en     km
en     km

មតិមជ្ឈដ្ឋានចម្រុះជុំវិញការអនុម័តសេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្មមន្រ្តីកម្ពុជាដែលបំផ្លាញប្រជាធិបតេយ្យ

Share

ភ្នំពេញ៖ បន្ទាប់ពីរដ្ឋសភាសហរដ្ឋអាមេរិកបានអនុម័តសេចក្តីស្នើច្បាប់ស្តីពី«លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»ឆ្នាំ២០២១ គេសង្កេតឃើញមានអ្នកនយោបាយ អ្នកវិភាគ និងមន្រ្តីរដ្ឋាភិបាល បានបញ្ចេញមតិផ្សេងៗគ្នាលើព្រឹត្តិការណ៍នេះ។ ខ្លះដាក់ការសន្និដ្ឋានថា ច្បាប់នេះនឹងត្រូវបានព្រឹទ្ធសភាអាមេរិកអនុម័តនាពេលខាងមុខ តែខ្លះយល់ផ្ទុយវិញថា មិនអាចទៅរួចនោះទេ ព្រោះសហរដ្ឋអាមេរិកកំពុងឈោងចាប់ប្រទេសនៅតំបន់អាស៊ានប្រជែងជាមួយចិន ដូច្នេះអាមេរិកត្រូវថ្នមចិត្តកម្ពុជាតាមរយៈការមិនអនុម័តច្បាប់មួយនេះ។

លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ

 

សេចក្តីស្នើច្បាប់ស្តីពី«លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»ឆ្នាំ២០២១ ថ្មីមួយទៀត មានលេខ H.R.4686 ត្រូវបាន​រដ្ឋសភាសហរដ្ឋអាមេរិកអនុម័តហើយកាលពីថ្ងៃទី២៨ ខែកញ្ញា។ ច្បាប់នេះតាក់តែងឡើងបំណងដើម្បីដាក់ទណ្ឌកម្មលើមន្រ្តីកម្ពុជារូបណាដែលបានប្រព្រឹត្តិទង្វើបំផ្លាញដល់ប្រព័ន្ធប្រជាធិបតេយ្យនៅកម្ពុជា។

បើសិនជាសេចក្តីស្នើច្បាប់នេះចូលជាធរមានមែននោះ នោះរដ្ឋាភិបាលសហរដ្ឋអាមេរិកមានសិទ្ធិអំណាចបង្កកទ្រព្យសម្បត្តិ ឬរឹតត្បឹតប្រតិបត្តិការហិរញ្ញវត្ថុរបស់មន្រ្តីកម្ពុជាដែលបំផ្លាញប្រជាធិតេយ្យទាំងនោះមិនឱ្យចរាចរបានឡើយ។ ជាងនេះទៀត ច្បាប់នេះក៏បានបញ្ញត្តិដាក់ទណ្ឌកម្មលើមន្រ្តីរដ្ឋាភិបាល មន្រ្តីយោធា​ និងកងកម្លាំងសន្តិសុខរូបណា ដែលប្រព្រឹត្តិផ្ទុយពីច្បាប់នេះ គឺមិនអនុញ្ញាតឱ្យជាន់ទឹកដីអាមេរិកតែម្តង។

ប៉ុន្តែសេចក្តីស្នើច្បាប់មួយនេះនៅរង់ចាំការពិភាក្សានិងអនុម័តពីព្រឹទ្ធសភាមួយដំណាក់កាលទៀត មុននឹងត្រូវបញ្ចូនទៅការិយាល័យរបស់ប្រធានាធិបតីអាមេរិក ដើម្បីចុះហត្ថលេខាប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ។​

ស្ថិតក្នុងអន្តរកាលនៃការរង់ចាំអ៊ុតមើលលទ្ធផលនេះ មជ្ឈដ្ឋានមួយចំនួនបានបញ្ចេញទស្សនៈខុសៗគ្នាជុំវិញលទ្ធផលនៃសេចក្តីស្នើច្បាប់នេះ។

ផ្តើមដំបូងពីលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជានិងជាអ្នកវិភាគនយោបាយមួយរូបផង បង្ហាញការយល់ឃើញលើរឿងនេះចំនួន ៦ ចំណុចលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី៣០ខែកញ្ញានេះ។

ផ្អែកតាមការវិភាគចំនួន ៦ ចំណុច លោកបណ្ឌិត សុខ ទូច ទាញការសន្និដ្ឋានថា ច្បាប់នេះនឹងមិនអាចកើតចេញជារូបរាងឡើយ។ មូលហេតុព្រោះថា  សហរដ្ឋអាមេរិកកំពុងសម្លឹងនិងឈោងចាប់តំបន់អាស៊ានជាភូមិសាស្រ្តនយោបាយប្រកួតប្រជែងជាមួយមហាយក្សចិន ដូច្នេះកម្ពុជាដែលជាសម្ព័ន្ធមិត្តចិននៅតំបន់អាស៊ាន សហរដ្ឋអាមេរិកគឺមិនអាចមើលរំលងកម្ពុជាបានឡើយ។

បើនិយាយដល់រឿងអាស៊ាន ការសម្រេចចិត្តណាមួយរបស់អាស៊ានគឺត្រូវពឹងផ្អែកលើគោលការណ៍កុងសង់ស៊ីស ពោលគឺការសម្រេចជាឯកច្ឆន្ទរួមគ្នា។ បើសិនប្រទេសណាមួយបដិសេធនោះសេចក្តីសម្រេចរបស់អាស៊ាននឹងក្លាយជាមោឃៈ។ ហេតុដូច្នេះហើយ លោកបណ្ឌិត សុខ ទូច យល់ថា សហរដ្ឋអាមេរិកមិនអាចទាត់ចោលកម្ពុជាបាននោះទេក្នុងបរិបទប្រកួតប្រជែងមូលដ្ឋានភូមិសាស្រ្តនយោបាយនៅអាស៊ាននេះ។

តែផ្ទុយពីការវិភាគរបស់លោកបណ្ឌិត សុខ ទូច ចំនួន ៦ ចំណុចដែលយល់ថា ច្បាប់លេខ H.R.4686​ មិនអាចចេញជារូបរាងនោះ លោក មាឃ សុវណ្ណារ៉ា មន្រ្តីនៃអតីតគណបក្សសង្គ្រោះជាតិបែបជាយល់ឃើញថា ច្បាប់នេះនឹងចូលជាធរមានពិតប្រាដក ដោយលោកសំអាងលើហេតុផលចំនួនពីរចំណុច។

ហេតុផលទី១នោះ គឺសហរដ្ឋអាមេរិកចង់ឃើញប្រទេសកម្ពុជាវិលត្រឡប់មករកការអនុវត្តសិទ្ធិ ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ សេរីភាពផ្នែកនយោបាយ  ជាមួយការគោរពសិទ្ធិមនុស្សឱ្យបានពេញលេញ ។ និងទីពីរលោកយល់ថា  ក្នុងរដ្ឋបាលប្រធានាធិបតី Joe Biden ដែលមានចំនួនសមាជិកព្រឹទ្ធសភាសរុប១០០នាក់ តំណាងឱ្យកម្លាំងឥទ្ធិពលនយោបាយនីតិបញ្ញតិ ៥០%  ដូច្នេះការអនុម័តច្បាប់កម្ពុជាមួយនេះអាចឲ្យចូលជាធរមានចេញជាច្បាប់ផ្លូវការបាន។

ងាកមកលើមតិរបស់លោក សួន សេរីរដ្ឋា អតីតប្រធាន​គណបក្ស អំណាច​ខ្មែរ ដែលធ្លាប់រិះគន់រដ្ឋាភិបាលកាលពីគ្រាមុន តែបច្ចុប្បន្នត្រូវបាន​ព្រះមហាក្សត្រ​តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទនោះលោកយល់ឃើញថា ច្បាប់ Cambodia Democracy Acts ហៅថា HR-4686 នឹងធ្វើឱ្យល្អក់កករដល់ទំនាក់ទំនងផ្នែកនយោបាយរវាងអាមេរិក និងកម្ពុជា។លោកបន្ថែមថា ច្បាប់នេះនឹងមិនមានប្រសិទ្ធភាពអ្វីមកចាប់បង្ខំ ឬកំញើញឲ្យកម្ពុជាគោរពនោះទេ។ លោក​ សួន សេរីរដ្ឋា ចាត់ទុកថា ច្បាប់មួយនេះប្រៀបបានជាការប្រមាថ  ឈ្លានពាន និងលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

ចុងក្រោយយើងមកពិនិត្យមើលប្រតិកម្មរបស់អ្នកនាំពាក្យរដ្ឋាភិបាលគឺលោក ផៃ ស៊ីផាន ដែលបានបង្ហាញមតិយោបល់របស់លោកលើទំព័រហ្វេសប៊ុកនៅថ្ងៃនេះ។

អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះសម្តែងការសោកស្តាយ ហើយចាត់ទុកការអនុម័តច្បាប់នេះថា ជាការចោទប្រកាន់យ៉ាងអយុត្តិធម៌ ប្រាសចាកការពិតនិងមានចរិតរើងអើង។ ផ្ទុយទៅវិញលោកយល់ថា កម្ពុជាកំពុងខិតខំប្រឹងប្រែងកសាងនូវរបបនីតិរដ្ឋ ដែលជាការប្ដេជ្ញាដើម្បីកសាងសង្គមខ្មែរជាសង្គមប្រជាធិបតេយ្យ។

យ៉ាងណាលោក ផៃ ស៊ីផាន មានជំនឿថា សេចក្ដីស្នើច្បាប់នេះ នឹងមិនក្លាយជាច្បាប់នោះទេ ត្បឹតលោកយោងលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលកាលពីពេលថ្មីៗនេះ អនុរដ្ឋមន្រ្ដីការបរទេសអាមេរិកមកទស្សនកិច្ចនៅកម្ពុជា ដែលបង្ហាញពីការពង្រឹងកិច្ចសហប្រតិបត្តិការ និងផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ។​

ជាការកត់សម្គាល់ សមាជិកសភា​សហរដ្ឋអាមេរិក​ប្រចាំ​រដ្ឋ​​ពី​ខាង​គណបក្សប្រជាធិបតេយ្យ​លោក​ ​អាឡែន ឡូវ៉ិនថល (Alan Lowenthal) បានថ្លែង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មានថា ការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ននៅតែបន្តបំផ្លាញដំណើរប្រជាធិបតេយ្យ មិនគោរពតាមការសន្យានៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសអំពីការលើកស្ទួយប្រជាធិបតេយ្យនៅកម្ពុជា។

​​លោកបន្តថា​ រដ្ឋាភិបាលកម្ពុជាបានបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ធ្វើទុក្ខបុកម្នេញសកម្មជនប្រឆាំង និងរម្លាយគណបក្សប្រឆាំង លុបបំបាត់ចោលការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ថែមទាំងប្រើអំណាចរបស់ខ្លួនបំផ្លាញក្តីសង្ឃឹមនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕

 

Share

ព័ត៌មានទាក់ទង