ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយហៅថា ACU សម្រេចបញ្ចូនមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក ៤ រូបទៅសាលាដំបូងរាជធានីភ្នំពេញ ករណីពុករលួយ (២០៤ដុល្លារ) ពាក់ព័ន្ធ កញ្ញា ខុម ចាន់តារាទី ហៅ ស្រីមុំ។ ករណីនេះ ប្រធានអង្គការអាដហុក បដិសេធថាមន្ត្រីរបស់ខ្លួនមិនជាប់ពាក់អំពើពុករលួយឡើយ។ ចំណែកអ្នកវិភាគម្នាក់ថា រឿងនេះជារឿងនយោបាយ ដោយភ្ជាប់ការរកយុត្តិធម៌ឲ្យកញ្ញាស្រីមុំ ។ លោក ធូ វិរៈ លម្អិតព័ត៌មាននេះ

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) លោក ឱម យិនទៀង ថ្លែងនៅក្នុងសន្និសីទសាព័ត៌មាន ព្រឹកថ្ងៃទី ២៩ ខែមេសានេះ ថា ACU បានសម្រេចឃាត់ខ្លួនមន្ត្រីអាដហុក ទាំង៤រូប តាំងពីម៉ោង ៨យប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ។ លោកថា កាលណាផុតពី៤៨ម៉ោងទៅ អង្គភាពប្រឆាំងអំពើពុករលួយនឹងបញ្ជូនខ្លូនមន្ត្រីអាដហុកទាំងនោះទៅតុលាការ។
លោក ឱម យិនទៀង ថ្លែងថា«ច្បាប់គេនិយាយថាយើងខ្ញុំមានសិទ្ធិ៤៨ម៉ោង រាប់ពីម្សិលមិញពីម៉ោង៨ ខ្លះថាម៉ោង៨ ខ្លះ៩ថាម៉ោង ៨ ខ្លះ១០ថាម៉ោង តែយើងគិតថាម៉ោង៨យប់»។
បទចោទ នាំឱ្យមន្ត្រីជាន់ខ្ពស់ អាដហុកទាំង៤រូបនេះ ត្រូវនាំខ្លួនទៅតុលាការដើម្បីចោទប្រកាន់ជាផ្លូវការ គឺករណីពុករលួយនូវទឹកប្រាក់ (២០៤ដុល្លារ)ដែលសមាគមនេះ បានឱ្យទៅ កញ្ញាស្រីមុំ ទៅតាមការស្នើសុំរបស់នាងគឺ ដោយសារតែនាងចង់បានប្រាក់នេះ ដើម្បីស្នាក់នៅភ្នំពេញតស៊ូមតិ ករណីកញ្ញាអះអាងថា ចង់បានយុត្តិធម៌មកវិញ ព្រោះគេវាយប្រហារនាងជាខ្លាំង។ នេះបើតាមលោក ធន់ សារាយ ប្រធានសមាគមអាដហុក ដែលបានថ្លែងទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃអង្គារទី ២៦មេសា មុនអ្នកទាំង៤រូបនេះត្រូវបានACUឃុំខ្លួន។
លោក ធន សារាយ ប្រធាន សមាគមការពារសិទ្ធិមនុស្សអាដហុក បាននិយាយនៅមុខអង្គភាពប្រឆាំងអំពើពុករលួយ នៅពេលលោកស្នើដាក់មេធាវីការពារមន្ត្រីរបស់ខ្លួននៅព្រឹកមិញនេះថា អាដហុក បានប្រគល់ប្រាក់ចំនួន (២០៤ដុល្លារ) ឱ្យទៅ កញ្ញា ស្រីមុំ ប៉ុន្តែប្រាក់នោះ កញ្ញា ស្រីមុំ បានស្នើសុំ ហើយម្យ៉ាងទៀត វាស្ថិត នៅក្នុងគម្រោងរបស់សមាគមលោកជួយអ្នកក្រីក្រ។
មន្ដ្រីជាន់ខ្ពស់អាដហុក៤ រូប គឺ លោក នី សុខា លោក ណៃ វង់ដា លោក យី សុខសាន្ដ លោកស្រី លឹម មុនី រួមទាំង លោក នី ចរិយា បច្ចុប្បន្នជាអគ្គលេខាធិការរង គ.ជ.ប ពួកគាត់ត្រូវបាន ACU សម្រេចឃុំខ្ឡួន ជាផ្លូវការនៅម៉ោង៨យប់ នៅថ្ងៃម្សិលមិញ។
ក្រោយពីចេញពីបន្ទប់សន្និសិទសារព័ត៌មាន លោក ឡាត់ គី មន្ត្រីជាន់ខ្ពស់របស់សមាគមការពារសិទ្ធិមនុស្ស អាដហុក ថាអង្គការលោកបានដាក់មេធាវីប្រាប់៥រូប ដើម្បីការពារមន្ត្រីរបស់ខ្លួននៅពេលឡើងទៅតុលាការ ហើយក្រោយពីផុតរយៈពេល៤៨ម៉ោង សមាគមការពារសិទ្ធិមនុស្សអាដហុក នឹងបញ្ជូនមេធាវីទៅសុខទុក្ខភ្លាមៗ។
លោកបន្ថែមថា សមាគមអាដហុក នឹងប្ដឹងទៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (អ.ស.ប) ប្រសិនបើការដោះស្រាយតាមផ្លូវច្បាប់នៅកម្ពុជា មិនអាចឱ្យមន្ដ្រីរបស់អាដហុក រួចផុតពីការចោទប្រកាន់និងការឃុំខ្លួន។
លោក ឡាត់ គី និយាយថា«សមាគមការពារសិទ្ធិមនុស្សអាដហុក តាមដំណាក់កាលទី១យើងព្យាយាមតស៊ូតាមប្រព័ន្ធតុលាការសិន»។
លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានថ្លែងថា ពាក់ព័ន្ធទៅនិងមន្ត្រីអង្គការសហប្រជាជាតិ លោក ស៊ឺន សាលី មិនចូលបំភ្លឺតាមការកោះហៅនៅពេលនេះ អង្គភាពប្រឆាំងអំពុករលួយនឹងចេញដីការនាំខ្លួន ប៉ុន្តែលោកមិនទាន់បញ្ចាក់ថានឹងនាំខ្លួននៅពេលណានោះឡើយ។ ចំណែក លោក នី ចរិយា អតីតមន្ត្រីជាន់ខ្ពស់អាដហុក ហើយបច្ចុប្បន្នជាអគ្គលេខាធិការរង គ.ជ.ប ក៏កំពុងឃាត់ខ្លួននៅ (ACU) នៅឡើយ។
លោក ឱម យិនទៀង មានប្រសាសន៍ថា ACU ពុំទាន់ចោទប្រកាន់អគ្គលេខាធិការរង គ.ជ.ប រូបនេះនៅឡើយ។ ប៉ុន្តែលោកអះអាងថាលោកកំពុងសំឡឹងរកមើលបទចោទអ្វីដែលអាចធ្វើទៅបាន។
ប៉ុន្តែអង្គការកាពារសិទ្ធិមនុស្សលីការដូ បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសចំពោះ ការកោះហៅ និងសាកសួរមន្ត្រីអាដហុកថាជាការគំរាមគំហែងទៅលើសកម្មភាពរបស់សង្គមស៊ីវិល។ សេចក្តីថ្លែងការដដែលបានបញ្ជាក់ថា លោក សឿន សាលី មន្ត្រីការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា មិនចាំបាច់ចូលខ្លួនបំភ្លឺតាមការកោះហៅរបស់អង្គភាពប្រឆាំងអំពើពុករលួយ ព្រោះលោកមានអភ័យឯកសិទ្ធិជាសមាជិកមួយរូបរបស់អង្គការសហប្រជាជាតិ។
លោក សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា មានប្រសាសន៍ថា ការសម្រេចឃុំខ្លួនមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុកចំនួន៤រូប រួមទាំង អគ្គលេខាធិការរង គ.ជ.ប ផង គឺជារឿងនយោបាយច្រើនជាង ស្វែងរកយុត្តិធម៌ ជូនកញ្ញា ខុម ចាន់តារាទី ហៅស្រី មុំ និងជារូបភាពមិនបានឆ្លុះបញ្ជាំងនីតិរដ្ឋពិតប្រាកដក្នុងប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ។ លោកបានផ្តល់អនុសាសន៍ថា អ្នកនយោបាយគួរតែងាកមករកតុចចារ ដើម្បីបន្ថយកម្តៅនយោបាយមុនការបោះឆ្នោត។
សូមជម្រាបថា ដើមចមឱ្យមានករណីរបស់មន្ត្រីជាន់ខ្ពស់សមាគមអាដហុក ឃុំខ្លួននិងឡើងតុលាការ គឺករណីការលួចថតសំឡេងតាមទូរស័ព្ទនិងការធ្លាយខ្សែអាត់សំឡេង សេ្នហាមួយ រវាង កញ្ញាស្រីមុំ និង បុរសម្នាក់ដែលគេថាលោក កឹម សុខា។ មុនដំបូងកញ្ញាស្រីមុំ បដិសេធ ខ្សែអាត់នេះ គឺនាង បដិសេធ ទាំងនៅ មុខសមត្ថកិច្ចប៉ូលិស នៅតុមូលនៃវិទ្យុអាសេរី និងវិដេអូ របស់សមាគមអាដហុក ប៉ុន្តែនៅពេលនាងឡើងបំភ្លឺកាលពីថ្ងៃទី១៩ មេសា នាងបានទទួលស្គាល់ថាជាសំឡេង របស់នាង ជាមួយលោកកឹមសុខា ហើយនាងប្រាប់តុលាការថា លោកកឹមសុខា និង មន្ត្រីសង្គមស៊ីវិលនែនាំនាង កុហក់សមត្ថកិច្ច ករណីសំឡេងខ្សែអាត់នេះ ៕