ក្រុមការងារខណ្ឌរដ្ឋបាលជលផលកំពត និងអង្គការអភិរក្សធនធានសមុទ្រកម្ពុជា (MCC) បានរកឃើញហ្វូងផ្សោតពណ៌ផ្កាឈូក (Pink Dolphin) ប្រមាណ១៥ ទៅ២០ក្បាល នៅខេត្តកំពត ដោយផ្សោតទាំងអស់នេះមានអាយុប្រមាណ ២០ឆ្នាំហើយ កាលពីព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ ។ នេះតាមការចុះផ្សាយរបស់ក្រសួងព័ត៍មាន ដោយយោងប្រភពពីលោក ស សូរិននាយកខណ្ឌរដ្ឋបាលជលផលកំពត។
ស្របពេលជាមួយគ្នានោះដែរ លោកនាយកខណ្ឌរដ្ឋបាលជលផល ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជានេសាទអោយចូលរួមថែរក្សាការពារធនធានកម្រទាំងនេះទាំងអស់គ្នា។
តាមឯកសារស្ដីពីថនិកសត្វក្នុងសមុទ្រ ផ្សោតពណ៌ផ្កាឈូកដែលទើបនឹងកើតពេញជំទង់ មានពណ៌ប្រផេះក្រម៉ៅ និង មានពណ៌ផ្កាឈូកលាយស នៅពេញដែលមានវ័យចំណាស់ ។ វាមានព្រុយខ្នង ដែលមានរាង ដូចបូកសត្វគោ និង មានចំពុះតូចល្មម ។ កូនដែលកើតភ្លាម មានប្រវែង១ ម ពេញវ័យ ២,៤៩-២,៧៩ ម និង ទម្ងន់ទើបកើត ១៤គីឡូក្រាម ពេញវ័យ ១៧០-២៦០គីឡូក្រាម ។ ចំណែកកន្លែងរស់នៅរបស់ពួកវាគឺ វារស់នៅជាក្រុមតូចៗ មិនលោតលេងលើផ្ទៃទឹក និង មិនហែលដេញតាមក្បាលទូកឡើយ ។ វាចូលចិត្តរស់នៅនឹងលេងតាមឆ្នេរខ្សាច់ហើយរកចំណីនៅតាមផ្ទាំង ថ្ម ។
គួរជម្រាបផងដែរថា ផ្សោតផ្កាឈូកនេះត្រូវបានចុះបញ្ជីក្រហម IUCN ជាសត្វដ៏កម្រជិតផុតពូជ និងជាសត្វដែលងាយរងគ្រោះ។ សត្វផ្សោតដ៏ចម្លែកនេះវាមានវត្តមាននៅទូទាំងអាស៊ីអាគ្នេយ៍ រួមទាំងនៅឆ្នេរសមុទ្រអាហ្វ្រិកខាងត្បូង ប្រទេសចិន និងហុងកុង៕