en     km
en     km

ក្រុមអ្នកជំនាញ UN ចាកចេញទៅពិនិត្យរោងចក្រនុយក្លេអ៊ែរ Zaporizhzhia

Share

តាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានអោយដឹងថាក្រុមអធិការកិច្ចមកពីអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិកំពុងធ្វើដំណើរទៅកាន់រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia នៅប្រទេសអ៊ុយក្រែនដែលរងការវាយប្រហារដោយសង្គ្រាម។

 

លោក Rafael Grossi អគ្គនាយកនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បាននិយាយថា ក្រុមអធិការកិច្ចនេះនឹងទៅដល់រោងចក្រនុយក្លេអ៊ែរ Zaporizhzhiaនៅចុងសប្តាហ៍នេះ។លោក Rafael Grossi ​បាន​សរសេរ​លើ Twitter ថា​៖ «​យើង​ត្រូវតែ​ការពារ​សុវត្ថិភាព និង​សន្តិសុខ​នៃ​រោងចក្រ​នុយក្លេអ៊ែរ​ដ៏ធំ​បំផុត​របស់​អ៊ុយក្រែន និង​អឺរ៉ុប។

រោងចក្រនុយក្លេអ៊ែរត្រូវបានកាន់កាប់ដោយការឈ្លានពានរបស់ទាហានរុស្ស៊ីចាប់តាំងពីខែមីនា។ការប្រយុទ្ធ​គ្នានៅជុំវិញកន្លែងផលិតឋាមពលនៅភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែនបាននាំឱ្យមានការព្រួយបារម្ភជាសកលលើសុវត្ថិភាព និងសន្តិសុខនៃទីតាំងនោះ។អ៊ុយក្រែន និង​រុស្ស៊ី​បាន​ចោទ​គ្នា​ទៅ​វិញ​ទៅ​មក​ពី​ការ​បាញ់​ផ្លោង​នៅ​តំបន់​រោងចក្រ​នុយក្លេអ៊ែរនោះ។គ្មានប្រភពណាមួយអាច​បញ្ជាក់​ដោយ​ឯករាជ្យ​ថា​ភាគី​ណា​ជា​អ្នក​ទទួល​ខុស​ត្រូវនោះទេ។

 

យោធារបស់រុស្ស៊ីបានកាន់កាប់រោងចក្រនេះនៅដើមខែមីនា ប៉ុន្តែ​រោងចក្រ​នុយក្លេអ៊ែរនៅដំណើរការនៅឡើយ ក្រោមការមើលថែរដោយបុគ្គលិកអ៊ុយក្រែនក្នុងលក្ខខណ្ឌដ៏លំបាក។វិមានក្រឹមឡាំងធ្លាប់បាននិយាយ​ថាខ្លួននឹងអនុញ្ញាតឲ្យតែអធិការអន្តរជាតិតែប៉ុណ្ណោះ អាចចូលពិនិត្យអគារ​រោងចក្រ​នុយក្លេអ៊ែរ​នេះ ដូច្នេះដំណើរទស្សនកិច្ចរបស់ IAEA នៅពេលនេះជាពេលវេលាដ៏សំខាន់មួយក្នុងការផ្ទៀងផ្ទាត់នូវអ្វីដែលកំពុងកើតឡើងនៅ​រោងចក្រ​នុយក្លេអ៊ែរនោះ។

 

អគ្គនាយក IAEA បាននិយាយថា “ស្ទើរតែរាល់ថ្ងៃមានការផ្ទុះអាវុធនៅទីនោះ ឬក្បែររោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ។ យើងមិនអាចអូសបន្លាយពេលវេលាទៀតទេ” ។

អ្នកជំនាញនិយាយថា ការបាញ់ផ្លោងជុំវិញរោងចក្រមិនមែនជាកង្វល់ចម្បងនោះទេ ដោយសាររោងចក្រនេះមានជញ្ជាំងការពារក្រាស់។

ទោះ​ជា​យ៉ាង​ណា ការ​កាត់​ផ្តាច់​ការ​ផ្គត់ផ្គង់​ចរន្ត​អគ្គិសនី​គឺ​ប្រឈម​នឹង​គ្រោះថ្នាក់ខ្លាំង។ ការកាត់ផ្ដាច់អគ្គិសនីដល់ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ និងម៉ាស៊ីនភ្លើងបម្រុង មានន័យថាគ្មានថាមពលសម្រាប់ម៉ាស៊ីនបូមទឹកដែលធ្វើឲ្យត្រជាក់ស្នូលរ៉េអាក់ទ័រក្តៅ ដូច្នេះនាំឱ្យប្រេងឥន្ធនៈចាប់ផ្តើមរលាយ។

ប្រភព៖ BBC ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២

Share

Image
Image
Image