en     km
en     km

អវកាសយានិកស្រ្តីដំបូងរបស់អារ៉ាប៊ីសាអូឌីត បានចូលរួមបេសកកម្មឆ្ពោះទៅស្ថានីយអវកាសអន្តរជាតិ

Share

ប្រទេសអារ៉ាប៊ីសាអូឌីតបានបង្កើតកំណត់ត្រាប្រវត្តិសាស្រ្តថ្មីមួយ បន្ទាប់ពីអវកាសយានិកស្រ្តីដំបូងបង្អស់របស់ប្រទេសនេះ បានចូលរួមក្នុងបេសកកម្មទៅកាន់ស្ថានីយអវកាសអន្តរជាតិ កាលពីថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០២៣។

(កញ្ញា កែវ សុជាតា រាយការណ៍)

 

 

បើយោងតាមសារព័ត៌មាន AP បានឱ្យដឹងថា អ្នកស្រី Rayyanah Barnawi ជាស្រ្តីដំបូងគេបង្អស់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលមានឱកាសហោះទៅស្ថានីយ៍អវកាសអន្តរជាតិ (ISS) ដោយគ្រាប់រ៉ុក្កែត SpaceX Falcon 9 កាលពីរសៀលថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០២៣។ បើយោងតាមផែនការដែលគ្រោងទុក អ្នកស្រី Rayyanah និងក្រុមការងារ នឹងក្លាយជាមនុស្សដំបូងគេបង្អស់ ដែលបានធ្វើដំណើរទៅដល់មន្ទីរពិសោធន៍នៃគន្លងយានអវកាស។

គួរបញ្ជាក់ដែរថា អ្នកស្រី Rayyanah ចូលរួមបេសកកម្មនេះជាមួយនឹងអវកាសយានិក ៣ នាក់ផ្សេងទៀត ដែលក្នុងនោះមានម្នាក់ជាអវកាសយានិកមកពីប្រទេសអារ៉ាប៊ីសាអូឌីតដែរ ដែលធ្វើឱ្យអារ៉ាប៊ីសាអូឌីតក្លាយជាប្រទេសមួយ ដែលបានបញ្ជូនអវកាសយានិកពីរនាក់មានសញ្ជាតិដូចគ្នាឱ្យទៅចួលរួមបេសកកម្មអវកាសនាពេលនេះ។ យ៉ាងណាពួកគេត្រូវចំណាយពេលជាងមួយសប្តាហ៍នៅទីនោះ មុនពេលត្រលប់មកភពផែនដីវិញ។

តាមប្រភពដដែលបានឱ្យដឹងថា អ្នកស្រី Rayyanah ជាស្រ្តីមួយរូប ដែលមានទេពកោសល្យបំផុតនៅក្នុងអាជីពដោះស្រាយបញ្ហាបច្ចេកទេស គ្រប់គ្រងគម្រោងស្រាវជ្រាវជំងឺមហារីកសុដន់ ស្រាវជ្រាវកោសិកា និងបានបោះពុម្ពផ្សាយសៀវភៅជាច្រើន។អ្នកស្រីបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃអង្គារ ទី១៦ ខែឧសភាថា អ្នកស្រីពិតជាមានកិត្តិយស និងរីករាយក្រៃលែង ដែលបានសម្រេចក្តីសុបិន និងក្តីសង្ឃឹមរបស់ប្រជាជនអារ៉ាប៊ីសាអូឌីត និងស្ត្រីគ្រប់រូបនៅក្នុងប្រទេស។

សូមជម្រាបថា នេះជាការហោះហើរជាលក្ខណៈឯកជនលើកទីពីរ ​ក្នុងដំណើរឆ្ពោះទៅកាន់ស្ថានីយអវកាសអន្តរជាតិ ដែលរៀបចំដោយ Axiom Space ដែលមានមូលដ្ឋាននៅទីក្រុងហ៊ូស្តុននៃសហរដ្ឋអាមេរិក។ ចំណែក បេសកកកម្មលើកទីមួយរៀបចំឡើងកាលពីឆ្នាំមុន ដោយអវកាសយានិកចំនួនបីនាក់ចូលរួម។

យ៉ាងណាមិញ បើតាមរបាយការណ៍ចុងក្រោយរបស់ NASA បង្ហាញថា ក្នុងមួយថ្ងៃ ពួកគេត្រូវចំណាយលើថ្លៃអាហារហូបចុកចំនួន២ពាន់ដុល្លារអាមេរិកក្នុងមនុស្សម្នាក់ និងត្រូវចំណាយចាប់ពី ១,៥00ដុល្លារអាមេរិក សម្រាប់ឧបករណ៍ប្រើប្រាស់ផ្សេងៗទៀតនៅលើយានអវកាស៕

ប្រភព៖ AP ចុះថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image