en     km
en     km

ក្រុមហ៊ុនមួយចុះកិច្ចសន្យាទិញគ្រាប់ស្វាយចន្ទីសើមចំនួន ៣០០ តោនពី​សហ​គមន៍​​កសិកម្មទំនើបចំនួន ៣

Share

ភ្នំពេញ៖ ក្រុមហ៊ុន Santana Agro Products កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ បានចុះកិច្ចសន្យាទិញគ្រាប់ស្វាយ ចន្ទីសើមចំនួន ៤០០តោន ពីប្រជាសហ គមន៍កសិកម្មទំនើបស្វាយចន្ទីចំនួន ៣ ក្នុងខេត្តកំពង់ធំ ដែលសហគមន៍ទាំងបីខាងលើជាអ្នកផ្គត់ផ្គង់ជូនក្រុមហ៊ុន។

សកម្មភាពចុះកិច្ចសន្យារវាងក្រុមហ៊ុននិងសហគមន៍។រូបភាពពីក្រសួងកសិកម្ម។

អញ្ជើញជាវត្តមានក្នុងពិធីចុះកិច្ចសន្យា «ផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីសើមចំនួន៣០០តោន»នោះ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្មថ្លែងថា ការចុះកិច្ចសន្យានេះជាលើកទី ២ ហើយរវាងសហគមន៍កសិកម្មទំនើបទាំងបីជាមួយក្រុមហ៊ុនឯកជនដែលសរុបទាំងពីរលើកមានទំហំជាង១លានដុល្លារអា មេរិក។ លោកថាថ្មីៗនេះសហគមន៍កសិកម្មទំនើបទាំងបីទើបតែចុះកិច្ចសន្យាជាមួយក្រុមហ៊ុន មីរ៉ាត់(MIRARTH)ដែលមានទឹកប្រាក់៦៥ម៉ឺនដុល្លារអា មេរិកក្នុងបរិមាណផ្គត់ផ្គង់៤០០តោន។

លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្មថ្លែងទៅកាន់សហគមន៍។រូបភាពពីក្រសួងកសិកម្ម។

សម្រាប់អ្នកនាំពាក្យក្រសួងកសិកម្ម ផលិតកម្មកសិកម្មតាមកិច្ចសន្យានេះ ជាផ្នែកមួយជួយកាត់បន្ថយក្តីព្រួយបារម្ភពីបញ្ហាទីផ្សារសម្រាប់រដូវកាលប្រ មូលផលឆ្នាំនេះ។ លោកបន្ថែមថា គ្រាប់ស្វាយចន្ទីដែលនៅសេសសល់ អាចនឹងត្រូវបានប្រមូលសម្ងួត ដើម្បីទុកលក់ស្ងួតនៅពេលក្រោយ។

លោក ចាន់ សៅ ប្រធានក្រុមប្រឹក្សាភិបាលនៃសហគមន៍កសិកម្មទំនើបទំរីងធ្លាប់ប្រាប់វិទ្យុស្រ្តីថា កិច្ចសន្យានេះនឹងជួយឱ្យកសិករអាចគេចផុតពីការទម្លាក់ថ្លៃគ្រាប់ស្វាយចន្ទីពីសំណាក់ឈ្មួញវៀតណាមតាមទំនើងចិត្តនៅរដូវប្រមូលផល។ លោកចាត់ទុកយុទ្ធសាស្រ្តរបស់ក្រសួងកសិកម្មដែលជំរុញឱ្យកសិ​ករចងក្រងជាសហគមន៍កសិកម្មទំនើប គឺជាផ្លែផ្កាមួយថ្មីធ្វើឱ្យកសិករអាចមានជម្រើសទីផ្សារលក់ចេញបានកាន់តែច្រើន ហើយអាចបញ្ជៀសបាននូវហានីភ័យនៃការបន្ទាបតម្លៃពីឈ្មួញ។

លោក ចាន់ សៅ ប្រធានក្រុមប្រឹក្សាភិបាលនៃសហគមន៍កសិកម្មទំនើបទំរីងកំពង់ធំ(អាវក្រហម)។រូបភាពពីក្រសួងកសិកម្ម។

សូមបញ្ជាក់ថា តាមការប៉ាន់ស្មានកិច្ចសន្យាលើកនេះមានទំហំគិតជាសាច់ប្រាក់ប្រហែល៤០ម៉ឺនដុល្លារ ដោយសហគមន៍ត្រូវផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីសើមចំនួន៣០០តោន ក្នុងលក្ខខណ្ឌតម្លៃប្រែប្រួលតាមជាក់ស្តែង និងអាស្រ័យលើគុណភាពគ្រាប់ស្វាយចន្ទី។ ក្រុមហ៊ុននឹងផ្តល់ជូន១០០៛/គីឡូក្រាម បន្ថែមពីលើតម្លៃទីផ្សារនៅតាមតំបន់នីមួយៗ ហើយការចំណាយដឹកជញ្ជូនពីសហគមន៍គឺជាបន្ទុករបស់ក្រុមហ៊ុន៕

 

 

Share

ព័ត៌មានទាក់ទង