តំបន់អឺរ៉ុបខាងលិចប្រឈមនឹងសីតុណ្ហភាពក្តៅកាន់តែខ្លាំងនៅថ្ងៃអង្គារនេះ ខណៈដែលរលកកម្ដៅដ៏ខ្លាំងកំពុងឆ្ពោះទៅភាគខាងជើងនៃអឺរ៉ុប។ព័ត៌មានពិស្ដាររាយការណ៍ដោយលោក ឡាក់ ច័ន្ទតារា
ប្រទេសបារាំង និងចក្រភពអង់គ្លេស បានចេញការព្រមានអំពីកំដៅខ្លាំង ខណៈដែលភាគខាងជើងប្រទេសអេស្ប៉ាញមានសីតុណ្ហភាពកើនដល់ 43Cកាលពីថ្ងៃចន្ទ។ភ្លើងឆេះព្រៃនៅប្រទេសបារាំង ព័រទុយហ្គាល់ អេស្បាញ និងក្រិច បានបង្ខំឱ្យមនុស្សរាប់ពាន់នាក់ជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ។
ចក្រភពអង់គ្លេសត្រូវបានគេរំពឹងថានឹងមានកម្ដៅថ្ងៃក្តៅបំផុតមិនធ្លាប់មាន ហើយអ្នកជំនាញនិយាយថាផ្នែកខ្លះនៃប្រទេសបារាំងប្រឈមនឹង “កំដៅខ្លាំង” ។
ការិយាល័យអាកាសធាតុបារាំងបានអោយដឹងថា មានផ្នែកជាច្រើននៃប្រទេសបារាំងបានកើនកម្ដៅថ្ងៃក្តៅខ្លាំងបំផុតមិនធ្លាប់មានដូចជាភាគខាងលិចទីក្រុង Nantes មានសីតុណ្ហភាព 42C ។
ភ្លើងឆេះព្រៃប៉ុន្មានថ្ងៃថ្មីៗនេះបានបង្ខំមនុស្សជាង 30,000 នាក់(៣ម៉ឺននាក់)ឱ្យភៀសខ្លួន ទៅរកកន្លែងមានសុវត្ថិភាព។
Gironde ដែលជាតំបន់ទេសចរណ៍ដ៏ពេញនិយមមួយនៅភាគនិរតីបានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយក្រុមពន្លត់អគ្គីភ័យកំពុងព្យាយាមពន្លត់ភ្លើងដែលបានបំផ្លាញផ្ទៃដីជាង 15,000 ហិចតា(១ម៉ឺន៥ពាន់ហិចតា) កាលពីថ្ងៃអង្គារ។
លោក Jean-Luc Gleyze ប្រធានតំបន់ Gironde បាននិយាយថា “តាមខ្ញុំគិតវាគឺជាបិសាច” ។
ចក្រភពអង់គ្លេសមានកម្ដៅខ្លាំងបំផុតកាលពីថ្ងៃច័ន្ទកម្រិត38.1C នៅទីក្រុង Suffolk ភាគខាងកើតប្រទេសអង់គ្លេស។ ក្រុមអ្នកព្យាករណ៍បាននិយាយថានៅថ្ងៃអង្គារកម្ដៅអាចឡើងដល់ 40C ដែលជាសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មាននៅអង់គ្លេស។ការធ្វើដំណើរដោយរថភ្លើង និងជើងហោះហើរនៅអាកាសយានដ្ឋាន Luton ក្នុងទីក្រុងឡុងដ៍ត្រូវបានផ្អាក ក្រោមហេតុផលដោយសារមានកម្ដៅខ្លាំង។
កាលពីថ្ងៃចន្ទ ប្រទេសហូឡង់មានកំដៅថ្ងៃក្តៅបំផុតប្រចាំឆ្នាំ។ នៅទីក្រុង Westdorpe ភាគនិរតី សីតុណ្ហភាពឡើងដល់ 33.6C។នៅថ្ងៃអង្គារគេប៉ាន់ស្មានថាកម្ដៅនឹងកើនឡើងដល់ 39C នៅតំបន់ភាគខាងត្បូង និងភាគកណ្តាលនៃប្រទេសហូឡង់។
ក្រុមអ្នកព្យាករណ៍បាននិយាយថា រលកកម្ដៅកំពុងឆ្ពោះទៅភាគខាងជើង ដែលប្រទេសបែលហ្ស៊ិក អាល្លឺម៉ង់ និងអ៊ីតាលី នឹងអាចមានស៊ីតុណ្ហភាពប្រហែល 40C ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។
នៅប្រទេសអេស្បាញ និងព័រទុយហ្គាល់ មានមនុស្សស្លាប់ជាង 1,000នាក់ ដែលត្រូវបានគេសន្មត់ថាបានស្លាប់ដោយសារកម្ដៅថ្ងៃកើនឡើងនាប៉ុន្មានថ្ងៃថ្មីៗនេះ។
សីតុណ្ហភាពក្នុងប្រទេសព័រទុយហ្គាល់បានឡើងដល់ 47C កាលពីថ្ងៃព្រហស្បតិ៍ ដែលជាកំណត់ត្រាមួយសម្រាប់ខែកក្កដានេះ។ ការិយាល័យឧតុនិយមជាតិ IPMA បានប្រកាសភាពអាសន្ននៃកំដៅភ្លើងឆេះព្រៃខ្លាំង។ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថាមនុស្ស 300 នាក់មកពីក្រុង Murça ភាគខាងជើងត្រូវបានជម្លៀសចេញដោយសារតែភ្លើងឆេះព្រៃ។
នៅប្រទេសអេស្ប៉ាញ យ៉ាងហោចណាស់មានភ្លើងឆេះ២០កន្លែងកំពុងឆាបឆេះមិនអាចគ្រប់គ្រងបាន។ អ្នកដំណើរម្នាក់បានថតពេលកំពុងធ្វើដំណើរតាមរថភ្លើង ខណៈដែលភ្លើងបានឆាបឆេះនៅសងខាងនៃទូរថភ្លើងនៅភាគខាងជើងជាប់ព្រំដែនប្រទេសព័រទុយហ្គាល់។ រលកកម្ដៅកើតមានកាន់តែញឹកញាប់ កាន់តែខ្លាំង និងអូសបន្លាយកាន់តែយូរ ដោយសារកក្តាប្រែប្រួលអាកាសធាតុដែលបណ្ដាលមកពីមនុស្ស។ ពិភពលោកបានឡើងកំដៅប្រហែល 1.1C ចាប់តាំងពីយុគសម័យឧស្សាហកម្មបានចាប់ផ្តើម ហើយសីតុណ្ហភាពនឹងបន្តកើនឡើងទៀត លុះត្រាតែរដ្ឋាភិបាលជុំវិញពិភពលោកធ្វើការកាត់បន្ថយការបំភាយឧស្ម័ន។