ស្រ្តីសម្រាលកូន ដែលត្រូវជួយសង្គ្រោះបញ្ជូនទៅមន្ទីរពេទ្យបង្អែកអ្នកលឿង។ ប្រភពរូបភាព អគ្គស្នងការស្នងការដ្ឋាននគរបាលជាតិ។
កម្លាំងអធិការដ្ឋាននគរបាលស្រុកពាមរក៍ ខេត្តព្រៃវែង បានខិតខំជួយសង្គ្រោះស្ត្រីម្នាក់ដែលសម្រាលកូននៅតាមផ្លូវ ត្រង់ចំណុចគល់ស្ពានអ្នកលឿង ដោយទទួលបានជោគជ័យ មានសុវត្ថិភាព ទាំងម្តាយ និងកូន នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។ នេះបើតាមទំព័រហ្វេសប៊ុករបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៩ ខែមេសានេះ។
ស្ត្រីសម្រាលកូន ដែលត្រូវជួយសង្គ្រោះបញ្ជូននៅមន្ទីរពេទ្យបង្អែកអ្នកលឿង។ ប្រភពរូបភាព អគ្គស្នងការស្នងការដ្ឋាននគរបាលជាតិ។
ក្រុមមន្ត្រីនគរបាល បានជួយសង្គ្រោះដល់ស្ត្រីមានផ្ទៃពោះឆ្លងទន្លេតាមផ្លូវបានទារកចំនួន ១នាក់ ភេទប្រុស នៅវេលាម៉ោង៤ និង៤៥នាទីរសៀល នៅត្រង់ចំណុចគល់ស្ពានអ្នកលឿងត្រើយខាងកើត ក្នុងភូមិសាស្ត្រស្រុកពាមរក៍ ខេត្តព្រៃវែង ដោយក្រុមមន្ត្រីនគរបាល បានយករថយន្តស៊ីរ៉ែនរបស់អធិការដ្ឋាន ដឹកនាំ និងជួយសង្គ្រោះបញ្ជូនទៅមន្ទីរពេទ្យបង្អែកអ្នកលឿង ដោយសុវត្ថិភាពទាំងម្ដាយ និងកូនបានទាន់ពេលវេលា។
អគ្គស្នងការស្នងការដ្ឋាននគរបាលជាតិបញ្ជាក់ថា ស្ត្រីដែលមានផ្ទៃពោះឆ្លងទន្លេនៅត្រង់ចំណុចគល់ស្ពានអ្នកលឿងនោះ មានឈ្មោះថា ឌី ចន្ធូ អាយុ២៨ឆ្នាំ មានមុខរបរជាមេផ្ទះ ប្ដីឈ្មោះ ហឿន រ៉ាវី អាយុ ៣៤ឆ្នាំ មុខរបរជាកម្មករ មានទីលំនៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល៕