តាមការចុះផ្សាយរបស់APនៅថ្ងៃពុធទី០១ខែមីនា ឆ្នាំ២០២៣ថាមានមនុស្សយ៉ាងតិច៣៦នាក់បានស្លាប់ និងរបួសយ៉ាងហោចណាស់៨៥នាក់ដោយសាររថភ្លើងបុកគ្នានៅភាគខាងជើងប្រទេសក្រិក។សេចក្ដីរាយការណ៍បានឱ្យដឹងថារថភ្លើងដឹកអ្នកដំណើរ រួមទាំងនិស្សិតសកលវិទ្យាល័យជាច្រើននាក់ត្រឡប់ពីថ្ងៃឈប់សម្រាក បានបុកគ្នាយ៉ាងពេញទំហឹងជាមួយរថភ្លើងដឹកទំនិញបណ្ដាលឱ្យទូរថភ្លើងក្រឡាប់ និងឆេះសន្ធោសន្ធៅ។
ទូរថភ្លើងជាច្រើនបានក្រឡាប់ និងយ៉ាងហោចណាស់មាន៣ទូបានឆេះបន្ទាប់ពីរថភ្លើងបានបុកគ្នានៅពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារទី២៨ ខែ កុម្ភៈនៅជិតទីប្រជុំជន Tempe ខណៈដែលរថភ្លើងដឹកអ្នកដំណើរកំពុងឆ្លងកាត់ក្រោមផ្លូវហាយវេមួយ។
ក្រុមអ្នកជួយសង្គ្រោះបានធ្វើការយ៉ាងមម៉ាញឹកនៅកន្លែងកើតហេតុ នៅព្រលឹមថ្ងៃពុធទី១ ខែមីនា។ ពួកគេបានស្វែងរកជនរងគ្រោះដែលនៅរស់រានមានជីវិតយ៉ាងអន្ទះអន្ទែងនៅក្នុងកម្ទេចកម្ទីនៃទូរថភ្លើង។នៅពេលថ្ងៃរះពួកគេបានយកគ្រឿងចក្រធុនធ្ងន់ដើម្បីគាសកាយបំណែកធំៗនៃរថភ្លើង។
ក្រុមមន្ត្រីបាននិយាយថា មានអ្នកដំណើរជាច្រើននៅលើរថភ្លើងចេញពីក្រុង Athens ទៅ Thessaloniki ភាគច្រើនជានិស្សិតសាកលវិទ្យាល័យដែលត្រឡប់មកពីផ្ទះ បន្ទាប់ពីប្រារព្ធពិធីបុណ្យ Carnival នៅចុង
សប្តាហ៍។អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល Mina Gaga បាននិយាយថា “នេះគឺជាសោកនាដកម្មដ៏អាក្រក់ដែលពិបាកនឹងយល់” ។ “ខ្ញុំអាណិតឪពុកម្តាយរបស់កុមារទាំងនេះណាស់” ។អ្នកនៅរស់រានមានជីវិតបាននិយាយថា អ្នកដំណើរជាច្រើននាក់បោកទង្គិចជាបង្អួចទូរថភ្លើង។អ្នកខ្លះទៀតព្យាយាមរំដោះខ្លួនចេញពីទូរថភ្លើងដែលក្រឡាប់នៅក្បែរជ្រលងភ្នំមួយចម្ងាយប្រហែល 380 គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុងអាថែន។
លោក Vassilis Polyzos ជាមនុស្សដំបូងដែលនៅកន្លែងកើតហេតុបាននិយាយថា “មានដុំដែកធំៗជាច្រើន”។ “រថភ្លើងត្រូវបានបំផ្លាញទាំងស្រុង ទាំងរថភ្លើងដឹកអ្នកដំណើរ និងដឹកទំនិញ”។លោកបានបន្ថែមថាមានមនុស្សបានរត់ចេញពីទូរថភ្លើងពេលលោកមកដល់។
លោក Costas Agorastos អភិបាលតំបន់ Thessaly បានប្រាប់ទូរទស្សន៍ Skai របស់ប្រទេសក្រិចថា រថភ្លើងទាំងពីរបានបុកគ្នាក្នុងល្បឿនលឿន។ក្រុមអ្នកជួយសង្គ្រោះដែលមានពាក់ចង្កៀងគោមលើក្បាល បានធ្វើការក្នុងផ្សែងហុយខ្លាំង ដោយទាញបំណែកដែកទូរថភ្លើងបែកបាក់ដើម្បីស្វែងរកជនរងគ្រោះ។ អ្នកសង្គ្រោះផ្សេងទៀតប្រើភ្លើងពិលពិនិត្យមើលបំណែកបាក់បែក។ គេជឿថាមានមនុស្សស្លាប់ច្រើននាក់នៅក្នុងទូរថភ្លើងជាភោជនីយដ្ឋាននៅក្នុងរថភ្លើងដឹកអ្នកដំណើរ។មន្ត្រីមន្ទីរពេទ្យនៅទីក្រុង Larissa ក្បែរនោះបាននិយាយថា យ៉ាងហោចណាស់មនុស្ស 25 នាក់បានរងរបួសធ្ងន់ធ្ងរ។
លោក Vassilis Varthakoyiannis អ្នកនាំពាក្យការិយាល័យពន្លត់អគ្គីភ័យរបស់ប្រទេសក្រិកបាននិយាយថា “ដំណើរការជម្លៀសអ្នកដំណើរកំពុងបន្ត ហើយកំពុងសង្គ្រោះក្នុងលក្ខខណ្ឌដ៏លំបាកបំផុត ដោយសារតែភាពធ្ងន់ធ្ងរនៃការប៉ះទង្គិចគ្នារវាងរថភ្លើងទាំងពីរ” ។មូលហេតុនៃការបុកគ្នានេះគេមិនទាន់ដឹងច្បាស់នៅឡើយទេ។ មន្ត្រីផ្លូវដែកពីរនាក់ត្រូវបានប៉ូលិសហៅទៅសាកសួរ ប៉ុន្តែមិនត្រូវបានឃាត់ខ្លួននោះទេ។ អ្នកដំណើរដែលរងរបួសស្រាល ឬមិនមានរបួសត្រូវបានដឹកតាមឡានក្រុងទៅកាន់ទីក្រុង Thessaloniki ដែលមានចម្ងាយ 130 គីឡូម៉ែត្រភាគខាងជើង។ ប៉ូលិសកំពុងស្រង់ឈ្មោះអ្នកដំណើរដើម្បីផ្ទៀងផ្ទាត់រកអ្នកបាត់ខ្លួន។យុវជនម្នាក់ដែលនៅរស់រានមានជីវិត ដែលមិនបញ្ចេញឈ្មោះ បានប្រាប់អ្នកសារព័ត៌មានថា នៅមុនពេលកើតហេតុ គាត់មានអារម្មណ៍ថា រថភ្លើងចាប់ហ្វ្រាំងខ្លាំង ហើយឃើញមានផ្កាភ្លើង បន្ទាប់មករថភ្លើងឈប់មួយរំពេច។លោកបាននិយាយថា៖ «ទូរថភ្លើងរបស់យើងមិនបានក្រឡាប់ទេ ប៉ុន្តែទូរថភ្លើងនៅខាងមុខបានក្រឡាប់ខ្ទេចខ្ទី»។លោកបន្តថាទូទី១បានឆាបឆេះ ហើយអ្នកដំណើរបានប្រើសាក់កាដូរបស់គាត់វាយបំបែកកញ្ចក់បង្អួចទូរថភ្លើងហើយគេចចេញមកក្រៅ ។ ប្រតិបត្តិករផ្លូវដែក Hellenic Train បាននិយាយថា រថភ្លើងដឹកអ្នកដំណើរនៅភាគខាងជើងទៅកាន់ទីក្រុង Thessaloniki ដែលជាទីក្រុងធំទីពីររបស់ប្រទេសក្រិក មានអ្នកដំណើរប្រហែល 350 នាក់។
ប្រភព៖ AP ថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៣