en     km
en     km

សម្តេចប៉ាបថ្មីក្នុងយុគសម័យថ្មី

Share

ការដឹកនាំប្រកបដោយសីលធម៌ និងការប្តេជ្ញាចិត្តខ្ពស់ គឺជារឿងគួរឱ្យស្ងើចសរសើរមួយដែលបានបំផុសគំនិត ផ្តល់ទំនុកចិត្តលើអ្នកប្រតិបត្តិ និងផ្តល់គំរូភាព ដែលក្នុងនោះក៏ជំរុញចក្ខុវិស័យកម្ពុជាផងដែរ។ នេះគឺជាការលើកឡើងរបស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត។ ក្រោយសម្តេចប៉ាបហ្វ្រង់ស៊ីសសោយទិវង្គត សម្តេចប៉ាបថ្មីនឹងត្រូវជ្រើសតាំងបន្ត តែគប្បីត្រូវមានលក្ខណៈពិសេសៗដូចនឹងសម្តេចប៉ាបហ្វ្រង់ស៊ីស។

(កញ្ញា យឿន ស្រីមុំ រាយការណ៍)

 

នាប៉ុន្មានថ្ងៃកន្លងមកនេះ ពិភពលោកហាក់ងាកមកចាប់អារម្មណ៍នឹងវិមានវ៉ាទីកង់ និងព្រះវិហារកាតូលិក បន្ទាប់ពីសម្តេចប៉ាបហ្វ្រង់ស៊ីស (Pope Francis) បានសោយទីវង្គតនៅថ្ងៃចន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥។ សម្តេចប៉ាបបានក្លាយជានិមិត្តរូបនៃការរីកចម្រើនខាងផ្នែកសាសនាគ្រិស្តនៃនិកាយរ៉ូម៉ាំងកាតូលិកនៅជុំវិញពិភពលោក ដ្បិតគ្រិស្តបរិស័ទបានគោរពប្រតិបត្តិតាមឱវាទ និងវិន័យដែលសម្តេចប៉ាបណែនាំបានយ៉ាងខ្ជាប់ខ្ជាន់​ បើប្រៀបធៀបនឹងអ្នកកាន់តំណែងមុនៗ។ បច្ចុប្បន្នគ្រិស្តបរិស័ទជាច្រើន និងសូម្បីតែអ្នកមិនមែនជាគ្រិស្តបរិស័ទនៅជុំវិញពិភពលោក កំពុងរងចាំអ៊ុតមើលសម្តេចប៉ាបថ្មីដែលនឹងត្រូវជំនួសតំណែងសម្តេចប៉ាបហ្វ្រង់ស៊ីសយ៉ាងអន្ទះសារ។

ក្នុងគ្រានេះដែរ ព្រះវិហារគ្រិស្តកំពុងបាត់បង់ប្រជាប្រិយភាពនៅក្នុងប្រទេសលោកខាងលិច ក៏ប៉ុន្តែក៏កំពុងមានឥទ្ធិពលនៅក្នុងទ្វីបអាហ្រ្វិក និងបណ្តាប្រទេសនៅតំបន់អាស៊ី ដែលមនុស្សមួយចំនួនយល់ថា ប្រសិនជាសម្តេចប៉ាប់ត្រូវបានជ្រើសរើសពីតំបន់ទាំងនេះ នោះវានឹងក្លាយទៅជាប្រវត្តិសាស្រ្តដំបូងនៅទូទាំងសកលលោក។ អ្វីដែលសំខាន់ជាងនេះ សម្តេចប៉ាប់ដែលត្រូវបានជ្រើសតាំងថ្មី ត្រូវតែជាបុគ្គលដែលមានសមត្ថភាពពង្រឹងផ្លូវចិត្តនិងផ្លូវកាយទៅដល់បរិស័ទ អំឡុងពេលផ្នែកខ្លះនៃពិភពលោកកំពុងមានសង្គ្រាម ជម្លោះផ្ទៃក្នុង និងភាពរកាំរកូសរវាងប្រទេសមហាអំណាចជាដើម។

 

សម្តេច​ប៉ាបហ្វ្រង់ស៊ីស គឺជាមេដឹកនាំសាសនាគ្រិស្ត​នៅទីក្រុង​រ៉ូម និង​ជា​អ្នកដឹកនាំ​សាសនានៅព្រះវិហារ​រ៉ូម៉ាំង​កាតូលិក ដែលជាទីតាំងប្រតិបត្តិសាសនាគ្រិស្ត​ធំជាងគេបង្អស់ក្នុងចំណោមព្រះវិហារធំៗទាំងបី និងមានសមាជិកប្រហែល ១.៤ពាន់លាននាក់នៅទូទាំងពិភពលោក។ អ្នកគោរពប្រតិបត្តិសាសនាគ្រិស្តយល់ថា សម្តេចប៉ាបហ្វ្រង់ស៊ីសមានសមត្ថភាពនិងជាអ្នកស្នងតំណែងពីសម្តេច Saint Peter ដែលជាសម្តេចប៉ាបដំបូងនៃគ្រិស្តសាសនា។ ក្នុងនោះ សម្តេចប៉ាបមានអំណាចពេញលេញដូចជាអំណាចកំពូលនៃយុត្តាធិការលើព្រះវិហារកាតូលិកជាសកលនៅក្នុងបញ្ហានានាទាក់ទងនឹងជំនឿនិងសីលធម៌ ក៏ដូចជានៅក្នុងវិន័យព្រះវិហារ និងរដ្ឋាភិបាលជាដើម។

តាមជីវព័ត៌មានរបស់សម្តេចប៉ាបហ្វ្រង់ស៊ីស លោកមានឈ្មោះដើមហៅថា Jorge Mario Bergoglio មានឈាមជ័រអ៊ីតាលី ប្រសូតឡើងនៅទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីននៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩៣៦។ នៅមុនពេលចាប់ផ្តើមការហ្វឹកហ្វឺនជាបព្វជិត សម្តេចរៀននៅសាលា Diocesan Seminary of Villa Devoto ក្នុងមុខជំនាញបច្ចេកទេសគីមីវិទ្យា ស្របពេលបោះជំហានចូលរួមយុទ្ធនាការសាសនាព្រះយេស៊ូវគ្រិស្តនៅខែមីនា ឆ្នាំ១៩៥៨។ នៅឆ្នាំបន្ទាប់ សម្តេចបានបង្រៀនអក្សរសាស្ត្រ និងចិត្តវិទ្យា មុនពេលចាប់ផ្តើមរៀនអំពីមនោគមវិជ្ជានៅឆ្នាំ១៩៦៧។​ ពីរឆ្នាំក្រោយមក សម្តេចត្រូវបានតែងតាំងជាបព្វជិតនៃសាសនាគ្រិស្ត ហើយរហូតដល់ឆ្នាំ១៩៧៣ សម្តេចបានឡើងឋានៈជាមេសាសនានៅក្នុងខេត្ត Jesuit ប្រទេសអាហ្សង់ទីន និងបន្តឡើងតំណែងជាមេដឹកនាំសាសនានៅទីក្រុង Buenos Aires ក្នុងឆ្នាំ១៩៩៨។ មិនត្រឹមតែប៉ុណ្ណេះ សម្តេចបានឡើងតំណែងជាបន្តបន្ទាប់ រហូតដល់ឆ្នាំ២០១៣ សម្តេចបានងារជាសម្តេចប៉ាបហ្វ្រង់ស៊ីសពេញលេញនៅក្នុងជន្មាយុ ៧៦ឆ្នាំ បន្ទាប់ពីការដាក់រាជ្យរបស់សម្តេចប៉ាប Benedict XVI។

នៅក្នុងដំណើរការជ្រើសរើសព្រះនាមថ្មីដើម្បីដាក់ឱ្យសម្តេចប៉ាប សម្តេចបានជ្រើសយកព្រះនាមគំរូ Saint Francis of Assisi នៃអ៊ីតាលី ដែលជាអ្នករកឃើញក្រុមដែលគោរពប្រតិបត្តិសាសនាគ្រិស្តមួយប៉ែកទៀត (Franciscan orders) និងត្រូវគេស្គាល់ថាជាក្រុមបម្រើការឱ្យជនក្រីក្រ និងការយកចិត្តទុកដាក់ចំពោះធម្មជាតិ និងសត្វ។ ជាការអង្កេត សម្តេចប៉ាបជាំបុគ្គលដែលប្រតិបត្តិសាសនាគ្រិស្តយ៉ាងម៉ឺងម៉ាត់អស់រយៈពេលដប់ពីរឆ្នាំ ដែលក្នុងនោះសម្តេចបានចូលរួមតស៊ូមតិសម្រាប់បុព្វហេតុរីកចម្រើនជាជាងរស់ស្រួលនៅក្រោមដំបូលសាសនា។ ហេតុ​នេះ​ហើយ​បាន​ជាពលរដ្ឋជឿជាក់ថា​សម្តេចជាមនុស្ស​មាន​មេត្តា និងអភិរក្សនិយម។

 

ក្រៅ​ពី​ក្រោក​ឈរ​ដើម្បី​ជន​ក្រីក្រ និង​ការ​តស៊ូ​មតិ​សម្រាប់​ជន​អន្តោប្រវេសន៍ សម្តេចប៉ាបបានផ្លាស់ប្តូរផ្នត់គំនិតមនុស្សគ្រប់រូប ដោយឱ្យបញ្ឈប់ការប្រើប្រាស់ទោសប្រហារជីវិតដើម្បីកាត់ក្តីរកខុសត្រូវ ដោយលើកឡើងថា ជាអំពើមិនសមប្រកប។ សូម្បីច្បាប់ប្រឆាំងនឹង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​ក្នុង​ប្រទេស​ជុំវិញ​ពិភពលោក សម្តេចធ្លាប់​បាន​និយាយ​ថា​ ​ប្រសិន​បើ​ក្រុមអ្នកស្រឡាញ់ភេទដូចគ្នាកំពុង​ស្វែង​រក​ព្រះ​អម្ចាស់ដើម្បីគោរពប្រតិបត្តិ គួបផ្សំនឹងគេមានចិត្តល្អទៀតនោះ ហេតុអ្វីបានជា​ខ្ញុំ​ត្រូវ​រើសអើងពួកគេទៅវិញ។ ខណៈពេលដែលសម្តេចប៉ាបមើលឃើញដែរថា ស្រ្តីក្លាយទៅជាបព្វជិតសាសនាគ្រិស្ត រមែងត្រូវគេមាក់ងាយឥតឈប់ឈរ ក៏ប៉ុន្តែសម្តេចយល់ឃើញថា ស្រ្តីមានភាពប៉ិនប្រសប់ និងមានតម្រូវការជាចាំបាច់នៅគ្រប់ទីកន្លែង ពិសេសលើការសម្រេចចិត្តសំខាន់ៗ។

ក៏ប៉ុន្តែ​អ្នកគោរពប្រតិបត្តិសាសនាគ្រិស្តកាតូលិកមួយចំនួន មិនបានពេញចិត្តនឹងទង្វើខ្លះរបស់សម្តេចប៉ាបនោះឡើយ។ ក្នុងនោះសម្តេចរងការរិះគន់យ៉ាងខ្លាំងទៅលើការអភិរក្សនិយមនៃសាសនា ដោយមិនអើពើនឹងប្រពៃណីរបស់សាសនា។ ម៉្យាងវិញទៀត រូបភាពរបស់សម្តេចបានវាយប្រហារយ៉ាងធ្ងន់ធ្ងរទៅលើរឿងអាស្រូវរំលោភបំពានផ្លូវភេទដែលជនមួយចំនួនចោទប្រកាន់ថាធ្លាប់កើតមាននៅព្រះវិហារកាតូលិក ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជននៅក្នុង

ប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយករណីនេះនៅតែមិនទាន់ស្រាយបំភ្លឺមកទល់នឹងសព្វថ្ងៃនេះ។ ក្នុងអំឡុងពេលនៃរឿងអាស្រូវនេះកើតមានឡើង សម្តេចប៉ាបហ្វ្រង់ស៊ីសមិនបានចាត់វិធានការឱ្យបានរហ័សដូចមនុស្សជាច្រើននោះទេ ខណៈមនុស្សមួយចំនួនសង្ឃឹមថា សម្តេចនឹងមានវិធានការដោះស្រាយចំពោះបញ្ហានេះ។ សម្រាប់មនុស្សមួយចំនួន សម្តេចប៉ាបហ្វ្រង់ស៊ីស ជាមនុស្សអស្ចារ្យម្នាក់ដែលហ៊ានក្រោកឈរឡើងជួយជនក្រីក្រ និងសំណាងច្បាប់ដែលសាហាវឃោរឃៅជាដើម។ ចំណែកសម្រាប់​អ្នក​ខ្លះទៀត សម្តេច​ជា​អ្នក​បដិវត្តន៍​ដែល​បង្ក​គ្រោះ​ថ្នាក់ បំផ្លាញទំនៀមទម្លាប់និងប្រពៃណីរបស់សាសនាចក្រ ដោយព្យាយាមធ្វើទំនើបកម្មរបៀបរបបឱ្យទាន់សម័យកាល។ ហើយសម្រាប់អ្នកផ្សេងទៀត សម្តេចគឺជាជនខូចខិលដែលព្យាយាមបិទបាំងរឿងអាស្រូវ ដោយប្តូរមកផ្សព្វផ្សាយរឿងល្អៗជំនួសវិញ។

ទោះ​បី​ជា​ការ​យល់​ឃើញ​ណា​មួយ​អាច​ត្រូវ​ក៏ដោយ ការពិត​គឺ​មិនទាន់លាតត្រដាងនៅឡើយទេ ដែលជាក់ស្តែងសម្តេចប៉ាបហ្វ្រង់ស៊ីសបានសោយទិវង្គតហើយ និងមានអ្នកកាន់ទុក្ខប្រមាណរាប់លាននាក់នៅទូទាំងពិភពលោក។ មនុស្សជាច្រើន​ទាម​ទារ​ឱ្យបព្វជិតសាសនាគ្រិស្តដាក់តាំងបង្ហាញ​​សពសម្តេច ដែល​បាន​ស្លាប់​នៅ​វិហារ St. Peter’s Basilica និងជាកន្លែងដែលត្រូវបានដាក់តាំងបង្ហាញរយៈពេល ៣ថ្ងៃចាប់ផ្តើមនៅថ្ងៃទី២៣-២៦ ខែមេសា ឆ្នាំ២០២៥។

នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ មេដឹកនាំនយោបាយ និងឥស្សរជនមានឥទ្ធិពលជាច្រើនមកពីជុំវិញពិភពលោក បានធ្វើដំណើរទៅកាន់រដ្ឋវ៉ាទីកង់ ដើម្បីគោរពវិញ្ញាណក្ខន្ធដល់សម្តេចប៉ាប ដែលក្នុងនោះមានទាំងប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ផងដែរ។ ចំណែកអ្នក​ផ្សេង​ទៀត​ដែល​មិន​បាន​ចូល​រួម​បុណ្យ​សព​ផ្ទាល់ ​បាន​បង្ហាញ​ការ​រំលែក​ទុក្ខ​ជា​លាយលក្ខណ៍អក្សរនិងសេចក្តីថ្លែងការណ៍ជាដើម ដោយមានទាំងព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានបញ្ជូន សារទៅកាន់បុរីវ៉ាទីកង់ ដែលពិពណ៌នាពីការរំលែងទុក្ឋដោយថា ពុទ្ធសាសនិកនិង​គ្រិស្តសាសនិក​មានតម្លៃ និងមានអត្តសញ្ញាណរៀងខ្លួនដោយប្រកាន់ខ្ជាប់នូវការជឿជាក់។ បច្ចុប្បន្ន បព្វជិតគ្រិស្តនិកាយកាតូលិកកំពុងជ្រើសរើសមេដឹកនាំថ្មីនៅក្នុងយុគសម័យថ្មី ដោយបេក្ខជន​នោះគឺសុទ្ធតែ​មាន​ឱកាស​ជាច្រើន​ និងមាន​សិទ្ធិ​ទទួល​បាន​តំណែង​ខ្ពស់​៕

អត្ថបទសរសេរដោយ កញ្ញា នីណា ហេតដ៍ (Ms. Nina Heide)

បកប្រែជាខេមរភាសាដោយ កញ្ញា កែវ សុជាតា

Share

ព័ត៌មានទាក់ទង