en     km
en     km

កូដករណាហ្គាវើលដ៍ច្រានចោលការលើកឡើងរបស់ក្រុមហ៊ុនដែលថាខាតប្រាក់ទើបកាត់បុគ្គលិក

Share

ភ្នំពេញ៖ កូដករនៃក្រុមហ៊ុនណាហ្គាវើលដ៍នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្តីបំភ្លឺរបស់ខ្លួន ដោយច្រានចោលការលើកឡើងរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ដែលថា ការកាត់បន្ថយបុគ្គលិកនិងសហជីពចេញពីក្រុមហ៊ុនដោយសារតែអាជីវកម្មធ្លាក់ចុះ ហើយក្រុមហ៊ុនខាតបង់ប្រាក់ច្រើនលានដុល្លារក្នុងអំឡុងនៃការរាតត្បាតជំងឺកូវីដ១៩។

លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ

 

ការច្រានចោលត្រង់ចំណុចដែលក្រុមហ៊ុនលើកឡើងពីការខាតបង់ប្រាក់នេះ ខាងកូដករបានបង្ហាញពីរបាយការណ៍ប្រាក់ចំណេញរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ដោយរកឃើញថា ក្នុងឆ្នាំ២០១៨ ក្រុមហ៊ុនទទួលបានប្រាក់ចំណេញសុទ្ធ៣ ៩០.៦លានដុល្លារអាមេរិក។ ចំណែកឆ្នាំ ២០១៩ ចំណេញបាន ៥២១.៣លានដុល្លារ ហើយឆ្នាំ ២០២០នៅតែចំណេញបាន ១០២.៣លានដុល្លារ។

ជាងនេះ ខាងកូដករទាញហេតុផលថា ក្រុមហ៊ុននៅតែចំណេញនឹងមិនមានការខាតបង់ប្រាក់ចំណូលនោះទេ ព្រោះកូដករមានភស្តុតាងថា ក្រុមហ៊ុននៅតែបន្តសាងសង់អាគារណាហ្គាទីបីបន្ថែមទៀត ដែលនេះបញ្ជាក់ថា ក្រុមហ៊ុននៅតែមានប្រាក់ចំណេញទោះបីមានបញ្ហាកូវីដ-១៩ក៏ដោយ។

មួយទៀតដែល ខាងកូដករលើកឡើងថា ក្នុងអំឡុងពេលកូវីដខាងក្រុមហ៊ុបានកាត់បន្ថយម៉ោងការងារនិងកាត់បន្ថយប្រាក់ខែបុគ្គលិក ដែលប្រការនេះធ្វើឱ្យពួកគេហ៊ានអះអាងថា ក្រុមហ៊ុនពុំមានអ្វីខាតបង់ប្រាក់ច្រើនលើសលុបដូចការលើកឡើងក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនណាហ្គាវើលដ៍ដែលប្រកាសថា ក្នុងឆមាសទី១ នៃឆ្នាំ២០២១ ក្រុមហ៊ុនខាតបង់ ៧៧ លានដុល្លារនោះទេ។

សកម្មភាពធ្វើកូដកម្មរបស់បុគ្គលិកណាហ្គាវើលដ៍។

 

វិទ្យុស្រ្តីពុំទាន់អាចស្វែងរកការបំភ្លឺបន្ថែមពីក្រុមហ៊ុនលើរឿងនេះបាននៅឡើយទេថ្ងៃនេះ។

ប៉ុន្តែបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនគ្មានកាលបរិច្ឆេទ ដែលចុះផ្សាយនៅសារព័ត៌មានFreshnews កាលពីថ្ងៃទី២៣ ខែ មករាឆ្នាំ២០២២ ឱ្យដឹងថា ក្រុមហ៊ុនបានកត់ត្រាការខាតបង់សុទ្ធចំនួន ៧៧ លានដុល្លារអាមេរិកនៅឆមាសទី១ ឆ្នាំ២០២១ ដោយសារបញ្ហាជំងឺកូវីដ ១៩។ ការខាតបង់នេះក្រុមហ៊ុនណាហ្គាវើលដ៍ឈានទៅសម្រេចកាត់បន្ថយបុគ្គលិក និង សមាជិកសហជីពមានទាំងខ្មែរនិងបរទេសដោយគ្មានការរើសអើងដូចការលើកឡើងរបស់កូដករនោះទេ។

ប៉ុន្តែសេចក្តីបំភ្លឺរបស់ក្រុមកូដករបញ្ជាក់ថា ការកាត់បន្ថយបុគ្គលិកនិងសមាជិកសហជីពធ្វើឡើងដោយមានការរើសអើង ចង់បំផ្លាញសំឡេងតវ៉ាតែប៉ុណ្ណោះ ព្រោះកន្លងមកសហជីពតែងចេញមុខតវ៉ាជាមួយក្រុមហ៊ុនទាមទារផលប្រយោជន៍ជូនកម្មករ។

កញ្ញា អ៊ុក សុភ័ក្រម៉ូនីកា កូដករនៃក្រុមហ៊ុនណាហ្គាវើលដ៍ប្រាប់វិទ្យុស្រ្តីបន្ថែមលើសេចក្តីបំភ្លឺនេះថា ខាងកូដករទទូចឱ្យមានការដោះលែងតំណាងរបស់ពួកគេទាំង ៨ នាក់មកវិញ ដើម្បីពន្លឿនការចរចារកដំណោះស្រាយឱ្យបានឆាប់រហ័ស។  កញ្ញាបញ្ជាក់ថា ការចរចាណាមួយអាចកើតមានឡើងបាន លុះត្រាតំណាងរបស់ពួកគេត្រូវដោះលែងជាមុនសិន។ កញ្ញា ម៉ូនីកា ក៏ស្នើដល់ភាគីក្រុមហ៊ុនត្រូវបន្ទន់ឥរិយាបថបែរមុខចូលចរចា។

កញ្ញា អ៊ុក សុភ័ក្រម៉ូនីកា សមាជិកសហជីពនិងជាបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ផ្តល់កិច្ចសម្ភាសន៍នៅកន្លែងធ្វើកូដកម្មក្បែរស្ងានទូតអូស្រ្តាលី។

 

ជាការកត់សម្គាល់ កាលពីពេលថ្មីៗនេះ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានបង្ហើបសារជំរុញឱ្យភាគីវិវាទត្រូវបែរមុខរកគ្នា ដើម្បីឈានទៅរកតុចរចារកដំណោះស្រាយ។ ការបង្ហើបសារពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលនេះ កើតឡើងបន្ទាប់ពីក្រុមកូដករបានដាក់ញត្តិតាមបណ្តាស្ថានទូតបរទេសចំនួន១៤ ដើម្បីជំរុញឱ្យមានកិច្ចអន្តរាគមន៍ដោះលែងតំណាងទាំង ៨រូប និងការដោះស្រាយវិវាទនេះ។

វិវាទរវាងបុគ្គលិកនិងក្រុមហ៊ុនណាហ្គាវើលដ៍បានផ្ទុះឡើងតាំងពីខែឧសភាឆ្នាំ២០២១មក ដោយការចរចានៅសាលារាជធានីភ្នំពេញ នៅក្រសួងការងារ និងនៅក្រុមប្រឹក្សាអាជ្ញារកណ្តាលសុទ្ធតែរងបរាជ័យ។ រហូតដល់ពាក់កណ្តាលខែធ្នូឆ្នាំ២០២១ក្រុមបុគ្គលិកក៏សម្រេចចេញធ្វើកូដកម្ម។ តែការធ្វើកូដកម្មនេះត្រូវរងការឃាត់ខ្លួនហើយរហូតមកដល់បច្ចុប្បន្ននេះមានតំណាងសហជីពនិងបុគ្គលិកចំនួន៨ នៅជាប់ឃុំឃាំងនៅឡើយ។ ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ បានថ្កោលទោសការឃុំខ្លួនបុគ្គលិកណាហ្គាវើលដ៍ថា ធ្វើឡើងដោយរំលោភសិទ្ធិមនុស្ស និងសិទ្ធិកម្មករ។

ប៉ុន្តែមន្រ្តីរាជរដ្ឋាភិបាលបដិសេធការលើកឡើងនេះ ដោយថា ការចាប់ខ្លួននិងចោទប្រកាន់បុគ្គលិកណាហ្គាវើលដ៍អាជ្ញាធរ និងតុលាការមានមូលដ្ឋានភស្តុតាង និងច្បាប់ច្បាស់លាស់៕

 

Share

Image
Image
Image