en     km
en     km

លោកស្រី ឱ វណ្ណឌីន ពិនិត្យមើលការចាក់វាក់សាំងកូវីដ-១៩ដូសជំរុញនៅតាមសាលារៀននៅភ្នំពេញ

Share

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ បានចុះពិនិត្យដំណើរការណ៍ចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ នៅតាមសាលារៀនក្នុងរាជធានីភ្នំពេញ។ ទីតាំងដែលចុះពិនិត្យការចាក់វ៉ាក់សាំងកូវីដ-១៩ នេះរួមមាន វិទ្យាល័យ ជាស៊ីមសន្ធរមុខ និង វិទ្យាល័យ ឥន្រ្ទទេវី។
នេះបើតាមទំព័រហ្វេសប៊ុករបស់ក្រសួងសុខាភិបាលចេញផ្សាយនៅថ្ងៃទី០៦ ខែកុម្ភៈនេះ។

ឆ្លៀតក្នុងឱកាសចុះពិនិត្យដំណើរការណ៍ចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញនេះ លោកស្រី ឱ វណ្ណឌីន បានអំពាវនាវដល់ឪពុកម្ដាយ ឬអាណាព្យាបាលរបស់សិស្សានុសិស្សទាំងអស់ កុំមានការព្រួយបារម្ភអំពីគុណភាព និងផលប៉ះពាល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ព្រោះវ៉ាក់សាំងដែលកម្ពុជាកំពុងប្រើប្រាស់នៅពេលបច្ចុប្បន្ននេះ សុទ្ធតែមានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក។

លោកស្រី ឱ វណ្ណឌីន បានអះអាងថា ក្រោមការចាត់ចែង និងយកចិត្តទុកដាក់គ្រប់គ្រងប្រកបដោយប្រសិទ្ធភាពខ្ពស់ ការស្រោចស្រពវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺមានប្រសិទ្ធភាពល្អ ហើយការស្រោចស្រពបានទាន់ពេលវេលានេះ បង្កលក្ខណៈឲ្យប្រទេសកម្ពុជាអាចបើកដំណើរការឡើងវិញលើគ្រប់វិស័យ។
អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះសង្កត់ធ្ងន់ថា រហូតមកដល់ពេលបច្ចុប្បន្ននេះ កម្ពុជាទទួលបានផលប្រយោជន៍ច្រើនណាស់ពីការវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពោលវ៉ាក់សាំងបានជួយសង្គ្រោះជីវិតមនុស្ស។ លោកស្រីបន្ដថា មូលហេតុដែលយើងចាក់ដូសជំរុញបន្ដបន្ទាប់ រហូតមកដល់ដូសទី៦នេះ គឺដោយសារប្រសិទ្ធភាពវ៉ាក់សាំងដែលចាក់មិននៅបានយូរនោះទេ ពោលដល់ពេលវេលាមួយ (៦ ទៅ៨ខែ) នឹងថមថយ ដូច្នេះចាំបាច់ត្រូវតែចាក់ដូសជំរុញ។

លោកស្រី ឱ វណ្ណឌីន បានបន្ថែមទៀតថា កូវីដ១៩ មិនទាន់ទៅណាឆ្ងាយពីយើងនៅឡើយទេ ហើយវាបានបំប្លែងខ្លួនជាបន្ដបន្ទាប់ ដូច្នេះបើរាងកាយគ្មានកងការពារនោះទេ នោះនឹងផ្ដល់លក្ខណៈងាយស្រួលដល់ជំងឺកូវីដ១៩ ក្នុងការវាយលុកដល់រាងការយហើយឈានទៅសភាពធ្ងន់ធ្ងរ។ កត្តានេះហើយ ទើបលោកស្រី ឱ វណ្ណឌីន ស្នើឱ្យអាណាព្យាបាល មាតា បិតា របស់សិស្សានុសិស្សត្រូវអនុញ្ញាតឲ្យកូនៗរបស់ខ្លួនមកទទួលយកវ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់ៗគ្នា។

សូមជម្រាបជូនថា លទ្ធផលននៃការចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់ បានកើនរហូតដល់ ៩៥,៤០%ហើយគិតត្រឹមថ្ងៃទី០៥ ខែកុម្ភៈ។ដោយឡែកនៅថ្ងៃទី០៦ ខែកុម្ភៈនេះកម្ពុជាគ្មានករណីឆ្លងជំងឺកូវីដ១៩ថ្មីឡើយ ហើយអ្នកស្លាប់ដោយសារជំងឺនេះក៏គ្មានផងដែរ។តែមានករណីជាសះស្បើយចំនួនពីរនាក់នៅថ្ងៃនេះ៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង