ភ្នំពេញ៖ ក្រុមស្រ្តីសុក្រម្នាក់ប្រាប់វិទ្យុស្រ្តីនៅព្រឹកថ្ងៃទី២៥ ខែតុលាឆ្នាំ២០២១នេះថា ក្រុមខ្លួនមានជំនឿចិត្តលើស្ថានទូតបារាំងប្រចាំកម្ពុជា ថាអាចអន្តរាគមន៍ឱ្យមានការដោះលែងសកម្មជនអ្នកនយោបាយដែលកំពុងជាប់ឃុំបាន។ ការរំពឹងទុកនេះ ក្រោយមន្រ្តីស្ថានទូតបារាំងបានសន្យាជាមួយក្រុមស្ត្រីថ្ងៃសុក្រថានឹងពាំនាំញត្តិនេះជូនប្រធានាធិបតីបារាំងពិនិត្យនិងអន្តរាគមន៍។
លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ
អ្នកស្រី ព្រំ ចាន់ថា ជាភរិយាអតីតមន្រ្តីគណបក្សសង្គ្រោះជាតិនិងជាសមាជិកក្រុមស្រ្តីថ្ងៃសុក្រមួយរូបផងប្រាប់ថា ក្រុមស្រ្តីថ្ងៃសុក្របានដាក់ញត្តិទៅកាន់ស្ថានទូតបារាំងប្រចាំកម្ពុជា ដើម្បីឱ្យទូតមួយនេះ ជួយអន្តរាគមន៍ដល់រដ្ឋាភិបាលក្រុងភ្នំពេញឱ្យដោះលែងអតីតនិងសកម្មជននយោបាយបក្សប្រឆាំងដែលកំពុងជាប់ក្នុងពន្ធធនាគារ។ មួយវិញទៀត ក្នុងញត្តិនោះក៏ស្នើដល់ស្ថានទូតបារាំងជួយពិនិត្យនិងដាក់សម្ពាធដល់រដ្ឋាភិបាលកម្ពុជាឱ្យគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ឡើងវិញ។
ការទាមទាររបស់ក្រុមស្រ្តីថ្ងៃសុក្រទាមទារឱ្យរដ្ឋាភិបាលគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឡើងវិញនេះ ព្រោះពួកគេយល់ថា កម្ពុជាជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងនេះ តែបានអនុវត្តផ្ទុយពីខ្លឹមសារនៃកិច្ចព្រមព្រៀងនេះទៅវិញ។
បើទោះបីជាស្ថានទូតបារាំងមិនបានកំណត់ពេលនៃការស្វែងរកកិច្ចអន្តរាគមន៍ជូនក្រុមស្រ្តីថ្ងៃសុក្រក៏ដោយ តែសម្រាប់អ្នកស្រី ព្រំ ចាន់ថា មានជំនឿចិត្តលើការយកចិត្តទុកដាក់របស់មន្រ្តីស្ថានទូតបារាំងដែលបានទទួលញត្តិនិងសន្យាផ្ញើញត្តិនេះទៅប្រធានាធបតីបារាំងជួយអន្តរាគមន៍។
ដូចសព្វដងដែរ ការដាក់ញត្តិរបស់ក្រុមស្រ្តីថ្ងៃសុក្រជារឿយៗត្រូវបានកម្លាំងសន្តិសុខរារាំង និងពេលខ្លះមានការប៉ះទង្គិចគ្នាផងដែរ។ ដោយឡែកការដាក់ញតិ្តទៅស្ថានទូតបារាំងកាលពីថ្ងៃសុក្រទី២២ ខែតុលា ក្រុមស្រ្តីថ្ងៃសុក្ររងការប៉ះទង្គិចគ្នាជាមួយក្រុមសន្តិសុខខណ្ឌយ៉ាងខ្លាំងដោយអ្នកខ្លះត្រូវកងសន្តិសុខ វាយ ទាត់ ធាក់ និងទាញដកហូតបដារបស់ពួកគេដោយហិង្សា។
សម្រាប់អ្នកស្រី ព្រំ ចាន់ថា ការព្យាយាមរារាំងការតវ៉ារបស់ក្រុមស្រី្តថ្ងៃសុក្រដោយការប្រើកម្លាំងបង្រ្កាបបែបនេះ ជារូបភាពមួយរំលោភលើសិទ្ធិសេរីភាពខាងការបញ្ចេញមតិ និងសិទ្ធិនៃការជួបជុំគ្នា។
ទាក់ទងក្នុងរឿងនេះ អង្គការលីកាដូបានបញ្ចេញអត្ថបទខ្លីមួយលើទំព័រហ្វេសប៊ុកដោយបានពិពណ៌នាពីព្រឹត្តិការណ៍ប៉ះទង្គិចគ្នានោះថា អាជ្ញាធរបានប្រើកម្លាំងច្រើនលើសលុបមកលើក្រុមស្រ្តីថ្ងៃសុក្រដោយគ្រាន់តែពួកគេតវ៉ាលើកបដាតវ៉ាដោយអហិង្សានោះ។
ជាការកត់សម្គាល់ក្រុមស្រ្តីថ្ងៃសុក្រតែងតែចេញទាមទារតាមស្ថានទូតនានា ពិសេស ស្ថានទូតប្រទេសមហាអំណាចប្រកាន់លទ្ធិប្រជាធិបតេយ្យឱ្យជួយអន្តរាគមន៍ដោះលែងសមាជិកក្រុមគ្រួសាររបស់ពួកគេដែលកំពុងជាប់ក្នុងពន្ធធនាគារ។
តាមការកត់សម្គាល់របស់អង្គការលីកាដូ មានអតីតសកម្មជន និងសមាជិកគណបក្សសង្គ្រោះជាតិជាង ៥០ នាក់ កំពុងជាប់ក្នុងពន្ធនាគារ ហើយជាច្រើននាក់ផ្សេងទៀតបានរងនូវការចោទប្រកាន់ពីបទល្មើសជាច្រើនដែលមានលក្ខណៈនយោបាយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕