក្រាស់ មានស្នាមប្រះ និងឈឺនៅពេលប៉ះ។ ចំណែកស្បែកសុដន់វិញអាចមានដុំពកដែលសភាពដូចសំបកក្រូច។

បន្ថែមពីនេះ នៅលើសុដន់មានរលាកឡើងក្រហម និងមានឡើងសរសៃឈាមធំៗខុសធម្មតា។ មួយវិញទៀតចុងសុដន់មានសភាព ស្ងួត រឹង ឬឈឺ និងមានហូរទឹករងៃ ឬឈាមផងដែរ។ ជាពិសេសនោះ អាចមានដុំពករឹង ឬចំណុចក្រាស់នៅក្នុងជាលិកាសុដន់ និងសុដន់សងខាងប្រែប្រួលរូបរាង អាចរីកធំខុសធម្មតា ឬធំម្ខាងតូចម្ខាងជាដើម៕

Share

ព័ត៌មានទាក់ទង

Image