en     km
en     km

សមត្ថកិច្ចបញ្ឈរជើងអនុសេនីយ៍ឯកម្នាក់ករណីបង្ហោះលក់ដូរតួនាទីនគរបាល

Share

ភ្នំពេញ៖ លោកអនុសេនីយ៍ឯក ម៉ិច មាស ជាមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកថ្លា ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ផ្អាកការងារ និងដកមកបញ្ឈរជើងរយៈពេល ០៣ខែ បន្ទាប់ពីលោក ម៉ិច មាស បានប្រើប្រាស់បណ្តាញសង្គម Tik Tok បង្ហោះការលក់ដូរតួនាទីនៅអគ្គស្នងការដ្ឋាននគរបាលជាតិ និង ក្រសួងមហាផ្ទៃ។ នេះបើតាមគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិចេញផ្សាយករណីនេះនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ។

គណនីTik Tok របស់លោក ម៉ិច មាស ។រូបភាពពីអគ្គស្នងការនរគបាលជាតិ។

 

ការកោះហៅលោក ម៉ិច មាស មកបំភ្លឺករណីនេះ បន្ទាប់ពីសមត្ថកិច្ចបានឃើញវីដេអូបង្ហោះតាមបណ្តាណសង្គម Tik Tok ដែលមានម្ចាស់គណនីឈ្មោះថា Tik Tok Fan Dy 9828 ជាមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ពីការលក់ដូរតួនាទីនេះកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២។

ឆ្លងកាត់តាមការសាកសួរលោកអនុសេនីយ៍ឯក ម៉ិច មាស បានសារភាពថា រូបលោកពិតជាបានបង្ហោះខ្លឹមសារខាងលើពិតប្រាកដមែន តែពុំមានចេតនាក្នុងការលក់ដូរអ្វីឡើយ គឺគោលបំណងផុសបង្អួតដល់មិត្តភ័ក្ត្រជាកងកម្លាំងដូចគ្នាតែប៉ុណ្ណោះ ។

ករណីនេះសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា និងដាក់វិន័យរដ្ឋបាល ដោយសម្រេចចេញលិខិតព្រមានដោយផ្អាកការងារ និងដកមកបញ្ឈរជើងរយៈពេល០៣ខែ ហើយត្រូវបង្ហាញមុខនៅផ្នែករដ្ឋបាល នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខជារៀលរាល់ថ្ងៃ៕

Share

Image
Image
Image