en     km
en     km

ស្ត្រី​អ៊ីរ៉ង់​តវ៉ា​ប្រឆាំងនឹងច្បាប់​ហ៊ីយ៉ាប

Share

 

 

 

 

ស្ត្រីអ៊ីរ៉ងម្នាក់ឈ្មោះ Mahsa Aminiត្រូវបានចាប់ខ្លួនពីបទប្រឆាំងនឹងច្បាប់ហ៊ីចាប។ក្រោយមកស្រ្តីនោះបានស្លាប់នៅក្នុងមន្ទីរឃុំឃ្លាំង។ ក្រុមគ្រួសារនិងមហាជនបានចោទប្រកាន់ប៉ូលិសថាបានវាយក្បាលនាងអោយសន្លប់បណ្ដាលអោយនាងស្លាប់នៅ៣ថ្ងៃបន្ទាប់។ព្រឹត្តិការណ៍បានធ្វើអោយមានការតវ៉ានៅតាមទីក្រុងមួយចំនួននៅក្នុងប្រទេសអ៊ីរ៉ង់។ប៉ូលិសបានបង្ក្រាបក្រុមអ្នកតវ៉ាទាំងនោះយ៉ាងហិង្សា បង្កអោយមានអ្នកស្លាប់និងរបួសមួយចំនួន។

 

ចាប់តាំងពីមានការតវ៉ាប្រឆាំងនឹងច្បាប់ Hijab បានផ្ទុះឡើង យ៉ាងហោចណាស់មនុស្ស 7 នាក់ត្រូវបាន សម្លាប់។ Mahsa Amini ស្ត្រីជនជាតិឃឺដអាយុ 22 ឆ្នាំមកពីទីក្រុង Saqez ភាគពាយព្យនៃទីក្រុង Saqez បានស្លាប់នៅក្នុងមន្ទីរពេទ្យកាលពីថ្ងៃសុក្របន្ទាប់ពីសន្លប់បីថ្ងៃ។ Mahsa Amini នៅជាមួយបងប្រុសរបស់នាងក្នុងទីក្រុង Tehran នៅពេលប៉ូលីស ចាប់ខ្លួននាងដោយចោទប្រកាន់ពីបទបំពានច្បាប់ដែលតម្រូវឱ្យស្ត្រីគ្របសក់របស់ពួកគេជាមួយនឹងហ៊ីយ៉ាប ឬក្រមា។ នាង​បាន​សន្លប់​ភ្លាមៗ​បន្ទាប់​ពី​ដួល​នៅ​មណ្ឌល​ឃុំឃាំង។ស្នងការជាន់ខ្ពស់ស្តីទីអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រី Nada al-Nashif បាននិយាយថាប៉ូលិសបានវាយក្បាលលោកស្រី Amini ដោយដំបង។

 

ប៉ូលិស​បាន​បដិសេធ​ថាមិនបានវាយ​ធ្វើ​បាប​នាងទេ ហើយ​បាន​និយាយ​ថា​នាង​មាន​ជំងឺ «​គាំងបេះដូង​ភ្លាមៗ​» ។ ប៉ុន្តែ​គ្រួសារ​របស់​នាង​បាន​និយាយ​ថា នាង​មាន​សុខភាព​ល្អ ​។អ្នកស្រី Nashif បាននិយាយថា “ការស្លាប់របស់នាង Mahsa Amini ត្រូវតែស៊ើបអង្កេតភ្លាមៗ ដោយមិនលំអៀង និងប្រកបដោយប្រសិទ្ធភាព ដោយអាជ្ញាធរមានសមត្ថកិច្ចឯករាជ្យ ដើម្បីធានាថាគ្រួសាររបស់នាងទទួលបានយុត្តិធម៌ពិតប្រាកដ” ។

 

អ្នកស្រីបានកត់សម្គាល់ថា អង្គការសហប្រជាជាតិបានទទួល “វីដេអូជាច្រើនអំពីការប្រើអំពើហឹង្សាលើស្ត្រី” នៅពេលដែលប៉ូលីសសីលធម៍មូស្លីមបានបង្កើនការល្បាតតាមដងផ្លូវក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដើម្បីបង្ក្រាបអ្នកដែលគេយល់ថាស្លៀកពាក់មិនត្រឹមត្រូវពាក់ “ហ៊ីចាបរលុង”។

 

លោកស្រីបានបន្ថែមថា “អាជ្ញាធរត្រូវតែបញ្ឈប់ការបៀតបៀន និងឃុំខ្លួនស្ត្រីដែលមិនគោរពតាមច្បាប់ Hijab” ដោយអំពាវនាវឱ្យលុបចោលច្បាប់នេះ។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថាជំនួយការរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei បានទៅសួរសុខទុក្ខគ្រួសារសពលោកស្រី Amini កាលពីថ្ងៃចន្ទ ហើយបានប្រាប់ពួកគេថា “អាជ្ញាធរនឹងចាត់វិធានការដើម្បីការពារសិទ្ធិដែលត្រូវបានរំលោភបំពាន” ។

 

សមាជិកសភាជាន់ខ្ពស់ Jalal Rashidi Koochi បានរិះគន់ជាសាធារណៈចំពោះឆ្មាំល្បាតដោយនិយាយថា ការប្រើកម្លាំងគឺជា “កំហុស” ព្រោះវាបានធ្វើអោយ “មានការបាត់បង់ និងការខូចខាត”សម្រាប់ប្រទេសអ៊ីរ៉ង់ទាំងមូល។

 តើអ្វីជាច្បាប់ hijab របស់អ៊ីរ៉ង់?

បន្ទាប់ពីបដិវត្តអ៊ីស្លាមឆ្នាំ 1979 អាជ្ញាធរអ៊ីរ៉ង់បានកំណត់ជាកាតព្វកិច្ចដែលតម្រូវឱ្យស្ត្រីទាំងអស់ពាក់ក្រមា និងសម្លៀកបំពាក់រលុងនៅពេលពួកគេនៅទីសាធារណៈ។ប៉ូលីសសីលធម៌អ៊ីរ៉ងត្រូវបានគេស្គាល់ជាផ្លូវការថា “Gasht-e Ershad” (ឆ្មាំល្បាត)  ត្រូវបានប្រគល់ភារកិច្ចត្រួតពិនិត្យតាមដានស្ត្រីស្លៀកពាក់អោយបានត្រឹមត្រូវតាមច្បាប់ឥស្លាម។ ឆ្មាំល្បាតមានអំណាចវាយតម្លៃថាតើស្រ្តីស្លៀកពាក់បានត្រឹមត្រូវឬទេ មានបង្ហាញសក់ច្រើនពេកឬអត់ ខោនិងអាវធំរបស់ស្រ្តីខ្លីពេកឬជិតសមឬទេ។ ការដាក់ទណ្ឌកម្មចំពោះការបំពានច្បាប់នេះរួមមាន ការដាក់ពន្ធនាគារ ឬការផាកពិន័យ។ ក្នុងឆ្នាំ 2014 ស្ត្រីជនជាតិអ៊ីរ៉ង់បានចាប់ផ្តើមចែករំលែករូបថត និងវីដេអូពួកគេជាសាធារណៈប្រឆាំងនឹងច្បាប់ Hijab ដែលជាផ្នែកនៃយុទ្ធនាការតវ៉ាតាមអ៊ីនធឺណិតដែលមានឈ្មោះថា “My Stealthy Freedom” ។ ចាប់តាំងពីពេលនោះមក បានបំផុសចលនាផ្សេងទៀត រួមទាំង “White Wednesdays” និង “Girls of Revolution Street” ។ ស្នងការជាន់ខ្ពស់ស្តីទីអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រី Nada al-Nashif បាន ព្រមានថាអាជ្ញាធរអាចនឹង “ការប្រើប្រាស់កម្លាំងដែលមិនចាំបាច់ ឬមិនសមាមាត្រ” ចំពោះចលនាតវ៉ានេះ។ អង្គការHengaw មានមូលដ្ឋាននៅប្រទេសន័រវេសដែលឃ្លាំមើលសិទ្ធិមនុស្សនៅក្នុងតំបន់បានអោយដឹងថាក្មេងប្រុសអាយុ 16 ឆ្នាំនិងបុរសអាយុ 23 ឆ្នាំម្នាក់ត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខបាន បាញ់ប្រហារទៅលើអ្នកតវ៉ាកាលពីយប់ថ្ងៃអង្គារនៅ Piranshahr និង Urmia ។ អង្គការនេះក៏បានរាយការណ៍ផងដែរថា កងកម្លាំងសន្តិសុខបានបាញ់សម្លាប់ស្ត្រីម្នាក់នៅកន្លែងតវ៉ាមួយនៅក្នុងខេត្ត Kermanshah ដែលនៅជិតខាង។ យោងតាមប្រភពដដែលថាមានបាតុករប្រុសបីនាក់ត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខក្នុងខេត្ត Kurdistan កាលពីថ្ងៃច័ន្ទ ម្នាក់នៅ Saqez ទីក្រុងកំណើតរបស់លោកស្រី Amini និងពីរនាក់ទៀតនៅក្នុងទីប្រជុំជន Divandarreh និង Dehgolan ។ បុរស​ម្នាក់​ទៀត​ដែល​ត្រូវ​បាន​គេ​បាញ់​នៅ Divandarreh នៅ​ថ្ងៃ​នោះ​បាន​ស្លាប់​ដោយសារ​របួស​របស់​គាត់​កាល​ពី​ថ្ងៃ​ពុធ។ មិនមានការបញ្ជាក់អំពីការស្លាប់ទាំងនោះពីអាជ្ញាធរនោះទេ ប៉ុន្តែព្រះរាជអាជ្ញានៅទីក្រុង Kermanshah បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Tasnim ថាមនុស្សពីរនាក់ត្រូវបានសម្លាប់ពី “បទប្រឆាំងបដិវត្តន៍” កាលពីថ្ងៃអង្គារ។ជាមួយគ្នានេះដែរ ទីភ្នាក់ងារព័ត៌មានរដ្ឋ Irna បាននិយាយថា ជំនួយការប៉ូលិសម្នាក់បានស្លាប់ដោយសាររបួស នៅក្នុងការប៉ះទង្គិចគ្នាដោយហិង្សាជាមួយក្រុមអ្នកតវ៉ានៅទីក្រុង Shiraz ភាគខាងត្បូងកាលពីថ្ងៃអង្គារ។ នៅទីក្រុងតេអេរ៉ង់ វីដេអូដែលបានបង្ហោះតាមអ៊ិនធរណេតបានបង្ហាញពីស្ត្រីដោះកន្សែងគ្របក្បាល ហើយស្រែកថា “ស្លាប់ទៅជនផ្តាច់ការ” ពួកគេស្រែកដដែលៗសំដៅទៅលើមេដឹកនាំកំពូលអ៊ីរ៉ង។ អ្នក​ខ្លះ​ទៀត​បាន​ស្រែក​ថា “យុត្តិធម៌ សេរីភាព មិន​ចាំបាច់​មាន​ហ៊ីចាបទេ”។ ស្ត្រី​ម្នាក់​ដែល​បាន​ចូល​រួម​ក្នុង​ការ​តវ៉ា​កាល​ពី​ថ្ងៃ​ចន្ទ​ក្នុង​ទីក្រុង Rasht ភាគ​ខាង​ជើង​បាន​បង្ហាញ​រូបថត​មាន​ស្នាម​ជាំ​ដែលរង​របួស​ដោយសារ​ត្រូវ​​ប៉ូលិស​​វាយ​នឹង​ដំបង និង​ទុយោទឹក។នាង​បាន​និយាយ​ថាប៉ូលិសបាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក។ «យើង​បាន​រត់​ចេញ​ហើយ ប៉ុន្តែប៉ូលិស​បាន​​វាយ​ខ្ញុំ ពួកគេ​ហៅ​ខ្ញុំថា​ជា​ស្រី​ពេស្យា ហើយ​និយាយ​ថាខ្ញុំ​ចុះតាម​ផ្លូវ​ដើម្បី​លក់​ខ្លួន។ ស្ត្រីម្នាក់ទៀតដែលតវ៉ានៅកណ្តាលទីក្រុង Isfahan បានប្រាប់ BBCថា “ពេលដែលខ្ញុំងើយក្បាលទៅលើមេឃ ខ្ញុំមានអារម្មណ៍រំជួលចិត្តណាស់ដែលត្រូវបានបុរសៗផ្សេងទៀតហ៊ុំព័ទ្ធការពារខ្ញុំ។ ខ្ញុំមានអារម្មណ៍ល្អណាស់ដែលបានឃើញការរួបរួមបែបនេះ។ ខ្ញុំសង្ឃឹមថា ពិភពលោក​គាំទ្រ​យើង»។ អភិបាលក្រុង Tehran លោក Mohsen Mansouri បាននិយាយកាលពីថ្ងៃអង្គារថា ការតវ៉ាត្រូវបានរៀបចំដោយមានរបៀបវារៈច្បាស់លាស់ ដើម្បីបង្កើតភាពចលាចល ហើយបានចោទប្រកាន់ក្រុមអ្នកតវ៉ាថាបានយកការស្លាប់របស់លោកស្រី Amini ប្រើប្រាស់ជា “លេស” និងជាពួកបំបែកខ្លួនជនជាតិឃឺដ និងប្រឌិតរឿងរិះគន់រដ្ឋាភិបាល។

ប្រភព៖BBC News, 22 September 2022

Share

Image
Image
Image