កុមារា អាយុ ៣ឆ្នាំ ៦ខែ ដែលមានទីលំនៅក្នុងភូមិព្រែកតាអាំ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ បានស្លាប់ដោយសារជំងឺផ្តាសាយបក្សីនៅថ្ងៃទី២៣ ខែមីនា បើទោះជាក្រុម គ្រូពេទ្យជំនាញនៃមន្ទីរពេទ្យប្រឹងប្រែងជួយសង្គ្រោះអស់ពីសមត្ថភាពក៏ដោយ។ បើតាមការសាកសួរបង្ហាញថា ផ្ទះអ្នកជំងឺមានចិញ្ចឹមមាន់ជាលក្ខណៈ គ្រួសារ និងមានមាន់ងាប់ប្រហែល៥ក្បាល និងខ្លះទៀតកំពុងឈឺ ហើយសមាជិកក្រុមគ្រួសារបានយកមាន់ងាប់មកធ្វើម្ហូប។
បើតាមវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី២២ ខែមីនា បានបញ្ជាក់ថាមានជំងឺផ្តាសាយបក្សីចំនួន០១ករណី បានកើតលើកុមារាអាយុ ៣ឆ្នាំ ៦ខែ និងត្រូវបានបញ្ជាក់ថាវិជ្ជមានវីរុសផ្តាសាយបក្សីប្រភេទហាស់៥អ៊ិន១ (H5N1)។ ក្រោយមកកុមារា ត្រូវបាននាំមកដល់មន្ទីរពេទ្យ ក្នុងស្ថានភាពធ្ងន់ជាមួយរោគសញ្ញាគ្រុនក្តៅ ក្អក និងហត់ខ្លាំង រួមទាំងមានការពិបាកដកដង្ហើម។ ដោយសារការវិវត្តជំងឺកុមារាមានសភាពធ្ងន់ធ្ងរ ហើយបើទោះជាទទួលការសង្គ្រោះព្យាបាលកម្រិតធ្ងន់ពីក្រុមគ្រូពេទ្យជំនាញក្តី កុមារារងគ្រោះខាងលើបានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី២៣ ខែមីនា។
នេះជាករណីទី៣ហើយ ដែលមានមនុស្សស្លាប់ដោយសារឆ្លងជំងឺផ្តាសាយបក្សីក្នុងឆ្នាំ២០២៥ ខណៈកាលពីអំឡុងដើមខែមករាមានករណីបុរសអាយុ២៨ឆ្នាំម្នាក់នៅខេត្តកំពង់ចាម បានស្លាប់បាត់បង់ជីវិត ក្រោយឆ្លងជំងឺផ្ដាសាយបក្សីប្រភេទហាស់៥អ៊ិន១(H5N1)។ ក្រោយមកនៅខែកុម្ភៈ កុមារាអាយុ២ឆ្នាំ៧ខែនៅខេត្តព្រៃវែងបានស្លាប់ដោយសារឆ្លងជំងឺផ្តាសាយបក្សីប្រភេទដូចគ្នាដូចគ្នានេះដែរ។
ក្រសួងសុខាភិបាលបានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋ។ ក្នុងករណីមានអាការៈក្តៅខ្លួន ក្អក ហូរសំបោរ ឬ ពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺ ឬងាប់ក្នុងអំឡុង១៤ថ្ងៃមុនថ្ងៃចាប់ផ្តើម មានរោគសញ្ញា សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន និងត្រូវស្វែងរកការពិគ្រោះយោបល់ និងការ ពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតជាបន្ទាន់ ចៀសវាងការពន្យារពេល ធ្វើឱ្យប្រឈមនឹង ហានិភ័យខ្ពស់នៃការស្លាប់ជាយថាហេតុ៕