ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកានៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ឃុំខ្លួនអាជីវករម្នាក់ ប្រកបមុខររកស៊ីលក់ជ្រូក”ខ្យល់”យកប្រាក់អតិថិជន តាមសង្គមហ្វេសប៊ុក និងតេឡេក្រាម ដាក់ពន្ធនាគារជាបណ្តោអាសន្ន ក្រោមការចោទប្រកាន់ពីបទឆបោក ។
ដីកាសម្រេចឃុំខ្លួនបានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ គឹម រដ្ឋា ហៅ បឺត ភេទប្រុស អាយុ៣៧ ឆ្នាំ មុខរបរលក់ជ្រូក កម្រិតវប្បធម៍អនុបណ្ឌិត ទីកន្លែងកំណើតនៅភូមិខ្នាចខាងជើង ឃុំបឹងត្រាចខាងជើង ស្រុកសំរោង ខេត្តតាកែវ ទីលំនៅមុនឃាត់ ខ្លួនស្នាក់នៅអគារដឺឃ្វីន បន្ទប់លេខ២២២២ ជាន់ទី១ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនបានមុខសញ្ញាជនល្មើសខាងលើ ដែលមានផេកហ្វេសប៊ុកជាច្រើនដូចជាឈ្មោះ សែនជ័យ ដង្ខៅជ្រូកសាច់, សេវាកម្មទិញលក់ កសិផល និងផលិតផលកសិកម្មកម្ពុជា, CAM-Growth Agri-Services Company, សេវាកម្មផ្គត់ផ្គង់មាន់ និងទាសាច់ គ្រប់ប្រភេទ, សេវាកម្មទិញលក់មាន់ស្រែកម្ពុជា, សេវាកម្មទិញលក់មាន់គ្រប់ប្រភេទ និងគណនីFacebook ឈ្មោះ Ratha Kim, Ratha Kim (ដង្ខៅ កសិកម្ម), ពាយ័ព្យដេប៉ូបោះដុំជ្រូកកណ្តុរ, សែនជ័យ ដង្ខៅជ្រូកសាច់, សេវាកម្មទិញលក់ មាន់ស្រែកម្ពុជា និងបានបង្កើតFacebook Pages និង Accounts ក្លែងក្លាយជាច្រើនទៀត ព្រមទាំងបណ្តាញតេលេក្រាម (Telegram) ដើម្បីឆបោកលុយពីជនជាតិបរទេស និងពលរដ្ឋខ្មែរស្លូតត្រង់ជាច្រើនករណី ប្រព្រឹត្តដោយជនល្មើសឈ្មោះ គឹម រដ្ឋា ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅនៅភូមិខ្នាចខាងជើង ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ ។
ក្រោយពីជំនាញសាកសួរ ជនល្មើសរូបនេះ បានសារភាពទទួលស្គាល់ថា ខ្លួនពិតជាបានធ្វើការឆបោកលុយពីជនជាតិខ្មែរ និងជនជាតិបរទេសជាច្រើនករណី តាមបណ្តាញសង្គមFacebook ពិតប្រាកដមែន នៅចំពោះមុខមន្ត្រីនគរបាលយុត្តិធម៌។
ប្រជាពលរដ្ឋទាំងអស់ ដែលរងគ្រោះពីការឆបោកលុយរបស់ឈ្មោះ គឹម រដ្ឋា អាចទំនាក់ទំនងមកដាក់ពាក្យបណ្តឹងបន្ថែមបាន នៅការិយាល័យនីតិវិធី នៃនាយកដ្ឋាននគរបាលទេសចរណ៍ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅរៀងរាល់ម៉ោងធ្វើការ ។ សំរាប់ពត៌មានលម្អិត អាចធ្វើ ទំនាក់ទំនងតាមលេខទូរស័ព្ទ Hotline របស់ការិយាល័យនីតិវិធី 010 665 675។
ដីកាសម្រេចឃុំខ្លួនបានដាក់ លោក គឹម រដ្ឋាឱ្យស្ថិតនៅក្រោមការពិនិត្យពីបទឆបោក ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ តាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។ មាត្រា៣៧៧ និយមន័យ នៃការឆបោក និងមាត្រា៣៧៨ ទោសដែលត្រូវអនុវត្ត ៖ អំពើឆបោក ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ ខែ ទៅ៣ ឆ្នាំ និងពិន័យជាប្រាក់ពី១ លាន ទៅ៦ លានរៀល នោះនៅមិនទាន់គិនដល់សំណងរដ្ឋប្បវេណីទេ៕