ភ្នំពេញ៖ តុលាការកំពូលបានបដិសេធលើការផ្ដន្ទាទោសលោក នី ចរិយា អតីតមន្រ្តីសិទ្ធិមនុស្ស ពីបទបរិហារកេរ្តិ៍មន្ត្រីតុលាការខេត្តសៀមរាប និងតម្រូវឱ្យយកករណីនេះ ទៅជំនុំជម្រះសារជាថ្មីនៅសាលាឧទ្ធរណ៍វិញ ដោយផ្អែកលើភាពខ្វះខាតនៃភ័ស្តុតាង។នេះបើយោងតាមការចុះផ្សាយព័ត៌មានលើទំព័រហ្វេសបុករបស់អង្គការសិទ្ធិមនុស្សលីកាដូ។
លោក សោម លាភ ជូនសេចក្ដីរាយការណ៍៖

តាមការចុះផ្សាយនេះបញ្ជាក់ថា តុលាការកំពូល តាមរយៈដំណើរការសវនការកាលពីថ្ងៃទី ២៦កញ្ញារួចមក បានរកឃើញថា សាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ មិនបានផ្ដល់ភ័ស្តុតាងគ្រប់គ្រាន់ដែលបញ្ជាក់ថា លោក នី ចរិយា ពិតជាបានធ្វើការអត្ថាធិប្បាយបែបនេះនោះទេ។
មិនត្រឹមតែប៉ុណ្ណោះ ក្នុងដំណើរការសវនាការក្នុងរឿងក្ដីនេះទៀតសោតក៏គ្មានវត្តមានភាគីដើមបណ្ដឹងរដ្ឋប្បវេណី និងមេធាវីការពាក្ដីនោះទេ។
យ៉ាងណាមិញ តុលាការកំពូលនៅថ្ងៃទី ១ តុលានេះ បានសម្រេចបដិសេធចោលនូវការផ្ដន្ទាទោសរបស់សាលាឧទ្ធរណ៍ ក្នុងការដំកល់ទុកជាបានការលើសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលផ្ដន្ទាទោសលោក នី ចរិយា ដាក់ពន្ធនាគារ ៦ខែ។ តុលាការកំពូលបានសម្រេចអោយយកករណីរឿងក្ដីនេះ ទៅជំនុំជម្រះនៅសាលាឧទ្ធរណ៍ជាថ្មីឡើងវិញ។
គួររំលឹកថា លោក នី ចរិយា ត្រូវបានចោទប្រកាន់ តាមបណ្ដឹងរបស់ចៅក្រមស៊ើបសួរម្នាក់ និងព្រះរាជអាជ្ញារងម្នាក់នៃសាលាដំបូងខេត្តសៀមរាប ពាក់ព័ន្ធនឹងការអត្ថាធិប្បាយរបស់លោកដែលបានធ្វើឡើងនៅក្នុងសន្និសិទសារព័ត៌មានចំនួនពីរ កាលពីខែឧសភា ឆ្នាំ២០១៥។
ការអធិប្បាយរបស់លោក នី ចរិយា គឺក្នុងគោលបំណងដើម្បីស្នើសុំឱ្យមានការស៊ើបអង្កេតទៅលើភាពមិនប្រក្រតីផ្នែកផ្លូវច្បាប់ជុំវិញដំណោះស្រាយជម្លោះដីធ្លីមួយ និងស្នើសុំឱ្យមានការដោះលែងជនរងគ្រោះនៃការរំលោភសិទ្ធិដីធ្លីចំនួនពីរនាក់ ដែលត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ។
កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ លោក នី ចរិយា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសដាក់ពន្ធនាគារ ៦ខែ និងពិន័យជាប្រាក់ចំនួន៦លានរៀលពីបទបរិហារកេរ្តិ៍ បទប្ដឹងបរិហារបង្កាច់កេរ្តិ៍ និងបទផ្សព្វផ្សាយនូវការអត្ថាធិប្បាយ ដើម្បីធ្វើសម្ពាធលើយុត្តាធិការតាមមាត្រា ៣០៥ មាត្ រា៣១១ និងមាត្រា ៥២២ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
ករណីសូមជម្រាបដែរថា លោក នី ចរិយា អតីតយមន្ត្រីសិទ្ធិមនុស្ស អាដហុក ខណៈលោកកំពុងស្ថិតនៅក្នុងពន្ធនាគារករណីសូកប៉ាន់ សាក្សីនាង ខុមចាន់តារាទី ហៅស្រីមុំ ក្នុងសំណុំរឿងអតីតប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា លោកត្រូវបានតុលាការសាលាដំបូងរាជធានីផ្ដន្ទាទោសក្នុងសំនុំបរិហាកេរ្តិ៍មន្ត្រីតុលាការខេត្តសៀមរាបរយៈពេល ៦ខែ។ ទន្ទឹមនឹងនេះ លោកត្រូវឃុំខ្លួនក្នុងពន្ធនាគារករណីសំណុំរឿងជាមួយមន្ត្រីអាដហុក ៤រូប រយៈពេលជាង ១៤ខែ។ សំណុំរឿងពាក់ព័ន្ធនឹងកញ្ញស្រីមុំនេះ សាលាដំបូងក្រុងភ្នំពេញបានសម្រេចផ្ដន្ទាទោស លោក នី ចរិយានិងមន្ត្រីអាដហុកម្នាក់ៗរយៈពេលប្រាំឆ្នាំ ដោយការព្យួរ៕
អត្ថបទ៖ លោក សោម លាភ