en     km
en     km

សង្គមស៊ីវិលជំរុញឱ្យអាជ្ញាធរស៊ើបអង្កេតករណីល្បួងចាប់ក្មេងឈានទៅដោះស្រាយក្ដីបារម្មណ៍ពីសុវត្ថិភាពក្មេងៗ

Share

អធិការនគរបាលស្រុកមោងឫស្សី ខេត្តបាត់ដំបង បានឱ្យដឹងថារហូតមកទល់នឹងពេលនេះ សមត្ថកិច្ចនៅកំពុងស្រាវជ្រាវរកមុខសញ្ញាស្រ្តីមិនស្គាល់មុខម្នាក់ដែល បានល្បួងយកក្មេងប្រុស-ស្រី៣នាក់ ដឹកចេញពីស្រុកមោងឫស្ស៊ី ខេត្តបាត់ដំបង ហើយទម្លាក់ចោលនៅទឹកដីខេត្តពោធិ៍សាត់ពេលក្មេងស្រែកយំ ដើម្បីយកមកសួរនាំនឹងចាត់ការតាមនីតិវិធីច្បាប់។ ក្នុងរឿងនេះមន្ត្រីសង្គមស៊ីវិលលើកទឹកចិត្តឱ្យអាជ្ញាធរដោះស្រាយស៊ើបអង្កេតបញ្ហានេះឱ្យបានដិតដល់ ដើម្បីដោះស្រាយមន្ទិលចំពោះអាណាព្យាបាលដែលបារម្មណ៍ពីសុវត្ថិភាពកូនចៅរបស់ពួកគេ។

 

លោក វីរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានប្រាប់វិទ្យុស្ត្រីនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ ថាសមត្ថកិច្ចស្រុកមោងឫស្សី ខេត្តបាត់ដំបង កំពុងសហការជាមួយសមត្ថកិច្ចស្រុកបាកាន ខេត្តពោធិ៍សាត់ ជុំវិញករណី ស្រ្តីមិនស្គាល់អត្តសញ្ញាណម្នាក់ ល្បួងយកក្មេងប្រុស-ស្រី៣នាក់ អាយុពី៨ដល់១០ឆ្នាំ ដឹកចេញពីភូមិរុណ ឃុំគារស្រុកមោង ទៅទម្លាក់ចោលនៅទឹកដី ស្រុកបាកាន ខេត្តពោធិ៍សាត់ ពេលក្មេងស្រែកយំ។ ទោះយ៉ាងណា ខណៈដែលសមត្ថកិច្ចកំពុងស្រាវជ្រាវ លោកបញ្ជាក់ថា ក្មេងៗទាំង៣នាក់នោះមានស្មារតីរឹងមាំមិនមានការភិតភ័យអ្វីឡើយ ហើយអាចទៅសាលារៀនបានធម្មតា។

«បាទ អត់អីទេ អត់មានអីទេ ដោយសារវាលួងលោមក្មេងហា៎ វាឱ្យជូនទៅបេះផ្លែស្ដៅបេះអីណានោះ ឱ្យម្នាក់៥ពាន់ ដល់ចឹងក្មេងក៏លង់ចិត្តលង់អារម្មណ៍ក៏ជិះម៉ូតូជាមួយវាទៅ។ ដោយសារវាដឹងខ្លួនវាចោលនៅខាងពោធិ៍សាត់ណ៎ …ខាងបាកាន ខាងពោធិ៍សាត់ណ៎ ដល់ចឹងទៅក្មេងវាដើរមកវិញមកមានប្រជាពលរដ្ឋគេសួរនាំនឹងទៅប៉ុស្ដ៍ ក៏បានទំនាក់ទំនងអាណាព្យាបាល ហើយប៉ុស្ដ៍ក៏បានសហការជាមួយអាណាព្យាបាលក៏យកក្មេងហ្នឹងមកវិញមក»។

លោក សឹង សែនករុណា មន្ត្រីអង្កេតជាន់ខ្ពស់នៃអង្គការការពារសិទ្ធិមនុស្សអាដហុក បានគាំទ្រចំពោះចំណាត់ការសមត្ថកិច្ចដែលតាមដានស៊ើបអង្កេតករណីចាប់ក្មេងនៅបាត់ដំបងខាងលើ ប៉ុន្តែលោកលើកទឹកចិត្តឱ្យការស៊ើបអង្កេតឈានដល់ការចាប់ខ្លួនជនល្មើសដើម្បីផ្ដន្ទាទោសផងដែរ។ ចំណែកក្រុមបំពុលដែលផ្សាយនូវការកុហកសាធារណៈជនលោកទាមទារឱ្យមានចំណាត់ការផងដែរ។

«បើសមត្ថកិច្ចដឹងហើយធ្វើកិច្ចការងាររបស់ខ្លួនវាជារឿងល្អ ប៉ុន្តែឱ្យឈានទៅដល់ចាប់ខ្លួនជនល្មើសមកផ្ដន្ទាទោសទៀត អាហ្នឹងវារឹតតែកាន់តែល្អប្រសើរ។ ហើយដោយឡែក ករណីផ្សេងៗទៀតយើងគួរតែពិនិត្យមើលដែរ បើសិនករណីបំពុលសង្គម ក៏គួររកប្រភពឱ្យច្បាប់ហើយផ្សព្វផ្សាយឱ្យសាធារណៈជនបានដឹងដែរណា៎ ហើយធ្វើម៉េចហើយមានការប្រុងប្រយ័ត្ន ចេញពីសមត្ថកិច្ចប្រកាសទៅ ពីក្រសួងដែលមានសមត្ថកិច្ចហ្នឹង ថារឿងនេះវាបានកើតមានឡើងហើយសុំឱ្យប្រជាពលរដ្ឋសហការក្នុងការរាយការណ៍ ហើយសុំឱ្យសមត្ថកិច្ចមានការប្រុងប្រយ័ត្នទៅលើបញ្ហាហ្នឹង អាចថាចាត់វិធានការបានទាន់សភាពការណ៍ ហើយចៀសវាងករណីហ្នឹងកើតមានឡើងហើយធ្វើឱ្យបង្កការភ័យខ្លាចក្នុងសង្គមយើង»

កន្លងមកករណីល្បួងចាប់ក្មេងបែបនេះមិនធ្លាប់កើតមានឡើយក្នុងស្រុកមោងឫស្សីខេត្តបាត់ដំបង ប៉ុន្តែលោក អធិការនគរបាល បញ្ជាក់ថាធ្លាប់តែលេចឮនូវព័ត៌មានចចាមអារ៉ាម។

«ពីមុនមកអត់ដែលមានទេ វាមានតែពាក្យចចាមអារ៉ាម ដើរនិយាយថាមានចាប់ក្មេងចាប់អីតែអត់ដែលមានពិតប្រាកដទេ»

កុមាររងគ្រោះទាំង០៣នាក់នោះមាន ១-ឈ្មោះ រ៉េន លៀងអេង ស្រីអាយុ៨ឆ្នាំ ២-ឈ្មោះ ឌឿន សុផាន់ណា ស្រីអាយុ៩ឆ្នាំ និង៣-ឈ្មោះ សំ សុភីន ប្រុសអាយុ១០ឆ្នាំ ពួកគេរស់នៅភូមិរុណ ឃុំគារ ស្រុកមោងឫស្សី។ ក្រោយនាំក្មេងមកដល់ផ្ទះវិញអាជ្ញាធរស្រុកមោងបានចុះសាកសួរ និង នាំអំណោយទៅជូនដល់ក្មេងរងគ្រោះទាំងបីនាក់ដល់ផ្ទះផងដែរ ។ លោក ទេព ហ៊ន អភិបាលស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលបានចុះទៅសួរនាំដោយផ្ទាល់បញ្ជាក់ថា គេនៅមិនទាន់ដឹងច្បាស់ទេ ថាស្រ្តីនោះមានបំណងអ្វីពិតប្រាកដ ថាតើគេដឹកក្មេងទាំងនោះល្បួងយកគ្រឿងអលង្ការ ឬទៅមានគោលបំណងផ្សេង? ប៉ុន្តែលោកដាក់ការសង្ស័យថាបើល្បួងយកគ្រឿងអលង្ការ ស្រ្តីនោះប្រហែលមិនដឹកឆ្ងាយទៅដល់ទឹកដីពោធិ៍សាត់នោះទេ ប្រហែលមានបំណងផ្សេង អាចយកទៅលក់រឺយកទៅធ្វើអ្វីក៏មិនដឹង ។ លោកថាករណីដូចគ្នានេះលោកធ្លាប់ឃើញផុសក្នុងបណ្តាញសង្គមដែរថ្មីៗនេះក្នុងទឹកដីខេត្តបាត់ដំបង។

ជាការកត់សម្គាល់ក្នុងរយៈពេលថ្មីៗនេះ ព័ត៌មាននៃការបាត់ក្មេងៗ ត្រូវបានចែកចាយជាច្រើនករណីនៅតាមបណ្ដាញសង្គមនានា ប៉ុន្តែព័ត៌មានមួយចំនួនក៏ត្រូវបានអាជ្ញាធរស៊ើបអង្កេតស្រាវជ្រាវឃើញថាជាករណីភូតកុហកក្រោមហេតុផលបំពុលសង្គមប៉ុណ្ណោះ។ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់វិទ្យុស្ត្រី នៅថ្ងៃទី២២ ខែឧសភានេះថា ជុំវិញព័ត៌មាននៃការចាប់ជំរិតក្មេងដែលត្រូវបានបង្ហោះយ៉ាងព្រោងព្រាតលើបណ្ដាសង្គមកន្លងមកសុទ្ធសឹងជាករណីមិនពិតដែលបង្ហោះដោយក្រុមអ្នករិះគន់រដ្ឋាភិបាល ខណៈដែលកម្ពុជាជោគជ័យក្នុងការរៀបចំកម្មវិធីប្រកួតកីឡាស៊ីហ្គេម។ ទោះយ៉ាងណាលោក អះអាងថាក្រសួងមហាផ្ទៃស្វាគមន៍បើមានព័ត៌មានពិតពីករណីនេះ ប៉ុន្តែលោកអំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នក្នុងការពិនិត្យនិងជឿលើព័ត៌មានតាមហ្វេសប៊ុក។

«មិនមានការចាប់ជំរិតក្មេង បង្ខំយកលុយយកកាក់អីដូចគ្មាន ដូចជាមិនមានសមត្ថកិច្ចខេត្តណារាយការណ៍មកទេ ឬក៏និយាយរួមគឺគ្មានហ្មង ហើយមានខ្ញុំបាញ់ឱ្យហើយ ធម្មតាទាំងគេទាំងខ្ញុំបាត់កូនបាត់ចៅប្ដឹងមកសមត្ថកិច្ចហើយ…»។

លោកឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនំាពាក្យក្រសួងមហាផ្ទៃ។ រូបភាព៖ Taken from Internet

លោក សឹង សែន ករុណា ស្នើដល់អាជ្ញាធរគួរតាមដានស៊ើបអង្កេតគ្រប់ករណីពាក់ព័ន្ធបញ្ហានេះដែលកំពុងផ្សព្វផ្សាយតាមបណ្ដាញសង្គម និងដែលខ្លួនកំពុងទទួលបាន ដើម្បីដោះស្រាយមន្ទិលចំពោះអាណាព្យាបាលដែលបារម្មណ៍ពីសុវត្ថិភាពកូនចៅរបស់ពួកគេ ជាពិសេសពេលក្មេងៗទៅសាលារៀន។

«ខ្លាចលោថា រឿងនេះអាចខ្លាយទៅជារឿងធំ ធ្វើឱ្យប៉ះពាល់ដល់កុមារ ឬក៏សតិអារម្មណ៍អាណាព្យាបាលដែរ។ អាណាព្យាបាលគាត់ព្រួយបារម្មណ៍ គាត់ភ័យខ្លាចចំពោះកូនគាត់អាចថា ពេលខ្លះអ្នកនោះគាត់ជ្រុលបារម្មណ៍ពេកអត់ឱ្យទៅរៀនទៅសូត្រចឹងហា៎។ ចឹងគួតែសមត្ថកិច្ចធ្វើម៉េច ស្រាវជ្រាវព័ត៌មានហ្នឹងឱ្យបានច្បាស់ហើយប្រកាសដល់សាធារណៈជន…»។

លើបញ្ហានេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ ក៏បានចុះស្រាវជ្រាវពីករណីចាប់ជំរិតក្មេងនេះដែលត្រូវបានបង្ហោះទាំងនោះផងដែរ ដោយសមត្ថកិច្ច និងមន្ត្រីជំនាញមិនបានរកឃើញមានករណីណាមួយដែលអាចសន្មតបានថា ជាករណីពិតនោះទេ។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាចាត់ទុកថា រាល់ព័ត៌មានដែលបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមនាពេលកន្លងមក គឺជាព័ត៌មានក្លែងក្លាយ និងមានចេតនាបង្កការយល់ច្រឡំ ឬធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសង្គម៕

 

Share

ព័ត៌មានទាក់ទង

Image