ក្រុមការងាររុករកបានរកឃើញ ពលករខ្មែរម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារគ្រោះរញ្ជួយដីនៅថៃ ដោយជនរងគ្រោះមានឈ្មោះ ផល្លា រតនា មានអាយុ ២៤ឆ្នាំ ជាកូនរបស់លោក សៅ ផល្លា និងលោកស្រី ឆាយ សោភ័ណ្ឌ។ នេះបើតាមសេចក្តី ជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។
បើតាមក្រសួងការងារ យោងតាមសេចក្តីជូនដំណឹងពីវិទ្យាស្ថានវេជ្ជសាស្ត្រកោសល្យវិច័យ នៃមន្ទីរពេទ្យនគរបាលជាតិប្រទេសថៃ អំពីលទ្ធផលនៃការពិនិត្យ កោសល្យវិច័យ DNA ក្រសួង បានទទួលដំណឹងថា លោក ផល្លា រតនា ដែលត្រូវជាកូនរបស់ លោក សៅ ផល្លា និង លោកស្រី ឆាយ សោភ័ណ្ឌ បានទទួលមរណភាពក្នុងអាយុ ២៤ឆ្នាំ ដោយគ្រោះរញ្ជួយដី នៅប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ កន្លងមកនេះ។
ក្រោយទទួលបានដំណឹងដ៏ក្រៀមក្រំនេះ ក្រសួង ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ និងអនុព័ន្ធការងារ អមស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ បានទទួលបន្ទុកចំណាយលើការរៀបចំបូជាសព និងបំពេញឯកសារនានាស្រប តាមនីតិវិធីរបស់ប្រទេសថៃ ព្រមទាំង បន្តតាមដានចំពោះសំណងនានា ដែលគ្រួសារនៃសពត្រូវទទួលបានពីភាគីថៃ។
ចាប់តាំងពីថ្ងៃកើតមានគ្រោះរញ្ជួយដី នៅប្រទេសថៃ ក្រសួង ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងអនុព័ន្ធការងារអមស្ថាន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចថៃ និងសហគមន៍ខ្មែរនៅប្រទេសថៃ ដើម្បីកំណត់អត្តសញ្ញាណពលករដែលបាត់ខ្លួន និងបានផ្តល់ការគាំពារទាន់ ពេលវេលាដល់ក្រុមគ្រួសារបងប្អូនពលករខ្មែរដែលបានទទួលមរណភាព និងរងរបួសដោយសារគ្រោះមហន្តរាយ ធម្មជាតិនេះ៕