ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងជំរុញទៅកាន់ប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តវិធី ៤R ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងអាចទាញចំណូលពីប្លាស្ទិកបានផងដែរ។ ការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់បរិស្ថាននេះ ធ្វើឡើងក្នុងឱកាសអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ នៅវិទ្យាល័យ ហ៊ុន សែន ពាមជាំង ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
កញ្ញា ឡុង សំនៀង ជូនសេចក្តីរាយការណ៍
ការអនុវត្តវិធី ៤R នោះរួមមាន ទី១៖សូមប្រើប្រាស់ឡើងវិញ កុំប្រើប្លាស្ទិកតែ១ដងបោះចោល។ ទី២៖ការកែច្នៃនិងផលិតជាសម្ភារប្រើប្រាស់ឡើងវិញ។ ទី៣៖ទាញយកចំណូលពីពីប្លាស្ទិក និងទី៤៖ បដិសេធមិនប្រើប្រាស់ប្លាស្ទិកប្រចាំថ្ងៃ។
សម្រាប់លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថានយល់ថា ប្រសិនគ្មានវិធានការប្រកបដោយនិរន្តភាពជាក់លាក់នោះទេ នោះគេរំពឹងថា បរិមាណសំណល់ប្លាស្ទិក ដែលហូរចូលទៅក្នុងប្រព័ន្ធអេកូឡូស៊ី ក្នុងទឹក នឹងកើនឡើងជិតបីដង ប្រមាណ២៩លានតោន ក្នុងឆ្នាំ២០៤០។ លោក ខ្វៃ អាទិត្យា សង្កត់ ធ្ងរថា ការបំពុលដោយប្លាស្ទិក បានប៉ះពាល់ដល់សុខុមាលភាពរបស់មនុស្ស សត្វ និងបរិស្ថាន ក្នុងនោះប្លាស្ទិកហូរចូលទៅសមុទ្រ នៅឆ្នាំ២០៥០ នឹងមានចំនួនច្រើនជាងត្រីនៅក្នុងសមុទ្រផងដែរ។
បន្ថែមពីនេះ ការដុតសំណល់ប្លាស្ទិកនៅទីវាល ក៏បានបង្កឱ្យមានផលប៉ះពាល់ដល់ស្រទាប់អូហ្សូន និងសុខភាពមនុស្ស ដូចជា ជំងឺមហារីក ជំងឺផ្លូវដង្ហើមជាដើម។ លោកថា ផ្សែងដែលហុយពីថង់ប្លាស្ទិកទាំងនោះ មានជាតិគីមីខ្ពស់ដែលជាភ្នាក់ងារបង្កើតមេរោគ និងជំងឺមហារីក។
លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន។
ក្នុងឱកាសនោះដែរ អ្នកនាំពាក្យក្រសួងបរិស្ថានក៏បានលើកឡើងនូវ កិច្ចសហការកាលពីពេលកន្លងទៅរវាងក្រសួង ដៃគូអភិវឌ្ឍន៍ ពិសេសការចូលរួមរបស់ប្រជាពលរដ្ឋ ដែលធ្វើឱ្យការគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិ អាចឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដែលកម្ពុជានឹងក្លាយជាប្រទេសមានចំណូលសេដ្ឋកិច្ចខ្ពស់ មានគម្របបៃតងកើនឡើង និងជាប្រទេសអព្យាក្រឹតកាបូន។
សូមរំលឹកជូនថា នាឱកាសប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងសារជាច្រើនពីបញ្ហាសំណល់ប្លាស្ទីកទាំងក្នុងតំបន់និងសកលលោក។ ក្នុងនោះបញ្ហាមីក្រូប្លាស្ទីកជាកង្វល់មួយដែលរដ្ឋមន្រ្តីបរិស្ថានបានលើកឡើង ព្រោះសកម្មភាពប្រចាំថ្ងៃរបស់មនុស្សជាតិកំពុងតែរស់នៅជាមួយប្លាស្ទីកមិនទាន់អាចកាត់ផ្តាច់បាន។
សម្រាប់លោករដ្ឋមន្រ្តីមីក្រូប្លាស្ទីកដែលជាភាគល្អិតទំជាប់លើប្លាស្ទិកដែលមនុស្សប្រើប្រាស់រាល់ថ្ងៃនេះ ជាភ្នាក់បង្កបញ្ហាសុខភាពមនុស្សយ៉ាងខ្លាំង ដែលទាមទារឱ្យផ្លាស់ប្តូរឥរិយាបថនៃការប្រើប្រាស់ប្លាស្ទិក។
យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថានគិតត្រឹមឆ្នាំ២០២៤ នៅទូទាំងប្រទេសកម្ពុជាបានបង្កើតសំរាមប្រមាណជិត ៤លានតោនជារៀងរាល់ ដោយក្នុងមួយថ្ងៃៗមានសំរាមបង្កើតឡើងជាង១ម៉ឺនតោន។ ដោយឡែកសម្រាប់តែរាជធានីភ្នំពេញ សំរាមបានបង្កើតរហូតដល់ទៅ ៥ ពាន់តោនក្នុង១ថ្ងៃៗ។ក្នុងនោះមានសំណល់ម្ហូបអាហារមានចំនួន ៦០ភាគរយ សំណល់ថង់ប្លាស្ទិកមានប្រមាណ ២០ភាគរយ និងក្រៅពីនេះ គឺជាសំណល់ផ្សេងៗ ដូចជាកៅស៊ូ ក្រដាស កំណាត់ឈើជាដើម។
ក្រសួងបរិស្ថានបង្ហាញថា ទូទាំងសកលទាំងមូលបរិមាណប្លាស្ទិកសរុបកើនឡើងដល់ ៨.៣ ពាន់លានតោននៅក្នុងឆ្នាំ២០១៥ ប៉ុន្តែក្នុងនោះមានប្លាស្ទិកតែប្រមាណជា ៩%ប៉ុណ្ណោះដែលអាចកែឆ្នៃឡើងវិញបាន ហើយ ៩១%ទៀតត្រូវគេយកទៅចាក់នៅទីលានសំរាម ឬបោះចោលទៅក្នុងទឹកទន្លេ បឹងបួរ និងហូរចូលទៅក្នុងសមុទ្រ។
ក្រសួងបញ្ជាក់ថា ប្លាស្ទិកដែលប្រើតែម្ដងរួចបោះចោលមានច្រើនប្រភេទដូចជា ចង់ប្លាស្ទិក បំពង់បឹតប្លាស្ទិក កេវប្លាស្ទិក ប្រអប់ស្នោ ប្លាស្ទិកដាក់អាហារ និងដបប្លាស្ទិកជាដើម៕