ភ្នំពេញ៖ បន្ទាប់ពីមានការណែនាំជំរុញពីលោកបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីទើបឡើងកាន់តំណែងថ្មីឱ្យភាគីពាក់ព័ន្ធពិភាក្សាគ្នាជំរុញដំឡើងប្រាក់ឈ្នួលកម្មករនិយោជិតឆ្នាំ២០២៤ អ្នកវិភាគមួយចំនួននៅតែស្ទាក់ស្ទើរក្នុងការព្យាករណ៍ថានឹងមានការកើនឡើងឬយ៉ាងណានោះទេ។ ស្ទាក់ស្ទើរដោយហេតុថា ករណីនេះគឺអស្រ័យទៅលើការចរចាររវាងត្រីភាគី។ ក៏ប៉ុន្តែសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) ដែលជាភាគីអន្តរាគមន៍លើរឿងនេះ បង្ហាញក្តីរំពឹងថា នឹងមានការកើនឡើង ប៉ុន្តែមិនទាន់អាចកំណត់ចំនួនច្បាស់លាស់នៅឡើយ។
ក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាសនៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ លោកបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានណែនាំដល់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាភាគីពាក់ព័ន្ធ ត្រូវពិភាក្សាគ្នាដោយធ្វើយ៉ាងណាពន្លឿនការដំឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករនិយោជិតសម្រាប់ឆ្នាំ២០២៤ ទោះតិច ឬច្រើន គឺត្រូវតែដំឡើងជូនឆាប់ៗតាមដែលអាចធ្វើទៅបាន។
លោកបណ្ឌិត ហ៊ុន ម៉ាណែត៖ ឥឡូវការប្រគល់ភារកិច្ចឱ្យក្រសួងការងារនៅឆ្នាំ២០២៣នេះ ធ្វើចំពោះមុខ ត្រូវតែខិតខំសម្របសម្រួល ការពិភាក្សាប្រាក់ឈ្នួលអប្បបរមាឱ្យបានល្អ ដោយឈរលើលក្ខណៈវិទ្យាសាស្រ្ត និងលក្ខណៈវិនិច្ឆ័យ មានចែងក្នុងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ឱ្យបានមុនពេលឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ ត្រូវធ្វើឱ្យបានលឿន ធ្វើមិចឱ្យប្រជាពលរដ្ឋបានដឹងថា ឆ្នាំនេះនៅ២០២៤បានឡើង អប្បបរមាឡើងបានប៉ុន្មាន គាត់អាចទៅប្រាប់ឳពុកម្តាយគាត់នៅឆ្នាំក្រោយបានឡើង ឱ្យបាន តិច ច្រើនត្រូវតែឡើងឱ្យបងប្អូនប្រជាពលរដ្ឋ បងប្អូនកម្មករកម្មការនី ត្រូវធ្វើឱ្យបានមុនភ្ជុំ មិនមែនធ្វើឆ្នាំ២០២៤ទេ គឺធ្វើមុនភ្ជុំ និងអាទិភាពចំពោះមុខដែលត្រូវធ្វើ»
ជាការកត់សម្គាល់ដោយឡែក នៅពេលដែលមានការលើកឡើងពីនាយករដ្ឋមន្ត្រីទាក់ទងប្រាក់ឈ្នួលរបស់កម្មករបែបនេះ គឺតម្រុយវិជ្ជមាននៃការដំឡើងនឹងអាចកើតមានសម្រាប់កម្មករនិយោជិត។ ប៉ុន្តែជុំវិញបញ្ហានេះ អ្នកវិភាគមួយចំនួននៅតែមិនទាន់មានទំនុកចិត្តនិងមិនទាន់អាចព្យាករណ៍ថានឹងមានលទ្ធភាពដំឡើង ឬក៏យ៉ាងណានោះទេ។
ក្នុងនោះលោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជានិយាយថា បើទោះបីជាមានការជ្រោមជ្រែងពីសំណាក់រាជរដ្ឋាភិបាលក្តី ប៉ុន្តែការដំឡើងប្រាក់ឈ្នួលកម្មករនិយោជិតគឺអាស្រ័យលើការពិភាក្សារបស់ក្រុមត្រីភាគី ទើបអាចសម្រេចបាន។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា
លោក គិន ភា៖«ការតំឡើងប្រាក់ខែ ឬប្រាក់ឈ្នួលអប្បបរមាននេះគឺ ខ្ញុំគិតថាជា សុឆន្ទៈ ជាការប្តេជ្ញាចិត្តដ៏ល្អរបស់រាជរដ្ឋាភិបាល ក៏ប៉ុន្តែ លទ្ធភាពបែបណានោះ គឺវាអាស្រ័យស្ថានភាពសេដ្ឋកិច្ចសាកលជារួម ប៉ុន្តែជាការកត់សម្គាល់របស់យើង យើងឃើញថា តាំងពីមានការចរចាររវាងកម្មករនិយោជិត និងនិយោជកមក ឃើញថាប្រាក់ឈ្នួឡអប្បបរមានៅកម្ពុជាមានការតំឡើងជារៀងរាល់ឆ្នាំ ទោះតិចក្តីច្រើនក្តីតែងមានការកើនឡើង អាហ្នឹងជាការកត់សម្គាល់របស់យើង ប៉ុន្តែការកើនឡើងហ្នឹងទឿតសោត សុទ្ធតែកើតចេញពីការព្រមព្រៀងគ្នា ពិនិត្យថាអាចទៅរួច ឬមិនទៅរួច ក្នុងស្ថានភាពនៃឆ្នាំនិមួយៗបាទ»
ដោយឡែក លោក ឯម សុវណ្ណរ៉ា អ្នកវិភាគ និងជាសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយធ្លាប់ផ្តល់ការវិភាគមកកាន់វិទ្យុស្រ្តីកាលពីពេលថ្មីៗនេះផងដែរថា នឹងមិនមានការដំឡើងប្រាប់ឈ្នួលណាមួយនោះទេ ដោយហេតុថា លោកមើលឃើញពីស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជាហាក់ធ្លាក់ចុះ ដែលជាហេតុបង្កឱ្យមានផលលំបាកដល់ភាគីក្នុងការសម្រេចចិត្តកំណត់ប្រាក់ឈ្មួលកម្មករនិយោជិត។
លោក ឯម សុវណ្ណរ៉ា អ្នកវិភាគ និងជាសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ
ឯម សុវណ្ណារ៉ា៖ « ទាំងសេដ្ឋកិច្ចសាកលតំបន់ នៅកម្ពុជាខ្ញុំគិតថាពលកម្ម តម្លៃពលកម្មនៅកម្ពុជាពុំមានផល ឬក៏មិនអាចតំឡើងបានទេ បើយើងមើលស្ថានភាពមិនទាន់អំណោយផលសម្រាប់សេដ្ឋកិច្ចមិនទាន់អំណោយផលសម្រាប់ការជម្រុញការនាំចេញឬការផលិតទេ អីចឹងខ្ញុំសង្ឃឹមថាពលករមិនអាចទទួលបានការតមឡើងទេនៅឆ្នាំនេះហា៎ណាស់ចំពោះតម្លៃប្រាក់មូលដ្ឋានសម្រាប់ផ្គត់ផ្គង់ម្នាក់ៗហា៎ណាស់បាទ»
ក៏ប៉ុន្តែលោក ខេន លូ អគ្គលេខាធិកាសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) ដែលជាភាគីអន្តរាគមន៍លើរឿងនេះ ហាក់បង្ហាញក្តីរំពឹងថា នឹងមានការកើនឡើង ប៉ុន្តែមិនទាន់អាចកំណត់ចំនួនច្បាស់លាស់នៅឡើយ។
យ៉ាងណាមិញ នៅក្នុង២០២៣នេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប គឺមានចំនួន២០០ដុល្លារក្នុងមួយខែ។
ដោយមើលឃើញថាលទ្ធផលក្នុងកិច្ចពិភាក្សាលើកទី២នេះមិនទាន់ចេញជាតួរលេខជាក់លាក់ ដូចនេះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានដាក់កាលបរិច្ឆេទនៃការប្រជុំពិភាក្សាបន្ត ដោយនឹងបន្តធ្វើឡើងចំនួន៥លើកទៀត ពោលនៅថ្ងៃទី៤ ថ្ងៃទី១១ ថ្ងៃទី១៨ ថ្ងៃទី២៥ ខែកញ្ញា និងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣៕