ភ្នំពេញ៖ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយធនាគារអភិវឌ្ឍន៍អាស៊ី(ADB)នៃការផ្តល់ឥណទានសម្បទានប្រមាណ១៨០លានដុល្លារលើគម្រោងចំនួនបីគឺការកែលម្អផ្លូវថ្នល់ ការផ្គត់ផ្គង់ទឹកនិងអនាម័យតាមបណ្តាខេត្តនិងអភិវឌ្ឍន៍កសិកម្មខ្នាតតូចក្នុងខេត្តជាប់បឹងទន្លេសាប។

បើយោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃទី៩ ខែមករានេះបានឲ្យដឹងថាកម្ចីធនាគារអភិវឌ្ឍន៍អាស៊ីទឹកប្រាក់៧០លានដុល្លារលើគម្រោងកែលម្អផ្លូវថ្នល់ប្រវែង១៤៧គីឡូម៉ែត្រនៅខេត្តព្រៃវែង សៀមរាប និងស្វាយរៀង។
សេចក្តីប្រកាសព័ត៌មាននេះបន្ថែមថា ខេត្តដែលទទួលថវិកានេះ រួមមាន បាត់ដំបង កំពងចាម សៀមរាប និងក្រុងព្រះសីហនុ ។ថវិកានេះ ដើម្បីសាងសងរោងចក្រសម្អាតទឹកនិងសម្អាតទឹកស្អុយ ការតភ្ជាប់បណ្តាញទឹកស្អាតនិងប្រព័ន្ធលូក្នុងទំហំទឹកប្រាក់៥០លានដុល្លារអាមេរិក។គម្រោងនេះរដ្ឋាភិបាលចូលរួមបដិភាគ១០,៥៤លានដុល្លារ។
ក្នុងគម្រោងចុងក្រោយដើម្បីជួយអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាបធនាគារ ADB បានផ្តល់ប្រាក់កម្ចីចំនួន៥០លានដុល្លារ៕