ភ្នំពេញ៖ សមត្ថកិច្ចកម្ពុជាប្រចាំច្រកព្រំដែនបាវិត និងនគរបាលខេត្តស្វាយរៀងបានបញ្ជូនជនជាតិវៀតណាមចំនួន ២២នាក់ ដែលបានចូលមករស់នៅលើទឹកដីកម្ពុជាខុសច្បាប់ឱ្យត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ។ នេះបើតាមការឱ្យដឹងលើទំព័រហ្វេសប៊ុកអគ្គនាយកដ្ឋានអន្តោប្រវេសន៍កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។
លោកឧត្តមសេនីយ៍ត្រី ថោង វណ្ណៈ ស្នងការរងនគរបាលខេត្តស្វាយរៀងឱ្យដឹងថា ក្នុងចំណោមជនជាតិវៀតណាមចំនួន ២២នាក់ មានស្រីចំនួន ០៤នាក់។ លោកបន្តថា ពួកគេបានល្មើសនឹងបទជ្រៀតចូលប្រទេស និងស្នាក់នៅខុសច្បាប់នៅកម្ពុជា ដោយគ្មានលិខិតស្នាមត្រឹមត្រូវ។

លោកឧត្តមសេនីយ៍ត្រីរូបនេះបន្ថែមថា ជនជាតិវៀតណាមទាំង២២នាក់នេះ ត្រូវបានប្រគល់ទៅប៉ុស្តិ៍កងទ័ពការពារព្រំដែនអន្តរជាតិ ម៉ុកបាយ ប្រទេសវៀតណាម។
តាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ស្តីពីការបង្ក្រាប និងបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ចាប់ពីឆ្នាំ២០១៤ រហូតដល់ខែឧសភា ឆ្នាំ២០២១ ឱ្យដឹងថា អាជ្ញាធរកម្ពុជាបានបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ចេញពីកម្ពុជាសរុបជាង ១ម៉ឺន ៨ពាន់នាក់ ក្នុងនោះមានដល់ទៅជាង ១០០សញ្ជាតិឯណោះ៕