សម្តេច ហ៊ុន សែន អំពាវនាវដល់គណបក្សនយោបាយទាំងឡាយ គួរគោរពដល់សកម្មភាពប្រជាធិបតេយ្យ ដល់ក្រុមយុវជនសមាគមន៍ ក្រុមយុវជនបរិស្ថាន ដែលធ្វើសកម្មភាពទាំងឡាយដែលគាំទ្ររាជរដ្ឋាភិបាល។ ការអំពាវនាវបែបនេះ ក្រោយពីក្រុមអ្នកឃ្លាំមើលលើកឡើងថា សម្តេច ហ៊ុន សែនកំពុងប្រើប្រាស់យុវជន ឱ្យទៅជល់នឹងយុវជនគ្នាឯងដើម្បីបំបាត់សំឡេងរិះគន់រដ្ឋាភិបាលរបស់ខ្លួន។ យ៉ាងណាអ្នកវិភាគនយោបាយ បានបង្ហាញការគាំទ្រ ប្រសិនបើពួកគេមានទស្សនៈវិជ្ជមានកសាងសង្គម ប៉ុន្តែបើក្រុមយុវជននោះចុះចូលដើម្បីគ្រាន់តែបម្រើឥទ្ធិពលនិន្នាការនយោបាយទេ នឹងអាចបង្ករការបែកបាក់សង្គម។ លោក គីម ចាន់ចាវ រាយការណ៍
ក្រោយពេលដែលសម្តេចហ៊ុន សែន អាចទាក់ទាញយុវជនមួយចំនួនដែលកន្លងមកធ្លាប់ធ្វើការងារសង្គមនិងបរិស្ថាន ឱ្យងាកមកបម្រើរដ្ឋាភិបាលវិញ អ្នកឃ្លាំមើល និងអ្នកនយោបាយមួយចំនួន បានចាត់ទុកថា ជាការទាក់ទាញប្រមូលទិញយុវជនទាំងនោះ នៅមុនរដូវកាលបោះឆ្នោត ដើម្បីបំបាត់សំឡេងរិះគន់រដ្ឋាភិបាល។ ពួកយុវជនទាំងនោះកន្លងមកសុទ្ធសឹងជាអ្នកដែលអះអាងថា ដើរតាមមាគ៌ាលោកបណ្ឌិតកែម ឡី អ្នកវិភាគនយោបាយដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីឆ្នាំ២០១៦។
បន្ទាប់ពីឃើញមានការរិះគន់លើយុវជនដែលទើបចុះចូលនឹងគណបក្សកាន់អំណាចបែបនេះ សម្តេច ហ៊ុន សែន បានបញ្ជាក់នៅថ្ងៃទី០១ ខែមីនានេះថា ក្រុមយុវជនទាំងនោះបានដឹងច្បាស់ថា ពួកគេកន្លងមកបានគាំទ្របក្សប្រឆាំងតែមិនបានលទ្ធផល ហើយមួយចំនួនទទួលបានការបណ្ដុះបណ្ដាលបដិវត្តពណ៌នៅអាមេរិក ដែលមិនអាចឱ្យពួកគេរួមរស់ជាមួយបាន ទើបងាកមកគាំទ្ររដ្ឋាភិបាលវិញ។
«វិធីតែមួយគត់របស់គេ គឺរួមចំណែកជាមួយរដ្ឋាភិបាល គាំទ្ររដ្ឋាភិបាលវិញ ធ្វើការជាមួយរដ្ឋាភិបាលវិញល្អជាង»
លោក កើត សារ៉ាយ ប្រធានសមាគមនិស្សិតបញ្ញវន្តកម្ពុជា ដែលមិនបានចុះចូលជាមួយគណបក្សកាន់អំណាច បានសរសេរសារលាគ្នាតាមបណ្ដាញសង្គមថា អ្នកត្រូវទៅក៏កំពុងទៅ និងបានទៅបាត់ហើយ។ អ្នកដែលមិនត្រូវទៅ ក៏បានទៅអស់ហើយដែរ ។ ចំណែកអ្នកដែលមិនព្រម ក្បត់គ្រូ ក្បត់ឆន្ទៈ ក្បត់មិត្តភក្ដិ និងក្បត់គុណ អ្នកដែលមិនត្រូវនៅ ក៏បានទៅអស់ហើយដែរ។ យុវជនរូបនេះ បានព្រលយសារថា បើសិនបុគ្គលណាម្នាក់ដែលចង់ចូលរួម ឬក៏ដើរតួជាអ្នកគិតគូបញ្ហាសង្គមជាតិ ត្រូវត្រៀមខ្លួនឱ្យហើយ និងប្រុងប្រយ័ត្នក្នុងការផ្លាស់ប្តូរឆន្ទៈ។
«ព្រោះថាយើងធ្វើហ្នឹងមិនមែនធ្វើរឿងតូច ធ្វើរឿងកញ្ឆិញិ ហ៊ានគិតដល់ មានន័យថាយើងហ៊ានគិតជំនួសអំពីក្ដីសុខប្រជាពលរដ្ឋខ្មែររាប់លានអ្នក ហើយសូម្បីតែការត្រៀមខ្លួនយ៉ាងម៉េចអត់មានការត្រៀមខ្លួនផង ហើយយើងត្រូវធ្វើម៉េច? បើគ្រាន់តែទទួលបានផលប្រយោជន៍បន្តិចបន្តួចហើយយើងផ្លាស់ប្តូរឆន្ទៈ អាហ្នឹងក៏ជារឿងមួយដែរ»។
ក្រោយពេលយុវជនសង្គមទាំងនោះងាកចូលរួមជីវភាពនយោបាយជាមួយបក្សកាន់អំណាច សម្តេច ហ៊ុន សែន ក៏បានទទួលស្គាល់ផងដែរថា ក្រុមយុវជនបរិស្ថាន និងសមាគមទាំងនោះត្រូវបានរងការប្រមាថពីគណបក្ស និងបុគ្គលមួយចំនួន នៅពេលពួកគេធ្វើសកម្មភាពគាំទ្ររាជរដ្ឋាភិបាល បន្ទាប់ពីពួកគេចាកចេញឈប់គាំទ្រក្រុមប្រឆាំង ដោយចាត់ទុកថា បានលក់ឧត្តមគតិ។
«ចឹងចំណុចនេះ ខ្ញុំគ្រាន់តែចង់ជម្រាបទៅអស់លោកអ្នក ដែលតាំងខ្លួនជាមនុស្សប្រជាធិបតេយ្យ ក៏ប៉ុន្តែមិនបានគោរពប្រជាធិបតេយ្យពិតប្រាកដទេ។ ឱ្យតែមនុស្សគាំទ្រអ្នកឯង ទើបអ្នកឯងចាត់ទុកថាមនុស្សល្អ ប៉ុន្តែឱ្យតែគាំទ្ររដ្ឋាភិបាល គឺសុទ្ធតែមនុស្សលក់ឧត្តមគតិ ហើយធ្ងន់ធ្ងរទាំងនេះគឺប្រមាថថា អ្នកទាំងនេះជាកញ្ជះបរទេស ក្នុងពេលដែលខ្លួនស៊ីលុយបរទេសដើម្បីប្រឆំាងខ្មែរទៅទៀត»។
ការប្រតិកម្មធ្ងន់ៗបែបនេះរបស់នាយករដ្ឋមន្ត្រី ក្រោយពីក្រុមអ្នកឃ្លាំមើល និងអ្នកនយោបាយប្រឆាំង លើកឡើងថា សម្តេច ហ៊ុន សែនកំពុងប្រើប្រាស់យុវជន ឱ្យទៅជល់នឹងយុវជនគ្នាឯងដើម្បីបំបាត់សំឡេងរិះគន់រដ្ឋាភិបាលរបស់ខ្លួន។ លោក ឯម សុវណ្ណរ៉ា អ្នកវិភាគនយោបាយនៅកម្ពុជា បានសាទរចំពោះយុវជនដែលចុះចូលទាំងនោះ ប្រសិនបើពួកគេមានទស្សនៈវិជ្ជមានក្នុងការកសាងសង្គម ប៉ុន្តែបើក្រុមយុវជននោះចុះចូលដើម្បីគ្រាន់តែបម្រើឥទ្ធិពលនិន្នាការនយោបាយទេ នឹងមិនអាចជួយសង្គមបានឡើយ តែផ្ទុយទៅវិញគឺបង្កការបែកបាក់សង្គម។ យ៉ាងណា អ្នកជំនាញនយោបាយរូបនេះ ចង់ឃើញយុវជនកម្ពុជាដែលលោកចាត់ទុកជាតួអង្គសំខាន់ក្នុងសង្គម គួរធ្វើការឈរលើគោលការច្បាប់ និងផលប្រយោជន៍ជាតិជារួម ជាជាងផលប្រយោជន៍ផ្ទាល់ខ្លួន។
«កុំឱ្យតែខ្លួនឯងបានផលប្រយោជន៍ពីអ្នកនយោបាយហើយហែកហួរគ្នាក្នុងសង្គមដែលខ្លួនឯងធ្លាប់រស់នៅ ឬបក្ខពួកដែលខ្លួនឯងធ្លាប់រាប់អាន ធ្វើការជាមួយហ្នឹង។ ខ្ញុំឃើញរូបភាពបែបហ្នឹង វាសង្គមខ្មែរកែអត់ឡើងតាំងអតីតកាលមកហ៌ ទស្សវត្ស៦០-៧០ កើតឡើងវាច្រើនទៅហើយ វានៅដុះពន្លកកាន់តែធំចឹងទេ ហើយក្នុងសង្គមប្រជាធិបតេយ្យមិនគួរដុះពន្លកចឹងទេ ខ្ញុំបារម្ភសង្គមយើងហ្នឹងអាច នៅក្នុងសង្គមប្រជាធិបតេយ្យវាមិនគួរវិវត្តន៍ទៅបែបហ្នឹងទៀតទេ»។
ក្រុមយុវជនដែលបានប្ដូរទស្សនៈរបស់ខ្លួន ទៅគាំទ្ររដ្ឋាភិបាលទាំងនោះមានយ៉ាងហោចណាស់៦ក្រុម រួមមាន ក្រុមយុវជន១០០រាត្រី ក្រុមយុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា ក្រុមអ្នកស្រាវជ្រាវវ័យក្មេង ក្រុមអ្នកស្រឡាញ់បរិស្ថាននិងសង្គម ក្រុមយុវជនខ្មែរមហានគរ និងក្រុមយុវជនសន្ដិភាពនិងការអភិវឌ្ឍ៕